ថ្ងៃព្រហស្បតិ៍ ទី២៨ ខែមីនា ឆ្នាំ២០២៤

អគ្គលេខាធិការអាស៊ាន បញ្ចប់ទស្សនកិច្ចកម្ពុជា នៅថ្ងៃនេះ ក្រោយជួបថ្នាក់ដឹកនាំកម្ពុជាច្រើនស្ថាប័ន

២០ មករា ២០២២ | ព័ត៌មានជាតិ

 


នៅថ្ងៃទី១៧ ខែមករា ឯកឧត្តម Lim Jock Hoi បានទទួលការអនុញ្ញាតពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម Lim Jock Hoi អគ្គលេខាធិការអាស៊ាន។ ក្នុងជំនួបនោះ សម្ដេចតេជោបានលើកឡើងពីគំនិតផ្តួចផ្តើមរប់សម្ដេច ក្នុងការបង្កើតយន្តការដើម្បីជួយមីយ៉ាន់ម៉ាឲ្យមានដំណោះស្រាយសមស្រប ដោយយន្តការនេះ ត្រូវមានការចូលរួមពីភាគីសំខាន់ៗ គឺប្រធានអាស៊ានឆ្នាំ២០២២នេះ ប្រធានអាស៊ានឆ្នាំមុន ប្រធានអាស៊ានឆ្នាំក្រោយ និង អគ្គលេខាធិការអាស៊ាន ដើម្បីធ្វើការងារជាមួយគ្នា ក្នុងការជំរុញ និងការតាមដានស្ថានការណ៍នៅមីយ៉ាន់ម៉ា។

 

 

ឯកឧត្តម Lim Jock Hoi បានសន្យាជូនសម្តេច ហ៊ុន សែន ថានឹងធ្វើការជាមួយកម្ពុជា ជាប្រធានអាស៊ាន ក៏ដូចជាវិស័យផ្សេងទៀត ដែលកម្ពុជាដឹកនាំ ដោយក្នុងនោះ មានទាំងបញ្ហាកូវីដ-១៩ ផងដែរ។ លោក បានគាំទ្រគំនិតផ្ដួចផ្ដើមរបស់កម្ពុជា ជាពិសេសគោលបំណងរបស់កម្ពុជា ដែលបានអនុវត្តស្របនឹងកិច្ចព្រមព្រៀងជាឯកច្ឆន្ទទាំង៥ចំណុច ក្នុងការស្វែងរកដំណោះស្រាយនៅមីយ៉ាន់ម៉ា។ ភាគីទាំពីរក៏បានពិភាក្សាអំពីការជំរុញពន្លឿនការចូលជាសមាជិកភាពរបស់ទីម័រ និងបញ្ហាសមុទ្រចិនខាងត្បូងផងដែរ។

 

 

នៅថ្ងៃដដែលនោះ ឯកឧត្តម លឹម ចុក ហ៊ុយ បានបន្តជួបពិភាក្សាការងារជាមួយឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា។ ដ្បិតមិនទាន់លទ្ធផលចេញផ្សាយផ្លូវការ ប៉ុន្តែប្រមុខការទូតកម្ពុជាបានបង្ហោះលើទំព័រហ្វេសប៊ុកថា ភាគីទាំងពីរបានពិភាក្សាលើបញ្ហាមួយចំនួនខណៈដែលកំពុងត្រៀមរៀបចំកិច្ចប្រជុំអាស៊ានធំៗនាពេលខាងមុខនេះ ព្រមទាំងបន្តមានសុទិដ្ឋិនិយមលើអនាគតរបស់អាស៊ាន ទោះបីជាកំពុងប្រឈមនឹងបញ្ហាមួយចំនួនក្តី ពីព្រោះភាគីទាំងពីរដឹងច្បាស់ថាស្មារតីសាមគ្គីភាព និងការរួបរួមគ្នារបស់អាស៊ាន នឹងយកឈ្នះរាប់គ្រប់ឧបសគ្គ។

 

 

