ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០២៤

វិទ្យាស្ថានជាតិសង្គមកិច្ច ផ្តល់អាហារូបករណ៍ជិត ៨០០កន្លែង ជាពិសេសសម្រាប់អ្នកទើបជាប់បាក់ឌុប

១៩ មករា ២០២២ | ព័ត៌មានជាតិ


តាមរយៈអាហារូបករណ៍ ១០០ ភាគរយ ថ្នាក់បរិញ្ញាបត្ររយៈពេល ៤ ឆ្នាំ លើ ៨ ជំនាញ ជិត ៨០០ កន្លែងនេះ វិទ្យាស្ថានជាតិសង្គមកិច្ច សូមស្វាគមន៍ចំពោះសាធារណជនដែលមានលក្ខណសម្បត្តិសមស្រប ជាពិសេសសម្រាប់ប្អូនៗដែលទើបតែប្រឡងជាប់សញ្ញបត្រមធ្យមសិក្សាទុតិយភូមិ ឬ បាក់ឌុប នាពេលថ្មីៗនេះ បើទោះបីជាប្អូនៗមិនទាន់ទទួលបានសញ្ញាបត្របាក់ឌុប ដោយសារទើបតែប្រឡងជាប់ក្តី ក៏ប្អូនៗអាចដាក់ពាក្យស្នើសុំអាហារូបករណ៍នេះបាន វិទ្យាស្ថានជាតិសង្គមកិច្ច នឹងសម្របសម្រួល ឬ អនុគ្រោះជូនប្អូនៗជាពិសេស ហើយប្អូនៗមិនចាំបាច់មកទំនាក់ទំនងនៅវិទ្យាស្ថានជាតិសង្គមកិច្ច ដោយផ្ទាល់ក៏បាន ដោយប្អូនគ្រាន់តែចូលទៅក្នុងគេហទំព័រ ឬ វិបសាយរបស់វិទ្យាស្ថានជាតិសង្គមកិច្ច ដោយវាយពាក្យថា វិទ្យាស្ថានជាតិសង្គមកិច្ច ឬ ជាភាសាអង់គ្លេសថា National Institute of Social Affair នោះប្អូននឹងទទួលបានព័ត៌មានពាក់ព័ន្ធនឹងការស្នើសុំអាហារូបករណ៍នេះ ។

 

 

នេះគឺជាការលើកឡើងរបស់ឯកឧត្តម ខុម ផលលឿន នាយកវិទ្យាស្ថានជាតិសង្គមកិច្ច នាឱកាសផ្តល់បទសម្ភាសន៍ផ្តាច់មុខដល់ PNN នាព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ នេះ ។សូមជម្រាបថា វិទ្យាស្ថានជាតិសង្គមកិច្ច គឺជាស្ថាប័នឈានមុខគេនៅកម្ពុជា ក្នុងការបណ្តុះបណ្តាលធនធានមនុស្សផ្នែកសេវាសង្គម ហើយក្រៅតែពីថ្នាក់បរិញ្ញាបត្រទាំង ៨ ជំនាញនោះទៅ វិទ្យាស្ថានជាតិសង្គមកិច្ច ក៏ទើបតែបានអភិវឌ្ឍកម្មវិធីបណ្តុះបណ្តាលដ៏សំខាន់ផ្សេងទៀតសម្រាប់មន្ត្រីរាជការ ឬ អ្នកទាំងឡាយណាដែលមានបទពិសោធន៍ធ្វើការងារលើវិស័យសង្គមកិច្ចខ្លះស្រាប់ ប៉ុន្តែមិនទាន់មានជំនាញត្រឹមត្រូវច្បាស់លាស់ ដែលវគ្គបណ្តុះបណ្តាលនោះ មានរយៈពេល ៣ ខែ ៦ ខែ និង ១ ឆ្នាំ អាស្រ័យទៅលើលក្ខណសម្បត្តិ នៃ អ្នកទាំងនោះ ។

 


ប្រការសំខាន់បំផុតមួយមិនគួររំលងនោះគឺថា កាលពីប៉ុន្មានសប្តាហ៍មុននេះ ឯកឧត្តម សំហេង បុរស រដ្ឋលេខាធិការ នៃ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និង ជាប្រធានអនុគណៈកម្មការជំនួយសង្គមបានអះអាងថា នៅក្នុងបណ្តាប្រទេសជឿនលឿន មានអ្នកផ្តល់សេវាង្គមម្នាក់ ក្នុងចំណោមមនុស្ស ៣៥០ នាក់ ទៅ ៥០០ នាក់ , ចំណែបណ្តាប្រទេសក្នុងតំបន់ មានអ្នកផ្តល់សេវាសង្គមម្នាក់ ក្នុងចំណោមមនុស្សប្រមាណជា ៣ ០០០ នាក់ ។

 

 

ដោយឡែកនៅប្រទេសកម្ពុជា ទើបតែមានអ្នកផ្តល់សេវាសង្គមម្នាក់ប៉ុណ្ណោះ ក្នុងចំណោមមនុស្សប្រមាណជា ៨ ០០០ នាក់ ដែលបើនិយាយឱ្យងាយស្តាប់គឺកម្ពុជា កំពុងត្រូវការអ្នកធ្វើការលើវិស័យសេវាសង្គមកិច្ចនេះ រាប់ម៉ឺនាក់បន្ថែមទៀត ដើម្បី ឆ្លើយតបទៅនឹងតម្រូវការរបស់សង្គមកម្ពុជា នាពេលបច្ចុប្បន្ន ហើយទៅអនាគត ក៏អាចនឹងត្រូវការអ្នកធ្វើការលើវិស័យសេវាសង្គម កាន់តែច្រើនថែមទៀត។

 


ក្នុងន័យនេះបានសេចក្តីថា អ្នកទាំងឡាយណា ជាពិសេសអ្នកដែលទើបតែបានប្រឡងជាប់បាក់ឌុបនាពេលថ្មីៗនេះ ងាយនឹងទទួលបានការងារសមស្របទៅតាមជំនាញរបស់ខ្លួន ប្រសិនបើពួកគេជ្រើសរើសសិក្សានៅឯវិទ្យាស្ថានជាតិសង្គមកិច្ច នាពេលបច្ចុប្បន្ននេះ ។ ងាយនឹងទទួលបានការងារ ដោយហេតុថា កម្ពុជា កំពុងខ្វះធនធានមនុស្សយ៉ាងច្រើនសម្បើម សម្រាប់បម្រើការងារក្នុងវិស័យសេវាសង្គមកិច្ចនេះ ។


ក៏សូមជម្រាបជូនផងដែរថា រហូតមកដល់ពេលនេះ មិនមែនមានតែនិស្សិតខ្មែរ ទេ ដែលសិក្សានៅទីនោះ ប៉ុន្តែក៏មានទាំងនិស្សិតបរទេសមកពីប្រមាណជា ១០០ ប្រទេស ធ្លាប់បានមកសិក្សានៅក្នុងវិទ្យាស្ថានជាតិសង្គមកិច្ចនេះផងដែរ។ នេះបើតាមការឱ្យដឹងរបស់ឯកឧត្តម ខុម ផលលឿន ដដែល៕
 

 

អត្ថបទ៖ ខឿន សាឃាង  រូបភាព៖ ឆិល សុភ័ស្ត

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024