ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤

សហភាពអឺរ៉ុប នៅតែជាទីផ្សារនាំចូលអង្ករដ៏មានសក្តានុពល សម្រាប់វៀតណាម

១៨ មករា ២០២២ | សេដ្ឋកិច្ច


 

ក្នុងឆ្នាំ ២០២១ វៀតណាមបាននាំចេញអង្ករប្រមាណ ៦ម៉ឺនតោន ដែលមានតម្លៃ ៤១លានដុល្លារអាមេរិកទៅសហភាពអឺរ៉ុប កើនឡើងជាង ២០ភាគរយ ជាតម្លៃសរុបធៀបនឹងឆ្នាំ ២០២០។ក្នុងនោះរួមមាន អង្ករក្រអូបប្រមាណ ៤ម៉ឺនតោន ដែលមានតម្លៃជិត ៣០លានដុល្លារអាមេរិក កើនជិត ៣០% បើគិតជាតម្លៃ។


កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី EU និង វៀតណាម ដែលចូលជាធរមាននៅថ្ងៃទី ១ ខែសីហា ឆ្នាំ ២០២០ បានជួយដំឡើងថ្លៃស្រូវរបស់វៀតណាមពី ១០ ទៅ ២០ដុល្លារអាមេរិកក្នុងមួយតោន ដែលមួយផ្នែក គឺជួយប៉ះប៉ូវដល់ បរិមាណអង្ករ ដែលកើនឡើងតិចតួចដោយសារជំងឺកូវីដ១៩។យោងតាមការិយាល័យស្ថិតិរបស់សហភាពអឺរ៉ុប ក្នុងចំណោមអ្នកផ្គត់ផ្គង់អង្ករធំជាងគេទាំង ១០ សម្រាប់ប្លុកនេះ អង្ករពីវៀតណាមបានឃើញកំណើនតម្លៃខ្លាំងបំផុត ២០% ដល់ជាមធ្យម ៧៨០ដុល្លារអាមេរិកក្នុងមួយតោន។


ទីភ្នាក់ងារពាណិជ្ជកម្មបរទេស ដែលស្ថិតក្រោមក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មរបស់វៀតណាមបានចាត់ទុកលទ្ធផលទាំងនោះថា ជាមូលធនកម្មនៃអត្ថប្រយោជន៍របស់អាជីវកម្ម ដែលបង្កើតឡើងដោយ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី EU និង វៀតណាម។


ក្រៅពីនេះ ពួកគេក៏កំពុងបង្កើនការផលិតអង្ករ ដែលមានគុណភាពខ្ពស់ ដូចជាពូជស្រូវក្រអូប គ្រាប់វែង និងពូជពិសេស ដើម្បីចូលទីផ្សារតម្រូវការ។ជាមួយនឹងរដ្ឋជាសមាជិកចំនួន ២៧ ដែលមានប្រជាជនប្រហែល ៥១៦លាននាក់ និងផលិតផលក្នុងស្រុកសរុប សម្រាប់មនុស្សម្នាក់ៗលើសពី ៣ម៉ឺន ៥ពាន់ដុល្លារអាមេរិក សហភាពអឺរ៉ុបមានតម្រូវការយ៉ាងខ្លាំង សម្រាប់ទំនិញនាំចូល ជាពិសេសផលិតផលកសិកម្ម ច្រើនជាង ១៦០ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំ ពីជុំវិញពិភពលោក។


សម្រាប់វៀតណាម សហភាពអឺរ៉ុបគឺជាប្រទេសនាំចូលកសិផលធំជាងគេទី ៣ របស់ខ្លួន ប្រមាណ ៥ ពាន់ ៥រយលានដុល្លារក្នុងមួយឆ្នាំ។ សមាគមស្បៀងអាហារវៀតណាម បានព្យាករណ៍ថា ការនាំចេញអង្ករ ទៅកាន់សហភាពអឺរ៉ុប នឹងបន្តកើនឡើងយ៉ាងល្អនៅឆ្នាំ ២០២២ ជាពិសេស ការកែលម្អគុណភាពនៃអង្ករក្រអូប បានបំពេញតម្រូវការអ្នកប្រើប្រាស់អឺរ៉ុប។

 


សូមជម្រាបដែរថា វៀតណាម គឺជាប្រទេសដំបូងគេដែលបាននាំចេញអង្ករក្រអូបចំនួន ១២៦តោនទៅកាន់ EU ក្រោមកិច្ចព្រមព្រៀង ក្នុងខែកញ្ញា ឆ្នាំ ២០២០ ហើយបច្ចុប្បន្ននេះ វាស្មើនឹងជិត ៧០% នៃការនាំចេញអង្កររបស់វៀតណាមទៅកាន់ប្លុកនេះ៕

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា និងរូបភាពឯកសារ

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024