ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០២៤

រងចាំអស់ពេលជាង ៦ឆ្នាំទីបំផុត ទឹម រដ្ឋា អាចដឹកដៃគូស្នេហ៍ចូលរោងការមុនចូលឆ្នាំខ្មែរនេះហើយ !  

១៨ មករា ២០២២ | កម្សាន្ដ

 

ក្រោយរងចាំអស់ពេលជាង ៦ ឆ្នាំ ទីបំផុត កញ្ញា ទឹម រដ្ឋា ដែលជាតារាសម្ដែង និងជាតារាម៉ូដែលល្បីឈ្មោះមួយរូបបានរកពេលវេលាល្អដើម្បីរៀបការដូច ជាមិត្តភក្តិផ្សេងៗ ហើយនាងកំពុងមមាញឹកនៅក្នុងការរៀបចំពិធីមង្គលការខ្លួនយ៉ាងធំដុំបំផុត និងផ្អើលអស់ពិភពសិល្បៈនៅចុងខែ មីនា មុនចូលឆ្នាំថ្មីប្រពៃណី ខ្មែរ ។ 

 

បើតាមគម្រោងពិធីមង្គលការតារាម៉ូដែលល្បីឈ្មោះរូបនេះជាមួយគូស្នេហ៍ជាជនជាតិអាមេរិក នឹងរៀបចំឡើងនៅថ្ងៃទី ២៦ ខែ មិនា ឆ្នាំ ២០២២ នាពេលឆាប់ៗខាងមុខនេះ ដោយនាងត្រៀមអញ្ជើញមិត្តសិល្បករចូលរួមយ៉ាងច្រើនកុះករ ពិធីមង្គលការរបស់ខ្លួន។ ពីធីមង្គលការរបស់កញ្ញាអាចនឹងធ្វើឱ្យកក្រើកអស់ពិភពសិល្បៈនៅដើមឆ្នាំនេះ ពីព្រោះមិនទាន់មានសិល្បករល្បីរូបណា រៀបចំពិធីមង្គលការរបស់ខ្លួននៅក្នុងឆ្នាំថ្មីនេះនៅឡើយ ក្រោយពីជំងឺកូវីដ ១៩ មានការធូស្រាលជាង មុន ។

 


ទឹម រដ្ឋា បានរងចាំពេលវេលាល្អនេះអស់ពេលជាង៦ ឆ្នាំមកហើយ បើទោះបីជានាងបានស្រឡាញ់ និងរួមរស់ជាមួយគូស្នេហ៍ដូចជាប្តីប្រពន្ធក្តី នាងនៅតែមានបំណងរៀបចំពិធីមង្គលការខ្លួនទៅតាម ប្រពៃណី ខ្មែរ មានចាស់ទុំដឹងលឺនិងក្រាបសំពះផ្ទឹមចំពោះមុខមេបា ។

 


ថ្វីដ្បិតតែកញ្ញាបង្ហាញប្រាប់ពីពេលវេលាដែលខ្លួនត្រូវរៀបការ ប៉ុន្តែនាងសុំមិននិយាយពីទីតាំងដែលខ្លួនត្រូវរៀបចំពិធីនោះនៅទីណាមួយច្បាស់ឡើយទេ ដោយនាងចង់ឱ្យមានការភ្ញាក់ផ្អើល ណាមួយពិធីមង្គលការនាងនឹងរៀបចំឡើងប្លែកពីសិល្បករផ្សេងៗទៀត ។ 

 


ក្រោយពីទទួលដំណឹងថា ត្រៀមខ្លួនចូលរោងការ បានធ្វើឱ្យមិត្តសិល្បៈសម្តែងនូវការត្រេអរ និងផ្ញើសារជូនពរនាងគ្រប់ៗគ្នា សូម្បីតែតារាសម្តែង សារ៉ាយ សក្ខណា ដែលជាមិត្តស្និទ្ធស្នាលសុខ ចិត្តពន្យាពេលត្រឡប់ទៅ អាមេរិក វិញ ដើម្បីចូលរួមក្នុងថ្ងៃពិសេសនេះ ។ 

 


ទឹម រដ្ឋា រំភើបចិត្តស្ទើរហោះក្រោយបំណងប្រាថ្នាចង់រៀបការរបស់ខ្លួនបានក្លាយជាការពិត ហើយនាងមានគម្រោងនឹងយកកូនភ្លាមៗផងដែរ ដើម្បីពង្រឹងចំណងស្នេហ៍ខ្លួន ។ បើទោះបីជាតារាសម្តែងនិងបង្ហាញម៉ូដ ទឹម រដ្ឋា រៀបការរួចក្តី នាងនៅតែបន្តអាជីពសិល្បៈដូចមុនដដែល ហើយនាងថែមទាំងមានគម្រោងនឹងចេញទៅរៀបការបែបបញ្ចឹមប្រទេសនៅ សហរដ្ឋអាមេរិក ជាទឹកដីកំណើតរបស់គូស្នេហ៍ខ្លួនពីព្រោះគ្រួសារខាងគូស្នេហ៍នាងក៏ទន្ទឹងរងចាំមើលអ្នកទាំងពីរចេញទៅរៀបការនៅទីនោះផងដែរ៕  

 

 

អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ ហ៊ុន សុជាតា

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024