បន្ទាប់មក ឯកឧត្តម បានអញ្ជើញជួបពិភាក្សាការងារជាមួយសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ។  បើតាមហ្វេសប៊ុកសម្ដេចពិជ័យ ឯកឧត្តម អគ្គលេខាធិការ បានប្ដេជ្ញាជួយគាំទ្រដល់កម្ពុជាធ្វើម្ចាស់ផ្ទះកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ឆ្នាំ២០២២នេះ ឱ្យដំណើរការបានរលូន និងទទួលលទ្ធផលជាផ្លែផ្កា។ 

 

ឯកឧត្តមអគ្គលេខាធិការក៏បានបន្តជួបពិភាក្សាជាមួយឯកឧត្តម អូន ព័នមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ជាជំនួបដែលត្រូវបានក្រសួងសេដ្ឋកិច្ច បរិយាយក្នុងសេចក្ដីប្រកាសព័ត៌មានថា រដ្ឋមន្រ្តីសេដ្ឋកិច្ចកម្ពុជាបានគូសបញ្ជាក់អំពីការត្រៀមរៀបចំកិច្ចប្រជុំសំខាន់ៗពាក់ព័ន្ធសេដ្ឋកិច្ចអាស៊ាន និងការកំណត់អាទិភាពក្នុងឋានៈជាប្រធានអាស៊ាន គឺការស្ដារឡើងវិញ ការកសាងភាពធន និងការធ្វើការរួមគ្នា។

 

បន្តាប់មក នៅថ្ងៃទី១៨ ខែមក ឯកឧត្តម Lim Jock Hoi បានបន្តជួបជាមួយរដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន។ ក្នុជំនួបនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានគូសបញ្ជាក់ពីអាទិភាពនៃការកសាង និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងសារសំខាន់នៃវិស័យអាទិភាពទាំងបួនរួមមាន ទឹក អគ្គិសនី ផ្លូវ និងធនធានមនុស្សដើម្បីកសាង និងអភិវឌ្ឍប្រទេសកម្ពុជាឱ្យមានការរីកចម្រើន។ ឯកឧត្តមអគ្គលេខាធិការអាស៊ាន ក៏បានកោតសរសើរការសម្រេចបានជោគជ័យសំខាន់ៗលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នៅកម្ពុជា ព្រមទាំង សង្ឃឹមថាក្នុងរយៈពេល ១០ឆ្នាំខាងមុខទៀត ទីក្រុងរបស់កម្ពុជានឹងមានការរីកដុះដាលដូចបណ្តាទីក្រុងផ្សេងទៀតនៅបណ្តាតំបន់អាស៊ាន។

 

ចេញពីវិស័យសាធារណការ អគ្គលេខាធិការអាស៊ាន បានបន្តពិភាក្សាលើប្រធានបទវិស័យអប់រំ ដោយបានជួបជាមួយឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន។ ភាគីទាំងពីរបានពិភាក្សាទៅលើភាពជាប្រធានអាស៊ានរបស់កម្ពុជា ផ្នែកសហគមន៍សង្គម-វប្បធម៌ និងបានប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការ និងការសម្របសម្រួលនានារវាងលេខាធិការដ្ឋានអាស៊ាន និងវិស័យទាំងអស់នៅក្រោមសហគមន៍សង្គម-វប្បធម៌ ដើម្បីធានាថា ភាពជាប្រធានអាស៊ានរបស់កម្ពុជា សម្រាប់ឆ្នាំ២០២២ នឹងសម្រេចបានជោគជ័យ និងលទ្ធផលល្អប្រសើរ។

 

ក្នុងដំណើរទស្សនកិច្ចកម្ពុជាដែលជាប្រធានអាស៊ានឆ្នាំ២០២២នេះដែរ ឯកឧត្តមអគ្គលេខាធិការអាស៊ាន ក៏បានជួបពិភាក្សាការងារជាមួយរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងបានចូលរួមវេទិកាទេសចរណ៍អាស៊ាននៅខេត្តព្រះសីហនុ ក្រោមអធិបតីភាពសម្ដេចតេជោកាលពីថ្ងៃម្សិលមិញផដែរ៕
 

 

អត្ថបទ៖ រ៉េន រតនៈ  រូបភាព៖ ឯកសារ 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024