ថ្ងៃអង្គារ៍ ទី២៥ ខែមករា ឆ្នាំ២០២២

ទំហំឥណទាន និងប្រាក់បញ្ញើក្នុងប្រព័ន្ធធនាគារកម្ពុជា បង្ហាញពីកំណើនវិជ្ជមាន នៅឆ្នាំ២០២១

១៤ មករា ២០២២ | សេដ្ឋកិច្ច


របាយការណ៍ធនាគារជាតិនៃកម្ពុជាបង្ហាញថាស្ថានភាពប្រព័ន្ធធនាគារនៅកម្ពុជាសម្រាប់ឆ្នាំ២០២១ គឺកំណើនវិជ្ជមានដោយក្នុងនោះ ឥណទានអតិថិជនកើនឡើងជាង២១% ដែលមានទំហំទឹកប្រាក់ជាង៤៥ពាន់លានដុល្លារ ខណៈដែលប្រាក់បញ្ញើអតិថិជនវិញបានកើនឡើងជាង១៥% ដែលមានទំហំទឹកប្រាក់៣៨ពាន់លានដុល្លារអាមេរិក។

 


របាយការណ៍ដដែលនេះ បានបង្ហាញទៀតថា ទ្រព្យសកម្មរបស់ប្រព័ន្ធធនាគារមានកំណើនជាង១៦% ដែលមានទំហំទឹកប្រាក់ជាង៦៨ពាន់លានដុល្លារអាមេរិក។ ជាមួយគ្នានេះ ចំនួនគណនី ដាក់ប្រាក់បញ្ញើមានការកើនឡើងដល់ទៅ ១២លានគណនី និងអតិថិជនខ្ចីប្រាក់វិញបានកើនដល់ ៣លាន៣សែនគណនី។

 


ក្នុងនោះដែរការរៀបចំឥណទានឡើងវិញរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុមានចំនួនជាង ៣៧ ម៉ឺនគណនីដែលស្មើនឹងទំហំទឹកប្រាក់ប្រមាណ ៥ពាន់៥០០លានដុល្លារនៅឆ្នាំ ២០២១។


ថ្លែងក្នុងឱកាសបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងទិសដៅការងារឆ្នាំ២០២២ របស់ធនាគារជាតិនៃកម្ពុជា ឯកឧត្តម ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជាបានគូសបញ្ជាក់ថា ប្រព័ន្ធធនាគារបានបន្តឆ្លើយតបនឹងតម្រូវការហិរញ្ញប្បទានរបស់វិស័យឯកជន ដោយរក្សាបាននិរន្តរភាពនៃការផ្តល់ឥណទានទៅគ្រប់វិស័យនៃសេដ្ឋកិច្ចតែម្តង។


តាមរបាយការណ៍ធនាគារជាតិ មកទល់ពេលនេះ ចំនួនទីស្នាក់ការកណ្តាលនិងសាខាគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុមាន ២ពាន់៦០០ទីតាំង និងមានម៉ាស៊ីនដក និងដាក់ប្រាក់ស្វ័យប្រវត្តមានជាង ៣ពាន់៥១២ ម៉ាស៊ីន៕

 

 

អត្ថបទ: ស៊ឺន សុន និងរូបភាព ឯកសារ

 

 

ព័ត៌មានដែលទាក់ទង

Copyright © 2016 PNN NEWS. All Rights Reserved.