ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤

ផ្លូវថ្មើរជើងនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ត្រូវបានអ្នកលក់ដូរមួយចំនួន យកធ្វើជាកន្លែងលក់ដូររបស់ខ្លួន នៅពេលល្ងាច

២០ មករា ២០២២ | ព័ត៌មានជាតិ


នៅតាមបណ្តាផ្លូវថ្នើរជើងតាមមាត់ទន្លេរនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ សង្កេតឃើញថាមានអ្នកលក់ដូរជាច្រើននាំគ្នាលក់នៅតាមបណ្តាផ្លូវទាំងនោះ ស្របពេលអ្នកខ្លះមានបើកលក់ជាកន្លែងផឹកស៊ីនៅផ្លូវថ្នើរជើងនៅពេលរាត្រីបន្ថែមទៀត។ 

 

 

ការរៀបចំ និងបោះទីតាំងលក់បែបនេះ ហាក់មានភាពមិនប្រក្រតី ខណៈកន្លែងខ្លះមានបងប្អូនប្រជាពលរដ្ឋកំពុងអង្គុយលេងជួបជុំមិត្តភក្តិ ប៉ុន្តែត្រូវបានអ្នកលក់ដូរទាំងនោះដេញចេញ ដើម្បីរៀបចំកន្លែងលក់ដូររបស់ពួកគាត់ថែមទៀត។ 

 

 

ពាក់ព័ន្ធជាមួយបញ្ហានេះ អាជ្ញាធររាជធានីភ្នំពេញអះអាងថា មិនមានការអនុញ្ញាតឱ្យលក់នៅតាមផ្លូវថ្មើរជើងទាំងនោះទេ ប៉ុន្តែអ្នកលក់ដូរទាំងនោះហាក់មិនសហការជាមួយអាជ្ញាធរ ខណៈអ្នកខ្លះធ្លាប់ត្រូវបានអាជ្ញាធរហៅទៅពិន័យនៅតាមសង្កាត់របស់ពួកគេរួចរាល់ហើយ។ 

 

 

ជាក់ស្តែងនៅតាមបរិវេណផ្លូវថ្មើរជើងនៅក្នុងភូមិសាស្ត្រសង្កាត់ជ្រោយចង្វារ នៅតាមបណ្តោយសណ្ឋាគារសុខាភ្នំពេញ គឺសង្កេតឃើញថាមានអ្នកលក់ដូរមួយចំនួនបានបោះទីតាំងនៅតាមផ្លូវថ្មើរជើងដែលសម្រាប់អ្នកដើរហាត់ប្រាណ ក៏ដូចជាអង្គុយលេងស្រូបខ្យល់អាកាសពេលល្ងាច ដោយមានរៀបជាតុអង្គុយពេលផ្លូវសម្រាប់ដើរទាំងនោះ។ 

 

ជាមួយគ្នានេះ លោក កេត រតនា នាយករងរដ្ឋបាលខណ្ឌជ្រោយចង្វារប្រាប់ភីអិនអិនដែរថា ក្រុមការងារសណ្តាប់ធ្នាប់បានព្យាយាមមិនឱ្យពួកគាត់បោះទីតាំងលក់នៅតាមទីតាំងទាំងនោះទេ ប៉ុន្តែពួកគាត់តែងតែលួចរៀបលក់ចាប់ពីព្រលប់ ដែលក្រុមការងារសម្រាក។ លោកបន្ថែមថា ក្រុមការងារក៏បានចុះអប់រំ ណែនាំ និងចាប់ទៅសាលាខណ្ឌជារឿយៗ ប៉ុន្តែពួកគាត់ហាក់មិនសហការជាមួយការងារនេះនោះទេ។ 

 

លោកក៏បានបញ្ជាក់បន្ថែមថា មិនមានការអនុញ្ញាតឱ្យមានលក់ដូរនៅតាមចិញ្ចើមផ្លូវ ក៏ដូចជាផ្លូវថ្មើរជើងតាមមាត់ទន្លេនោះទេ ព្រោះវាជាទីកន្លែងសម្រាប់បងប្អូនប្រជាពលរដ្ឋដើរហាត់ប្រាណ ក៏ដូចជាដើរកម្សាន្ត។ ទន្ទឹមនឹងនេះ លោកថា នឹងមានការដាក់កម្លាំងបន្ថែមទៀត ដើម្បីត្រួតពិនិត្យពីបញ្ហានេះឡើងវិញ ប្រសិនបើមានចន្លោះប្រហោងណាមួយដែលមិនទាន់បានដោះស្រាយ និងបង្ករឱ្យមានភាពអាណាធិបតេយ្យបែបនេះកើតឡើង៕

 

 

អត្ថបទ៖ អ៊ីសា ហាសាណះ  រូបភាព៖ និន សុខលី

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024