ថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០២៤

ធនាគារជាតិនៃកម្ពុជា បារម្ភអំពីការលេចឡើងនៃមេរោគកូវីដបំប្លែងថ្មី បន្តគំរាមកំហែងដល់ ការងើបឡើងនៃសេដ្ឋកិច្ចសកល និងតំបន់

១៧ មករា ២០២២ | សេដ្ឋកិច្ច



ធនាគារជាតិនៃកម្ពុជា បានបង្ហាញពីក្តីបារម្ភដឹថា នៅឆ្នាំ២០២២នេះ ការលេចឡើងនៃមេរោគកូវីដបំប្លែងថ្មីៗ បានបន្តគំរាមកំហែងដល់ ការងើបឡើងនៃសេដ្ឋកិច្ចពិភពលោកនិងតំបន់ ដែលអាចបន្ថយអត្រាកំណើន ឱ្យទាបជាងការរំពឹងទុក។

 

 

នៅក្នុងឱកាសបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងទិសដៅការងារឆ្នាំ២០២២ របស់ធនាគារជាតិ ឯកឧត្តម ជា ចាន់តូ ទេសាភិបាលធនាគារជាតិ កម្ពុជាបានគូសបញ្ជាក់ថា នៅសហរដ្ឋអាមេរិកនិងអឺរ៉ុប ការឆ្លងបានចាប់ផ្តើមកើនឡើងវិញយ៉ាងឆាប់រហ័ស ហើយនៅក្នុងតំបន់អាស៊ាន ការឆ្លងប្រចាំថ្ងៃនៅតែមានកម្រិតខ្ពស់នៅឡើយ។

 

 

ស្ថានភាពនេះនឹងបន្តដាក់សម្ពាធដល់ការងើបឡើងនៃសេដ្ឋកិច្ចកម្ពុជា ជាពិសេសផលប៉ះពាល់លើវិស័យទេសចរណ៍ ការរំខានដល់ខ្សែច្រវាក់ដឹកជញ្ជូននាំចេញ-នាំចូលទំនិញ និងកំណើនយឺតនៃលំហូរវិនិយោគបរទេស។

 


ឯកឧត្តមបន្តអះអាងថា ហានិភ័យនៃការរាលដាលជំងឺកូវីដ-១៩នៅកម្ពុជា ក៏អាចនាំទៅរកការដាក់ចេញវិធានការការពារតឹងរ៉ឹង ដែលអាចបង្អាក់ដំណើរការផលិតកម្មនិងសកម្មភាពសេដ្ឋកិច្ចក្នុងស្រុក។ 


ស្របតាមទិសដៅនេះ ធនាគារជាតិនៃកម្ពុជា ក៏ដូចជាប្រព័ន្ធធនាគារកម្ពុជានឹងបន្តដាក់ចេញគោលនយោបាយរក្សាស្ថិរភាពអត្រាប្តូរប្រាក់ ដោយក្នុងនោះធនាគារជាតិនៃកម្ពុជានឹងបន្តធ្វើអន្តរាគមន៍នៅលើទីផ្សារប្តូរប្រាក់ ដើម្បីរក្សាអត្រាប្តូរប្រាក់រៀលធៀបនឹងដុល្លារអាមេរិកឱ្យមានស្ថិរភាពក្នុងកម្រិតសមស្រប តាមស្ថានភាពសេដ្ឋកិច្ច។


និងជាងនេះទៀតធនាគារជាតិនឹងបន្តជំរុញលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល និងលើកកម្ពស់បរិយាបន្ននិងចំណេះដឹងហិរញ្ញវត្ថុ បន្តការពង្រឹងផែនការនិរន្តរភាពអាជីវកម្ម និងនឹងរួមចំណែកពង្រឹងសមាហរណកម្មហិរញ្ញវត្ថុនិងសំណាញ់សុវត្ថិភាពហិរញ្ញវត្ថុតំបន់ តាមរយៈ ការធ្វើសេរីភាវូបនីយកម្មសេវាធនាគារ សមាហរណកម្មប្រព័ន្ធទូទាត់ និងជាពិសេសគឺការលើកកម្ពស់ការប្រើប្រាស់រូបិយវត្ថុតំបន់ និងយន្តការជួយផ្តល់ហិរញ្ញប្បទានសម្រាប់បង្ការនិងដោះស្រាយវិបត្តិ៕

 

 

អត្ថបទ៖ ស៊ឺន សុន និងរូបភាពឯកសារ

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024