ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០២៤

បើកទំព័រឆ្នាំ២០២២ភ្លាម ហ្សូណូ ទទួលការងារដ៏ធំមួយភ្លែត!

១៤ មករា ២០២២ | កម្សាន្ដ


 

គ្រាន់តែបើកទំព័រឆ្នាំ២០២២ភ្លាម តារាចម្រៀងល្បីឈ្មោះ លោក ហ្សូណូ មានយីអ៊ុនស្រឺតៗ ដោយក្តោបបានតំណែងជាទូតសុច្ឆនៈផលិតផលដ៏ល្បីមួយរបស់ក្រុមហ៊ុន ហតហ្គេម លើផលិតផលម៉ាក S.O.K (អេស អូ ខេ) ជាប្រភេទបាសវ៉ាលីចល័ត ជាផលិតផលស្តង់ដាររបស់សហរដ្ឋអាមេរិក។ 

 


តារាចម្រៀងរូបសង្ហារូបនេះថា លោកពិតជារីករាយ និងមានមោទនភាពដែលត្រូវបានជ្រើសរើសឱ្យក្លាយជាទូតសុច្ឆន្ទៈ ហើយលោកពិតជាពេញចិត្តចំពោះគុណភាពសម្លេងដ៏ល្អឥតខ្ចោះរបស់ផលិតផលនេះ។

 


ប្រាប់ឱ្យភីអិនអិនដឹងក្នុងពិធីចុះហត្ថលេខាជាទូតសុច្ឆនៈព្រឹកមិញ ហ្សូណូ ថា នេះការងារធំទី១ដែលលោកទទួលបាននៅដើមឆ្នាំ២០២២នេះ ហើយការក្លាយជាទូតសុច្ឆន្ទៈផលិតផលនេះ មិនមែនជារឿងចៃដន្យទេ ព្រោះលោកជាអតិថិជនចាស់ និងធ្លាប់បានប្រើប្រាស់តាំងពីយូរមកហើយ ពោលតាំងពីមិនទាន់ស្គាល់ក្រុមហ៊ុន ហត ហ្គេម មកម្ល៉េះ។

 

 

ដោយសារតែធ្លាប់ប្រើប្រាស់ និងបានដឹងពីគុណភាពផលិតផលនេះស្រាប់ គួបផ្សំកេរ្តិ័ឈ្មោះ ទំនុកចិត្ត និងភាពល្បីល្បាញរបស់ម៉ាកយីហោនេះ ធ្វើឱ្យលោកសម្រេចចិត្តទទួលធ្វើទូតសុច្ឆនៈឱ្យផលិតផលនេះដោយមិនស្ទាក់ស្ទើរឡើយ។

 


លោកស្រី ផេង ចេង អគ្គនាយិកាក្រុមហ៊ុន ហត ហ្គេម មានប្រសាសន៍ដោយទំនុកចិត្តថា ដោយមើលឃើញពីលក្ខណៈសម្បិត្តដ៏ស័ក្កសមរបស់លោក ហ្សូណូ ព្រមទាំងភាពល្បីល្បាញនិងភាពទាក់ទាញ របស់តារាចម្រៀងរូបសង្ហាសម្លេងពិរោះរណ្តំរូបនេះ ជម្រុញចិត្តឱ្យលោកស្រីជ្រើសរើសលោក ជាទូតសុច្ឆន្ទៈតំណាងឱ្យបាសវ៉ាលីចល័តនេះ។

 


សូមជម្រាបថា កុងត្រាជាទូតសុច្ឆន្ទៈនេះមានរយៈពេល១ឆ្នាំ។ ដោយនេះគ្រាន់ជាជំហានដំបូងប៉ុណ្ណោះ តែបើការងាររលូនជាមួយគ្នា លោកអាចនឹងបន្តទៅមុខទៀតនៅឆ្នាំបន្ទាប់។ ដោយឡែក តម្លៃខ្លួននៃការក្លាយជាទូតសុច្ឆន្ទៈនេះ ហ្សូណូ សុំមិនបញ្ជាក់ឡើយ គ្រាន់តែលើកឡើងថា តម្លៃដែលទទួលបានគឺសមរម្យតាមទំហំការងារ។

 

 

អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024