ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០២៤

មន្រ្តីថៃ អះអាងថា ការនាំចេញជ្រូកថៃ នៅតែទទួលបានទំនុកចិត្តពីដៃគូពាណិជ្ជកម្ម

១៨ មករា ២០២២ | សេដ្ឋកិច្ច

 

ទីប្រឹក្សារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ បាននិយាយថា រដ្ឋមន្ត្រីបានណែនាំបេសកជននៃប្រទេសដៃគូពាណិជ្ជកម្មសំខាន់ៗ ឱ្យតាមដានស្ថានការណ៍។
ក្រសួងពាណិជ្ជកម្មថៃ ថាដៃគូពាណិជ្ជកម្មសំខាន់ៗ នៅតែមានទំនុកចិត្តលើគុណភាព និងអនាម័យនៃសាច់ជ្រូកដែលនាំចូលពីប្រទេសថៃ។


ជាឧទាហរណ៍ រហូតមកដល់ពេលនេះ ទីក្រុងហុងកុង បានសម្រេចផ្អាកការហាមឃាត់ ការនាំចូលសាច់ជ្រូកពីប្រទេសថៃ ហើយទន្ទឹមនឹងនេះ ប្រទេសឡាវ នៅតែនាំចូលសាច់ជ្រូកក្លាសេរបស់ថៃ ប៉ុន្តែត្រួតពិនិត្យទៅលើ ជ្រូករស់ពី ប្រទេសថៃយ៉ាងដិតដល់។


កាលពីពេលថ្មីៗនេះ នាយកដ្ឋានអភិវឌ្ឍន៍បសុសត្វ បានបញ្ជាក់ថា ជំងឺប៉េស្តជ្រូកអាហ្រ្វិក ត្រូវបានរកឃើញក្នុងសំណាកសាច់ជ្រូកពីកន្លែងសត្តឃាតក្នុងខេត្ត ណាខន ផាធំ។


ក្រសួងកសិកម្មថៃ បានបដិសេធការចោទប្រកាន់ថា ខ្លួនបានបិទបាំង ជំងឺប៉េស្តជ្រូកអាហ្រ្វិកមុននេះ ចំពេលមានការធ្លាក់ចុះ ៣០% នៃការផ្គត់ផ្គង់ជ្រូក និងការកើនឡើងតម្លៃសាច់ជ្រូក។


ប្រទេសមីយ៉ាន់ម៉ា ក៏បានដាក់ការត្រួតពិនិត្យយ៉ាងតឹងរ៉ឹង លើអ្នកនាំចូលសាច់ជ្រូករបស់ថៃ ដែលតម្រូវឱ្យមានវិញ្ញាបនបត្រអនាម័យពី មន្ត្រីបសុសត្វមីយ៉ាន់ម៉ា។
លើសពីនេះ កម្ពុជា បានបញ្ឈប់ការនាំចូលសាច់ជ្រូកថៃកាលពីឆ្នាំមុន ក្នុងការផ្លាស់ប្តូរមួយ ដើម្បីលើកកម្ពស់ការចិញ្ចឹមជ្រូកក្នុងស្រុក ទោះជាយ៉ាងណាក៏ដោយ កម្ពុជា បានប្រកាសហាមប្រាមការនាំចូលជ្រូកពីប្រទេសថៃ កាលពីពេលថ្មីៗនេះ បន្ទាប់ពី ជំងឺប៉េស្តជ្រូកអាហ្រ្វិក ត្រូវបានរកឃើញ។


ទន្ទឹមនឹងនេះ នាយកដ្ឋានផ្សព្វផ្សាយ និងអភិវឌ្ឍន៍ពាណិជ្ជកម្មអន្តរជាតិ នឹងផ្សព្វផ្សាយការអនុវត្តការចិញ្ចឹមជ្រូកប្រកបដោយអនាម័យតាមប្រព័ន្ធផ្សព្វផ្សាយសង្គម ដើម្បីបង្កើនទំនុកចិត្តក្នុងចំណោមអ្នកទិញបរទេស។


មន្រ្តីមកពីក្រសួងពាណិជ្ជកម្មថៃ បាននិយាយថា ទីភ្នាក់ងាររដ្ឋាភិបាល នឹងថ្លឹងថ្លែងបញ្ហានេះដោយប្រុងប្រយ័ត្ន ព្រោះការនាំចូលអាចប៉ះពាល់ដល់កសិករចិញ្ចឹមជ្រូករបស់ប្រទេសថៃ។

 


គួរបញ្ជាក់ថា ក្នុងរយៈពេល ១១ខែដំបូងនៃឆ្នាំ ២០២០ ប្រទេសថៃបាននាំចេញជ្រូករស់ចំនួន ១លានក្បាល ដែលមានតម្លៃជាង ២១៧លានដុល្លារអាមេរិក ហើយវាក៏បាននាំចេញសាច់ជ្រូកចំនួន ១ម៉ឺន ៣ពាន់តោនដែលមានតម្លៃ ៥០លានដុល្លារ និង នាំចេញសាច់ជ្រូកកែច្នៃដែលមានតម្លៃ ៣០លានដុល្លារអាមេរិក៕

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា និងរូបភាពឯកសារ

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024