ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤

ខេត្តចំនួន ៣ កម្ពុជា ជាប់ឈ្មោះជាទីក្រុងទេសចរណ៍ស្អាតអាស៊ាន

២០ មករា ២០២២ | ព័ត៌មានជាតិ

 

 

នៅក្នុងការប្រឡងប្រណាំងទីក្រុងទេសចរណ៍ស្អាតអាស៊ានលើកទី៣ នៅឆ្នាំនេះ បានបង្ហាញថា កម្ពុជាទទួលបានជ័យលាភីលេខ២ ផ្នែកទីក្រុងទេសចរណ៍ស្អាតជាងគេ នៅតំបន់អាស៊ាន បន្ទាប់ពីប្រទេសប្រ៊ុយណេ។ លទ្ធផលនោះ ក៏បានបង្ហាញថា  ខេត្តបាត់ដំបង ព្រះសីហនុ និងខេត្តសៀមរាប ជាប់ឈ្មោះជាទីក្រុងទេសចរណ៍ស្អាតជាងគេ នៅកម្ពជាផងដែរ។

 


ជ័យលាភីទីក្រុងទេសចរណ៍ស្អាតអាស៊ាន ២០២២-២០២៤ ឆ្នាំនេះ បង្ហាញថា ប្រទេសប្រ៊ុយណេ ជាប់ជ័យលាភីលេខ១ បន្ទាប់មកគឺ ប្រទេសកម្ពុជា ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន ថៃ និងប្រទេសវៀតណាម។ បន្ថែមលើនេះ ខេត្តចំនួន ៣របស់កម្ពុជា ដែលទទួលបានជ័យលាភី ទីក្រុងទេសចរណ៍ស្អាត និងឆ្នើម នៅក្នុងប្រឡងប្រណាំងនេះ បានទៅលើ ខេត្តបាត់ដំបង ព្រះសីហនុ និងខេត្តសៀមរាប។

 

 

តាមការជូនដំណឹងរបស់គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត រដ្ឋមន្រ្ដីទេសចរណ៍អាស៊ាននឹងប្រគល់រង្វាន់ទីក្រុងស្អាតអាស៊ានលើកទី៣ ឆ្នាំ២០២២-២០២៤នេះ ជូនដល់ទីក្រុងទេសចរណ៍ដែលទទួលបានជ័យលាភី និងទីក្រុងទេសចរណ៍ចំនួន ២១ផ្សេងទៀត នៅក្នុងតំបន់អាស៊ាន ដែលធ្វើឡើងក្នុងវេទិកាទេសចរណ៍អាស៊ាន នៅខេត្តព្រះសីហនុ។

 

 

គួរបញ្ជាក់ថា គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាតនៃក្រសួងទេសចរណ៍កម្ពុជា បាននឹងកំពុងជំរុញចលនាប្រឡងប្រណាំងទីក្រុងស្អាត ទាំងនៅកម្រិតថ្នាក់ជាតិ និងកម្រិតតំបន់អាស៊ាន ដើម្បីចូលរួមដល់ការជំរុញការកសាងទីក្រុងឆ្លាតវៃ (Smart City ) នៅក្នុងតំបន់អាស៊ាន។

 

 

ចំពោះស្ដង់ដារទីក្រុងទេសចរណ៍ស្អាតអាស៊ាន ត្រូវបានដឹកនាំរៀបចំឡើងដោយក្រសួងទេសចរណ៍កម្ពុជា និងគណៈកម្មាធិការជាតិ វាយតម្លៃទីក្រុងស្អាត តាំងពីឆ្នាំ២០១១ និងដោយមានការគាំទ្រពីរដ្ឋមន្រ្ដីទេសចរណ៍អាស៊ាន ហើយស្ដង់ដានេះ ត្រូវបានអនុម័ត និងដាក់ឱ្យ អនុវត្តន៍ជាផ្លូវការ កាលពីវេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០១៥៕
 

 

 

អត្ថបទ៖ ជុំ ជោគជាតា      រូបភាព៖ ឯកសារ

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024