ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤

អគារពាណិជ្ជកម្ម ជីប ម៉ុង TOWER ប្រមូលផ្ដុំវិនិយោគិន នឹងលេចរូបរាង នៅចុងឆ្នាំ២០២២នេះ

១៥ មករា ២០២២ | ព័ត៌មានជាតិ


ថ្លែងនៅក្នុងពិធីបញ្ចប់ការសាងសង់គ្រោងអគារដល់ជាន់កំពូលអគារជីបម៉ុង ថៅវើ (TOWER) នៅថ្ងៃទី ១៤ ខែមករា ឆ្នាំ២០២២ នេះ លោក Simon Dell អគ្គនាយករងជាន់ខ្ពស់ផ្នែកសំណង់នៃក្រុមហ៊ុន ជីប ម៉ុង បានឱ្យដឹងថា អគារពាណិជ្ជកម្មជីប ម៉ុង TOWER  ដែលបានសាងសង់កាលពីឆ្នាំ ២០១៩ នឹងគ្រោងបញ្ចប់ការសាងសង់នៅចុងឆ្នាំ ២០២២នេះ។ បន្ថែមលើនេះ តាមរយៈការប្រមូលផ្ដុំរបស់អ្នកវិនិយោគិនជាតិ និងអន្ដរជាតិ និងអគារពាណិជ្ជកម្មចម្រុះ ដែលមានសក្ដានុពលនានា នៅក្នុងអគារ ពាណិជ្ជកម្ម ជីប ម៉ុង ថៅវើ នឹងចូលរួមចំណែកបង្កើតការងារជាច្រើនកន្លែងដល់ប្រជាពលរដ្ឋខ្មែរ។ 


ប្រសាសន៍លោក Simon Dell ៖«គ្រប់គម្រោងរបស់ជីបម៉ុងតែងតែផ្ដោតសំខាន់ទៅលើការបង្កើតការងារ ដូចនេះ សម្រាប់អគារ ជីប ម៉ុង ថៅវើផ្ទាល់ ដែលប្រមូលផ្ដុំ ដោយ អគារការិយាល័យ ផ្សារទំនើប ធនាគារ និងអគារពាណិជ្ជកម្មផ្សេងៗទៀតនឹងផ្ដល់ឱកាសការការងារជាច្រើនកន្លែងដល់ ប្រជាពលរដ្ឋបន្ថែម។ក្រៅពីនេះ ក៏ជួយសហគមន៍តាមរយៈការលើកស្ទួយផ្នែកអចនទ្រព្យ និងពាណិជកម្មតូចៗនៅកម្ពុជាផងដែរ»។

 

ចំណែកលោកឧកញ៉ា លាង ឃុន សហស្ថាបនិក និងប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង បានឱ្យដឹងបន្ថែមថា បើទោះជាសិ្ថតនៅក្នុងបរិបទកូវីដ-១៩  ជីបម៉ុង នៅតែបន្ដការខិតខំប្រឹងប្រែងពង្រីកគម្រោងពាណិជ្ជកម្មរបស់ខ្លួនជាបន្ដទៀត ដើម្បីបំពេញតម្រូវការធុរជនជាតិ និងអន្ដរជាតិ ក៏ដូចជា លើកស្ទួយវិស័យទេសចរណ៍នៅកម្ពុជា។ ជាមួយគ្នានេះ លោករំពឹងថា អគារ ជីប ម៉ុង ថៅវើ នឹងនាំមុខមាត់ថ្មី ជូនកម្ពុជាផងដែរ ។

 


ប្រសាសន៍ លោកឧកញ៉ា លាង ឃុន ៖«ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា អគារជីបម៉ុង ថៅវើ ដែលនឹងបង្ហាញ ខ្លួនយ៉ាងពេញលេញនាពេលដ៏ខ្លីខាងមុខនេះ នឹងនាំមុខមាត់ថ្មីជូនកម្ពុជា ក្នុងនាមជាអគារ ពាណិជ្ជកម្មចម្រុះប្រកបទៅដោយសក្ដានុពល ដែលផ្ដល់នូវប្រណីតភាពទាន់សម័យ និង បម្រើផ្នែកពាណិជ្ជកម្ម ដើម្បីបំពេញតម្រូវការធុរជនជាតិ និងអន្ដរជាតិ»។

 

 

គួរបញ្ជាក់ដែរថា អគារជីប ម៉ុង ថៅវើ មានកម្ពស់ ៤៥ជាន់ និងប្រវែងកម្ពស់ ១៨៥ម៉ែត្រ ។ អគារនេះ មានទីតាំងស្ថិតនៅបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ជិតស្ពានអាកាស ៥មករា ក្នុងរាជធានីភ្នំពេញ៕
 

 

អត្ថបទ៖ ជុំ ជោគជាតា  រូបភាព៖ សុខ ពិសិដ្ឋ

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024