ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០២៤

រាជរដ្ឋាភិបាល កំណត់យកទិវានយោបាយឈ្នះឈ្នះ ថ្ងៃទី២៩ ខែធ្នូ បញ្ចូលទៅក្នុងប្រតិទិន ប្រចាំឆ្នាំ ដោយមិនឈប់សម្រាក

១៩ មករា ២០២២ | ព័ត៌មានជាតិ


សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញសារាចរណែនាំ ដោយកំណត់យកទិវានយោ  បាយឈ្នះ ឈ្នះ ថ្ងៃទី២៩ ខែធ្នូ បញ្ចូលទៅក្នុងប្រតិទិនប្រចាំឆ្នាំ ដោយមិនឈប់សម្រាក  ចាប់ពីឆ្នាំ  ២០២២   តទៅ ។ 

 

 

ក្នុងសារាចរណែនាំ រាជរដ្ឋាភិបាលកម្ពុជា បានណែនាំអោយគ្រប់ក្រសួង ស្ថាប័ន រាជធានី ខេត្ត និងគ្រឹះ  ស្ថានសាធារណៈ ឯកជន ត្រូវរៀបចំចងបដា ពាក្យស្លោក ដើម្បីអបអរសាទរទិវានយោបាយ   ឈ្នះឈ្នះ ដែលមានខ្លឹមសារថា «អរគុណសន្តិភាព! អរគុណនយោបាយ ឈ្នះ ឈ្នះ! ដឹងគុណស្ថាបនិក មគ្គុទ្ទេសក៏ឯក និងប្រតិបត្តិករនយោបាយឈ្នះ ឈ្នះ ដែលនាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ!។

 

 

ក្នុងនោះ រាជរដ្ឋាភិបាល ក៏បានរំលេចឡើងថា អស់រយៈពេល ២៣ឆ្នាំកន្លងមក ព្រះរាជាណាចក្រកម្ពុជា  បាន  កំណត់យកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ជាការបញ្ចប់សង្គ្រាមស៊ីវិលទាំងស្រុង ដោយមិនមានការបង្ហូរឈាម និងទទួលបានសន្តិភាពពេញលេញ តាមរយៈនយោបាយឈ្នះ ឈ្នះ ជាគោលនយោបាយដ៏ធំមួយ  ក្នុងការដឹកនាំប្រទេសកម្ពុជា បន្ទាប់ពីឆ្លងកាត់នូវដំណាក់កាលសង្គ្រាម ដំណាក់កាលនៃរបបប្រល័យពូជសាសន៍ ប៉ុល ពត ដំណាក់កាលសង្គ្រាមផង ចរចាផង រហូតដល់ការលេចឡើងនៃវត្តមានរបស់នយោបាយឈ្នះ ឈ្នះ។

 

 

គួររម្លឹកថា កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ ពីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវ អគាររដ្ឋ  បាល និងសាលប្រជុំទីស្តីការក្រសួងការពាជាតិ សម្តេចតេជោ ហ៊ុន សែន ដែលជាស្ថាបនិក  នយោបាយ ឈ្នះ-ឈ្នះ បានស្នើឱ្យពិនិត្យដាក់ «ទិវានយោបាយឈ្នះឈ្នះ » ថ្ងៃទី២៩ ខែធ្នូ ទៅក្នុងប្រតិទិប្រចាំឆ្នាំ  របស់   កម្ពុជា ប៉ុន្តែមិនតម្រូវដាក់ជាថ្ងៃឈប់សម្រាកនោះទេ។

 

 

គួរបញ្ជាក់ថា នយោបាយ ឈ្នះ ឈ្នះ គឺជាយុទ្ធសាស្ត្រនយោបាយដ៏សំខាន់មួយ ដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ចេញដើម្បីធ្វើអោយដួលរលំអង្គការចាត់តាំងរបស់ខ្មែរក្រហម ដែល   តស៊ូតាមព្រៃជាយដែនខ្មែរ-ថៃ ក្នុងខេត្តបន្ទាយមានជ័យ ឧត្តរមានជ័យ និងប៉ៃលិនជាដើម ហើយ  នាំមកនូវសន្តិភាពពេញលេញ និងការអភិវឌ្ឍន៍ជូនប្រជាជនកម្ពុជា។

 

 

ការកំណត់យកទិវានយោបាយឈ្នះ ឈ្នះ ថ្ងៃទី២៩ ខែធ្នូ បញ្ចូលទៅក្នុងប្រតិទិនប្រចាំឆ្នាំ នាពេលនេះ ធ្វើឡើងដើម្បីបង្ហាញពីការដឹងគុណកត្តញ្ញូ និងចងចាំគុណូបការៈដ៏ថ្លៃថ្លាដល់វីរៈភាពស្នាដៃរបស់វីរៈជន ដែលបានលះបង់បូជាជីវិត និងភាពឈ្លាសវៃរបស់ ថ្នាក់ដឹកនាំ ក្នុងការស្វែងរកសុខ សន្តិភាព  ជូនប្រទេសជាតិ។ ដោយឡែក ក្នុងខ្លឹមសារបង្ហាញពីការដឹងគុណនេះ វិមានអនុស្សាវវរីយ៍នយោបាយឈ្នះ-ឈ្នះ ក៏បានក៏កសាងឡើង នៅក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ និងបានសម្ពោធបើកជាសាធារណៈកាលចុងខែធ្នូ ឆ្នាំ២០១៨៕

 

 

អត្ថបទ៖ សន រដ្ឋា   រូបភាព៖ ឯកសារ

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024