ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤

ខ្លាំងមែនផ្អាកច្រៀង ២ឆ្នាំ ប៊េប៊ី បើកហាងកាហ្វេដល់ទៅ៤កន្លែងនៅតែមិនបោះបង់សិល្បៈ 

១៩ មករា ២០២២ | កម្សាន្ដ

 

ទោះបីជាជោគជ័យក្នុងអាជីវកម្មខ្លួនតែតារាចម្រៀង និងសម្តែងកញ្ញា ប៊េប៊ី នៅតែអះអាងថាខ្លួននឹងបន្តអាជីពចម្រៀងជាបន្តទៀត បើទោះជា នាងបានផ្អាកពីអាជីពនេះអស់ពេលជាង ២ ឆ្នាំហើយក្តី តែនាងនឹងវិលត្រឡប់មកសាងកេរ្តិ៍ឈ្មោះក្នុងវិស័យនេះឡើងវិញក្នុងពេលឆាប់ៗខាងមុខ ។

 


តើតារាចម្រៀងរូបនេះ អាចនឹងសាងប្រជាប្រិយភាពរបស់ខ្លួនឡើងវិញបានដូចមុនទេ ? បើបច្ចុប្បន្ននេះ មានតារាចម្រៀងវ័យក្មេងជាច្រើនកំពុងរីកដុះដាសដូចផ្សិត ហើយម្នាក់ៗកំពុងប្រកួតប្រជែងនៅលើវិថីនេះយ៉ាងស្វិតស្វាយបំផុត ។ ម្យ៉ាងវិញទៀតទស្សនិកជនស្ទើរតែភ្លេចមុខ ប៊េប៊ី ទៅហើយ ក្រោយពីនាងផ្អាកពីអាជីព សិល្បៈអស់ពេលជាង ២ ឆ្នាំ រហូតមានអ្នកខ្លះគិតថា នាងរៀបការមានគ្រួសារ និងមានកូនរួចទៅហើយ ទើបមិនខ្វល់ពីអាជីពចម្រៀងទៀត ។ 

 


កញ្ញា ប៊េប៊ី ធ្លាប់ជាតារាសម្តែង និងជាពិធីការីនីល្បីឈ្មោះបោះសម្លេងមួយរូបកាលពីប៉ុន្មានឆ្នាំមុន ប៉ុន្តែដើម្បីបំពេញក្តីស្រមៃចង់ក្លាយទៅជាតារាចម្រៀងអាជីព នាងក៏សម្រេចចិត្តបោះបង់អាជីព ពិធីករ និង សម្តែងចោលទាំងស្រុង ដើម្បីមានពេលវេលាច្រើននៅក្នុងហ្វឹតហាត់ខាងផ្នែកចម្រៀង ចុងក្រោយនាងក៏ក្លាយទៅជាតារាចម្រៀងនៅក្នុងផលិតកម្ម ថោន និងមានចេញបទចម្រៀងជាហូរហែរ ជាពិសេសនាងមានក្រុមរាំផ្ទាល់ខ្លួនផងដែរ ។ សាងកេរ្តិ៍ឈ្មោះមិនបានប៉ុន្មានផង ស្រាប់តែ កញ្ញា ប៊េប៊ី ប្រកាសផ្អាកពីសិល្បៈ និងបានបោះទុនប្រាក់រាប់ម៉ឺនដុល្លារបើកហាងកាហ្វេជាច្រើនកន្លែង ។

 


ជួបជាមួយកញ្ញា ប៊េប៊ី  កាលពីពេលថ្មីៗនេះយើងចាប់អារម្មណ៍ឃើញថា នាងនៅតែមានរូបសម្រស់ស្រស់ស្អាតគួរជាទីចាប់អារម្មណ៍ នាងបានឱ្យដឹងថា នាងនៅពុំទាន់រៀបការមានគូស្រករនៅឡើយទេ បច្ចុប្បន្ននាងកំពុងមមាញឹកនៅក្នុងការមើលខុសត្រូវហាងកាហ្វេចំនួន ៤ កន្លែង ឆាប់ៗខាងមុខនាងនាត្រៀមនឹងរៀបកចំពិធីសម្ពោធហាងកាហ្វេនោះឱ្យកាន់តែល្បីល្បាញឡើង ។ 


ថ្វីដ្បិតតែជោគជ័យខ្លាំងក្នុងអាជីវកម្មខ្លួន កញ្ញា ប៊េប៊ី នៅតែមានបំណងនឹងវិលមកសាងកេរ្តិ័ឈ្មោះក្នុងសិល្បៈឡើងវិញ ពីព្រោះនាងនៅតែជាតារាចម្រៀងនៅក្នុងផលិតកម្មដដែល ទោះនាងបានផ្អាកអស់ពេលជាច្រើនឆ្នាំក្តី ។ ប៊េប៊ី ក៏មិនដឹងថា ការវិលត្រឡប់របស់នាងតើអាចទទួលបានការគាំទ្រ ពីទស្សនិកឡើងវិញឬយ៉ាងណាទេ ?  ប៉ុន្តែអ្វីដែលសំខាន់សម្រាប់នាង គឺនាងបានវិលមកសាងស្នាដៃក្នុងអាជីពដែលខ្លួនស្រឡាញ់ ៕ 

 

 

 

អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ PNN  

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024