ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤

អ្នកសារព័ត៌មាននៅកម្ពុជា ទទួលបានការបណ្តុះបណ្តាលផ្នែកធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជាពីស្ថាប័ន ៣ធំៗ

១៩ មករា ២០២២ | សេដ្ឋកិច្ច

 

អ្នកសារព័ត៌មានមកពីស្ថាប័នជាច្រើននៅកម្ពុជា និងអ្នកព័ត៌មានផ្នែកសេដ្ឋកិច្ច បានចូលរួមក្នុងវគ្គបណ្តុះបណ្តាលស្តីពី «មូលដ្ឋានគ្រឹះនៃវិស័យធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា» ដោយមានការសហការជាមួយសមាគមធនាគារ និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ក្លឹបអ្នកកាសែតកម្ពុជា (ក.អ.ក)  ក្នុងន័យបង្កើនការយល់ដឹងជាមូលដ្ឋាននៃវិស័យធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា ក៏ដូចជាការបង្កើនទំនាក់ទំនងរវាងស្ថាប័នធនាគារ និងហិរញ្ញវត្ថុជាមួយសមាគមអ្នកសារព័ត៌មាន។

 


នៅព្រឹកថ្ងៃទី១៩ មករា ឆ្នាំ២០២២ ថ្លែងក្នុងពិធីបើកវគ្គបណ្តុះបណ្តាល លោក ប៊ុន យីន អនុប្រធានសមាគមធនាគារនៅកម្ពុជា បានបញ្ជាក់ថា នេះគឺជាលើកទី១ ដែលសមាគមធនាគារនៅកម្ពុជា និង សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ក្រោមការគាំទ្រពីសំណាក់ធនាគារជាតិ បានរៀបចំវគ្គបណ្តុះបណ្តាល និង ការប្រកួតប្រជែងនេះឡើង ក្នុងគោលបំណងនៃការរៀបចំវគ្គបណ្តុះបណ្តាលនេះឡើង មាន ៣ចំនុចសំខាន់ៗ រួមមាន ការបង្កើនទំនាក់ទំនងរវាងអ្នកសារព័ត៌មាន ជាមួយនឹងវិស័យធនាគារ និង ហិរញ្ញវត្ថុ ការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និង លើកកំពស់បរិយាបន្នហិរញ្ញវត្ថុតាមរយៈប្រព័ន្ធផ្សព្វផ្សាយ និងចុងក្រោយគឺ ចូលរួមចំណែកអនុវត្តយុទ្ធសាស្រ្តជាតិស្តីពី បរិយាបន្នហិរញ្ញវត្ថុឆ្នាំ ២០១៩-២០២៥ ដែលបានសម្ពោធ និង ប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការកាលពីថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២១ ។

 


លោក ប៉ែន បូណា ប្រធានក្លឹបអ្នកកាសែតកម្ពុជា បានបង្ហាញពីចំណាប់អារម្មណ៍ថា វគ្គបណ្តុះបណ្តាលថ្ងៃនេះ គឺមានសារៈសំខាន់ណាស់ ដែលឆ្លើយតបបានទៅនឹងបរិបទអន្តរជាតិ  ជាពិសេសវិស័យធនាគារនិងហិរញ្ញវត្ថុកំពុងនាំមុខគេ ហើយដែលទាមទារឱ្យអ្នកសារព័ត៌មាននៅកម្ពុជាពង្រឹងចំណេះដឹងលើផ្នែកនេះ។ លោក បានជំរុញឱ្យអ្នកសារព័ត៌មានដែលមានវត្តមាននៅក្នុងវគ្គបណ្តុះបណ្តាលថ្ងៃនេះ យកចិត្តទុកដាក់លើបទបង្ហាញរបស់បណ្តាវាគ្មិនជំនាញដែលចែករំលែកចំណេះដឹងផ្នែកធនាគារនិងមីក្រូហិរញ្ញវត្ថុ ដើម្បីជាមូលដ្ឋានគ្រឹះរឹងមាំ និងផ្សព្វផ្សាយព័ត៌មានដែលពិតប្រាដកជូនដល់ប្រជាជនកម្ពុជា។

 


លោក គិត សុវណ្ណារិទ្ធ អគ្គនាយករងត្រួតពិនិត្យទី១ នៃធនាគារជាតិ បានបង្ហើបថា ស្របគ្នានឹងការរីកចម្រើនដ៏រហ័សនៃវិស័យធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជានោះ ក៏មានបញ្ហាមួយចំនួនដែលត្រូវយកចិត្តទុកដាក់ ជាពិសេស ការកើនឡើងនៃអ្នកជំពាក់បំណុល ជាពិសេសប្រជាពលរដ្ឋក្រីក្រ។ ឆ្លើយតបនឹងបញ្ហានេះ លោក គិត សុវណ្ណារិទ្ធ សង្កត់ធ្ងន់ថា គឺការអប់រំ និងបញ្ជ្រាបចំណេះដឹង ផ្នែកហិរញ្ញវត្ថុ ទៅដល់ប្រជាពលរដ្ឋគឺមានសារៈសំខាន់ខ្លាំងណាស់ ហើយអ្នកសារព័ត៌មានអាចធ្វើរឿងនេះបានតាមរយៈការផ្សព្វផ្សាយរបស់ខ្លួន៕
 

 

អត្ថបទ: ថុន សុកេតុមាលា រូបភាព: ឯកសារ

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024