ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

ការវិនិយោគហេដ្ឋារចនាសម្ព័ន្ធច្រករបៀងសេដ្ឋកិច្ចខាងកើតរបស់ថៃ មានទំហំតូចជាងមុន សម្រាប់ឆ្នាំ ២០២២-២០២៦

១៩ មករា ២០២២ | សេដ្ឋកិច្ច

 

លោក កានីត អគ្គលេខាធិការនៃការិយាល័យច្រករបៀងសេដ្ឋកិច្ចខាងកើតថៃ បាននិយាយថា ការអភិវឌ្ឍន៍ដំណាក់កាលទី២ នឹងផ្តោតលើការអភិវឌ្ឍន៍ផ្លូវដែក និងផ្លូវថ្នល់ ដើម្បីជួយសម្រួលដល់ការដឹកជញ្ជូនបានប្រសើរជាងមុន ដោះស្រាយការកកស្ទះចរាចរណ៍នៅក្នុងខេត្តចំនួនបី របស់ច្រករបៀង និងបង្កើតផ្លូវដែក ដើម្បីភ្ជាប់បណ្តាញល្បឿនលឿន និងកំពង់ផែសមុទ្រជ្រៅ ឡែម ឆាបាង។

 


ផែនការសំខាន់ៗផ្សេងទៀត រួមមានគម្រោងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងទីក្រុងឆ្លាតវៃ និងការអភិវឌ្ឍន៍ផ្នែកដឹកជញ្ជូន ហើយការវិនិយោគភាគច្រើន នឹងត្រូវបានបង្កើតឡើង តាមរយៈកិច្ចព្រមព្រៀងភាពជាដៃគូសាធារណៈ និងឯកជន។


នៅក្នុងកិច្ចប្រជុំកាលពីដើមខែមករា របស់គណៈកម្មាធិការគោលនយោបាយច្រករបៀងសេដ្ឋកិច្ចខាងកើត ដែលដឹកនាំដោយនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ច័ន្ទអូចា បានធ្វើការកោតសរសើរចំពោះ ដំណាក់កាលទី ២ នៃផែនការហេដ្ឋារចនាសម្ព័ន្ធច្រករបៀងសេដ្ឋកិច្ចខាងកើត រវាងឆ្នាំ ២០២២-២០២៦។


ក្នុងចំណោមការវិនិយោគសរុបដែលបានគ្រោងទុក រួមមាន ២ពាន់ ៥រយលានដុល្លារអាមេរិក ត្រូវបានគ្រោងទុកសម្រាប់ឆ្នាំ ២០២២ ជាមួយនឹង ២ពាន់លានដុល្លារ សម្រាប់ឆ្នាំ ២០២៣, ៣ពាន់លានដុល្លារសម្រាប់ឆ្នាំ ២០២៤, ២ពាន់ ៥រយលានដុល្លារសម្រាប់ ២០២៥ និង ២ពាន់លានដុល្លារសម្រាប់ ២០២៦។


យោងតាមលោក កានីត ការវិនិយោគឯកជននៅក្នុងឧស្សាហកម្មគោលដៅ ត្រូវបានប៉ាន់ប្រមាណថាមានចំនួន ៧ពាន់ ៥យលានដុល្លារក្នុងមួយឆ្នាំ ក្នុងដំណាក់កាលទី ២ ជាមួយនឹងឧស្សាហកម្មទម្រង់អក្សរ S ថ្មី ដូចជា រថយន្តអគ្គិសនី បច្ចេកវិទ្យាឌីជីថល សេវាវេជ្ជសាស្រ្ត ភស្តុភារ កសិដ្ឋានឆ្លាតវៃ និងអាហារដែលមានបំណងចូលរួមចំណែក ៣ពាន់លានដុល្លារក្នុងឆ្នាំ ២០២២ និង ៦ពាន់លានដុល្លារក្នុងឆ្នាំ ២០២៦។


យ៉ាងណាមិញ ការផ្ទុះឡើងនៃមេរោគកូវីដ អូមីក្រុង ទំនងជាប៉ះពាល់ដល់ការអភិវឌ្ឍន៍ ច្រករបៀងសេដ្ឋកិច្ចខាងកើត បន្តិច ខណៈដែលការវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ច គឺនៅដដែល។


សូមជម្រាបថា សេដ្ឋកិច្ចថៃ ត្រូវបានគេជឿថាបានធ្លាក់ចុះទាប នៅក្នុងត្រីមាសទី ៣ នៃឆ្នាំ ២០២១ ខណៈដែលទីភ្នាក់ងារនេះព្យាករណ៍ថា សេដ្ឋកិច្ចថៃនៅឆ្នាំនេះនឹងកើនឡើង ៤% ខណៈច្រករបៀងសេដ្ឋកិច្ចខាងកើត គឺជាផ្នែកមួយនៃយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលថៃ ក្នុងការផ្លាស់ទីប្រទេសថៃ ទៅកាន់សេដ្ឋកិច្ចដែលមានបច្ចេកវិទ្យាខ្ពស់៕    
 

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា និងរូបភាពឯកសារ

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024