ថ្ងៃអង្គារ៍ ទី០១ ខែកក្កដា ឆ្នាំ២០២៥

ប្រទេសចិនច្រានចោលការចោទប្រកាន់របស់ MI5 ដែលថាខ្លួនចង់បញ្ជ្រាបឥទ្ធិពលនៅក្នុងរដ្ឋសភាអង់គ្លេស

ស្ថានទូតចិនប្រចាំទីក្រុងឡុនដុន ប្រទេសអង់គ្លេស ថ្លែងថាប្រទេសរបស់ខ្លួនមិនលូកលាន់កិច្ចការអ្នកដទៃទេ មិនថាបច្ចុប្បន្ន ឬអនាគតនោះទេ។ នេះជាការឆ្លើយតបទៅនឹងការចោទប្រកាន់របស់អង្គភាពចារកម្មអង់គ្លេស ដែលថាស្ត្រីជនជាតិចិនម្នាក់ជាភ្នាក់ងាររបស់បក្សកុម្មុយនិស្តចិន កំពុងព្យាយាមនិយាយអូសទាញទឹកចិត្តរបស់សមាជិកសភាអង់គ្លេស១ចំនួន។

 

 

 

 

ស្ថានទូតចិនចោទប្រកាន់ថាភ្នាក់ងារចារកម្មអឹមអាយហ្វាយ (MI5) របស់អង់គ្លេសបាននិយាយមួលបង្កាច់ និងគំរាមកំហែងទៅលើសហគមន៍ជនជាតិចិននៅអង់គ្លេស។ អ្នកនាំពាក្យចិនថ្លែងថាប្រទេសរបស់លោកតែងតែប្រកាន់ខ្ជាប់គោលការណ៍មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងប្រទេសដទៃ។ «យើងគ្មានការចាំបាច់ និងគ្មានបំណងដើម្បីបញ្ជ្រាបឥទ្ធិពលនៅក្នុងរដ្ឋសភាប្រទេសដទៃទេ។

 

យើងសូមប្រឆាំងជំទាស់ជាដាច់ខាតចំពោះការប្រើប្រាស់ល្បិចស្មោគគ្រោកបែបនេះ»។ ភ្នាក់ងារអឹមអាយហ្វាយ(MI5)របស់អង់គ្លេសអះអាងថាលោកស្រីគ្រីស្ទីន.ឈីង.កួយ.លី(Christine Ching Kui Lee)បានកសាងបណ្ដាញសម្ងាត់ដើម្បីបម្រើឲ្យនយោបាយរបស់បក្សកុម្មុយនិស្តចិន, និងបានទាក់ទងជាមួយអ្នកតំណាងរាស្ត្រអង់គ្លេស។ បន្ទាប់មក លោកស្រីផ្ដល់អំណោយសម្រាប់អ្នកនយោបាយអង់គ្លេស។

 

ក្នុងចំណោមនោះ ក៏មានអ្នកតំណាងរាស្ត្រនៃគណបក្សពលករអង់គ្លេស ធ្លាប់ទទួលបានទឹកប្រាក់ជាង៤សែនផោន ឬស្មើនឹងជាងកន្លះលានដុល្លារអាមេរិក។ លោកស្រីលីគូសបញ្ជាក់ថាលោកស្រីទាក់ទងជាមួយរដ្ឋសភាក្នុងនាមជាអ្នកតំណាងសហគមន៍ជនជាតិចិននៅអង់គ្លេស និងដើម្បីបង្កើនទំនាក់ទំនងអន្តរវប្បធម៌។ កាលពីម្សិលមិញ អ្នកតំណាងរាស្ត្របក្សអភិរក្សនិយមរបស់អង់គ្លេសបានលើកយកបញ្ហានេះទៅនិយាយគ្នានៅក្នុងរដ្ឋសភា, ហើយចាត់ទុកថានេះជាបញ្ហាដែលគួរឲ្យព្រួយបារម្ភយ៉ាងខ្លាំង។

 

លោកស្នើសុំឲ្យអាជ្ញាធរបណ្ដេញលោកស្រីលីចេញពីប្រទេសអង់គ្លេស និងទាមទារឲ្យរាជរដ្ឋាភិបាលអង់គ្លេសប្រកាសគោលជំហររបស់ខ្លួននៅក្នុងរដ្ឋសភា។ លោកស្រីលីជាស្ថាបនិកក្រុមហ៊ុនមេធាវីដែលមានការិយាល័យនៅទីក្រុងឡុនដុន និងបឺមីងហេម (Birmingham)។ នៅក្នុងចំណោមសេវាផ្សេងៗរបស់ក្រុមហ៊ុននេះ, គេឃើញចំណុច១និយាយពីការផ្ដល់ប្រឹក្សាផ្នែកច្បាប់សម្រាប់ស្ថានទូតចិនប្រចាំអង់គ្លេស។ នៅពេលអ្នកកាសែតទាក់ទងទៅស្ថានទូតចិនប្រចាំអង់គ្លេស ដើម្បីឆ្លើយបំភ្លឺបន្ថែមពីបញ្ហានេះ, ស្ថានទូតមិនបានឆ្លើយតបទេ៕

 

 

 

ប្រែសម្រួល៖ អន សំអាង

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025