ថ្ងៃអង្គារ៍ ទី២៥ ខែមករា ឆ្នាំ២០២២

កូរ៉េខាងជើងព្រមានថាខ្លួននឹងចាត់វិធានការក្ដៅតបតទៅនឹងការដាក់ទណ្ឌកម្មពីសំណាក់សហរដ្ឋអាមេរិក

ថ្ងៃនេះ កូរ៉េខាងជើងបាញ់មីស៊ីល១គ្រាប់ថែមទៀត ដើម្បីជាការបញ្ចេញប្រតិកម្មតបទៅនឹងការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ទៅលើជនជាតិរបស់ខ្លួនមួយចំនួនកាលពីម្សិលមិញ។ រដ្ឋាភិបាលកូរ៉េខាងជើងព្រមានថាខ្លួននឹងធ្វើផ្គើន ឬបញ្ចេញប្រតិកម្មកាន់តែខ្លាំង, បើសហរដ្ឋអាមេរិកដាក់ទណ្ឌកម្មបន្ថែមទៀតមកលើខ្លួន ពីបទបាញ់សាកល្បងគ្រាប់មីស៊ីល។

 

 

 

 

យោងតាមភ្នាក់ងារចារកម្មកូរ៉េខាងត្បូង, ការបាញ់មីស៊ីលនោះធ្វើឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីប្រព័ន្ធឃោសនាកូរ៉េខាងជើងរិះគន់ការដាក់ទណ្ឌកម្ម។ តាំងពីព្រឹកព្រលឹម, ក្រសួងការបរទេសកូរ៉េខាងជើងបានប្រកាសថ្កោលទោសជាទម្ងន់ចំពោះសហរដ្ឋអាមេរិក ដែលស្នើសុំទៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដើម្បីដាក់ទណ្ឌកម្មកូរ៉េខាងជើងពីបទបាញ់សាកល្បងគ្រាប់មីស៊ីលទៀតចាប់តាំងពីខែកញ្ញា ឆ្នាំ២០២១។ ការចាត់វិធានការក្ដៅដាក់គ្នាទៅវិញទៅមកបែបនះធ្វើឲ្យមានភាពតានតឹងកាន់តែខ្លាំងនៅក្នុងកាលៈទេសៈដ៏ផុយស្រួយ។ ពោលគឺ ប្រទេសចិនកំពុងតែជាប់រវល់នៅក្នុងការរៀបចំកីឡាអូឡាំពិចនាខែកុម្ភៈ។

 

ចំណែកប្រទេសកូរ៉េខាងត្បូងនឹងរៀបចំការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនៅដើមខែមីនា។ កូរ៉េខាងជើងអះអាងថាខ្លួនមានសិទ្ធិធ្វើតេស្តសមត្ថភាពគ្រាប់មីស៊ីលរបស់ខ្លួន ដើម្បីពង្រឹងវិស័យការពារជាតិ។

 

 

 

 

 

ក្រសួងការបរទេសកូរ៉េខាងជើងមិនបាននិយាយថាខ្លួននឹងឆ្លើយតបបែបណាចំពោះគម្រោងដាក់ទណ្ឌកម្មថ្មីៗនោះទេ ប៉ុន្តែបានបង្ហើបឲ្យដឹងថាខ្លួនមិនមានជម្រើសអ្វីក្រៅពីការពង្រឹងសមត្ថភាពរបស់ខ្លួនឲ្យបានខ្លាំងក្លាបន្ថែមទៀត។

 

ថ្មីៗនេះ លោកគីមជុងអ៊ុន សច្ចាថានឹងផលិតឲ្យបានសម្រេចនូវមីស៊ីលបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ, មីស៊ីលលឿនជាងសំឡេង, មីស៊ីលអន្តរទ្វីប, មីស៊ីលបាញ់ចេញពីនាវាមុជទឹក និងផែនការបាញ់បង្ហោះផ្កាយរណបចារកម្មទៅក្នុងតារាវិថី។

 

 

 

រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនបានជំរុញម្ដងហើយម្ដងទៀត ឲ្យកូរ៉េខាងជើងវិលត្រឡប់ទៅរកតុចរចា។ ប៉ុន្តែកូរ៉េខាងជើងតបទៅវិញថាខ្លួនចង់ឃើញសហរដ្ឋអាមេរិកបញ្ឈប់នយោបាយយកគ្នាជាសត្រូវ និងការលុបចោលទណ្ឌកម្មសេដ្ឋកិច្ចជាមុនសិន។ ប្រទេសចិនយល់ថាការដាក់ទណ្ឌកម្មមិនមានលទ្ធផលល្អទេ។

 

អ្នកនាំពាក្យចិន លោកវ៉ាងវេនប៊ីន(Wang Wenbin) ថ្លែងថាការដាក់ទណ្ឌកម្មបែបនេះបានត្រឹមតែធ្វើឲ្យមានការប្រឈមមុខដាក់គ្នាកាន់តែខ្លាំង។ ដូច្នេះ ប្រទេសចិនស្នើសុំឲ្យភាគីទាំង២ចាប់ផ្ដើមសន្ទនាគ្នាឡើងវិញ៕

 

 

 

ប្រែសម្រួល៖អន សំអាង

 

 

 

ព័ត៌មានដែលទាក់ទង

Copyright © 2016 PNN NEWS. All Rights Reserved.