ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤

មន្រ្ដីជំនាញ៖ ស្រ្ដីក្នុងវ័យបន្ដពូជ ១៤ភាគរយ មានទម្ងន់ក្រោមស្ដង់ដារ និង ៤៥ភាគរយ មានបញ្ហាស្លេកស្លាំង

២០ មករា ២០២២ | ព័ត៌មានជាតិ

 


លោកស្រីវេជ្ជបណ្ឌិត ប្រាក់ សោភ័ណ្ឌនារី រដ្ឋលេខាធិកាក្រសួងសុខាភិបាល លើកឡើងថា ស្រ្ដីក្នុងវ័យបន្ដពូជចំនួន ១៤ភាគរយ មានទម្ងន់ក្រោមស្ដង់ដារ និង ៤៥ភាគរយ មានបញ្ហាស្លេកស្លាំង និងស្រ្ដីក្នុងវ័យបន្ដពូជចំនួន ១៨ភាគរយ មានបញ្ហាលើសទម្ងន់ ដែលបណ្ដាលមកពីការពុំដឹងច្បាស់ថាប្រភេទអាហារណាខ្លះដែលសម្បូរសារជាតិចិញ្ចឹម បរិមាណអាហារ ដែលត្រូវបរិភោគ រួមនិងខ្វះការប្រឹក្សាពីអាហារូបត្ថម្ភ ដែលត្រឹមត្រូវ។

 


នៅក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលយុវជនជើងឯកអាហារូបត្ថម្ភស្តីពីមូលដ្ឋានគ្រឹះអាហារូបត្ថម្ភរបបអាហារសុខភាព សុវត្ថិភាពចំណីអាហារ ការបញ្ចូលមីក្រូសារជាតិក្នុងចំណីអាហារ និងស្លាកសញ្ញាផលិតផលចំណីអាហារ កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ លោកស្រីវេជ្ជបណ្ឌិត ប្រាក់ សោភ័ណ្ឌនារី រដ្ឋលេខាធិកាក្រសួងសុខាភិបាល លើកឡើងថា ផ្អែកលើលទ្ធផលការអង្កេតប្រជាសាស្រ្ដ និងសុខភាពឆ្នាំ២០១៤ បានបង្ហាញថា ស្រ្ដីក្នុងវ័យបន្ដពូជចំនួន ១៤ភាគរយ មានទម្ងន់ក្រោមស្ដង់ដារ និង៤៥ភាគរយ មានបញ្ហាស្លេកស្លាំង និងស្រ្ដីក្នុងវ័យបន្ដពូជចំនួន ១៨ភាគរយ មានបញ្ហាលើសទម្ងន់។

 

 

លោកស្រីវេជ្ជបណ្ឌិត បានឱ្យដឹងបន្ថែមថា ស្រ្ដីនៅក្នុងវ័យបន្ដពូជជាច្រើននាក់នៅកម្ពុជា មានទម្លាប់បរិភោគអាហារដែលគ្មានសារជាតិ ចិញ្ចឹមគ្រប់គ្រាន់ទាំងមុន ក៏ដូចជា ក្នុងអំឡុងពេល មានផ្ទៃពោះ និងក្នុងពេលបំបៅដោះកូន។

 


ទន្ទឹមនឹងនេះ ស្រ្ដីជាច្រើននាក់បានយល់ដឹងពីអ្វីដែលស្រ្ដីគួរធ្វើក្នុងអំឡុងពែលមានផ្ទៃពោះ ដូចជា បរិភោគអាហារដែលនាំមកនូវសុខភាពល្អ ប៉ុន្ដែពួកគេពុំបានដឹងច្បាស់ថា ប្រភេទអាហារបែបណាខ្លះ ដែលសម្បូរសារជាតិចិញ្ចឹម  បរិមាណអាហារប៉ុណ្ណាដែលត្រូវបរិភោគដែល នាំឱ្យស្រ្ដីមានផ្ទៃពោះមានសុខភាពល្អ និងសារៈសំខាន់នៃការឡើងទម្ងន់ក្នុងអំឡុងពេលមានផ្ទៃពោះ ដែលកត្តាទាំងនេះ អាចកើតមានឡើងដោយសារតែស្រ្ដីពុំបានទទួលការផ្ដល់ប្រឹក្សាអាហារូបត្ថម្ភឱ្យបានត្រឹមត្រូវ៕
 

 

 

 

 

 

អត្ថបទ៖ ជុំ ជោគជាតា  រូបភាព៖ ឯកសារ

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024