ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០២៤

កៀកពេលចេញទៅប្រកួតហើយ ប៊ី សុធារី នៅឆ្លៀតពេលថតរឿងភាគសាងប្រជាប្រិយភាពទៀត !   

១៤ មករា ២០២២ | កម្សាន្ដ


 

បន្ទាប់ពីស្នាដៃដំបូងរបស់ខ្លួនទទួលបានការគាំទ្រច្រើនពីសំណាក់ទស្សនិកជន ទីបំផុត ប៊ី សុធារី សម្រេចចិត្តទទួលថតរឿងភាគថ្មីជាបន្តបន្ទាប់ទៀត បើទោះបីជានាងត្រៀមខ្លួននឹងចេញទៅប្រកួត Miss Charm International នាពេលឆាប់ៗខាងមុខក្តី នាងមិនធ្វើឱ្យប៉ះពាល់ដល់ការប្រកួតឡើយ ផ្ទុយទៅវិញកញ្ញាបែរជាខំប្រឹងនៅក្នុងវិស័យ ២ នេះឱ្យខ្លាំងក្លាក្នុងពេលតែមួយ ។ 

 


កម្មវិធីប្រកួត Miss Charm International បានជ្រើសរើសថ្ងៃប្រកួតជាក់លាក់រួចរាល់ហើយក្រោយពីលើកពេលវេលាប្រកួតចំនួន ២ លើកដោយសារជំងឺកូវីដ ១៩ ។ បើតាមគម្រោងកម្មវិធីនេះនឹងប្រព្រឹត្តឡើងចាប់ពីថ្ងៃទី ១០ មេសា រហូតដល់ថ្ងៃទី ២៤ ខែ មេសា ឆ្នាំ ២០២២ នេះនៅប្រទេស វៀតណាម ។

 


តារាម៉ូដែលខ្ពស់ស្រលះរូបនេះ បានត្រៀមខ្លួនរួចជាស្រេចតំណាងឱ្យស្រ្តី ខ្មែរ ទៅចូលរួមក្នុងការប្រកួតនេះ នាងថែមទាំងបាននិយាយថា ការទន្ទឹងរងចាំអស់អស់យ៉ាងយូរបានមកដល់ក្នុងពេលឆាប់ៗនេះហើយ នាងនឹងខិតខំប្រឹងប្រែងធ្វើឱ្យបានល្អបំផុតក្នុងការប្រកួតដ៏ធំមួយនេះ ។

 


មកទល់ពេលនេះកញ្ញា ប៊ី សុធារី នៅពុំទាន់បង្ហាញច្បាស់ពីឈុតតំណាងជាតិដែលខ្លួនត្រៀមយកទៅប្រកួតនៅឡើយទេ នាងបានត្រឹមតែបង្ហាញច្បាស់ពីឈុតសម្លៀកបំពាក់រាត្រីស្រមោលស  ដែលច្នៃឡើងយ៉ាងស្រស់ស្អាត និងរំលេចដោយសត្វក្ងោក ។ នាងនឹងបង្ហាញឈុតនោះនៅពេលកៀកថ្ងៃចេញទៅប្រកួត ។ 

 


ជាមួយនិងការត្រៀមខ្លួនចេញទៅប្រកួត  Miss Charm International  កញ្ញាប៊ី សុធារី ក៏បានទទួលថតរឿងភាគថ្មីមួយទៀត ដើម្បីសាងស្នាដៃឱ្យកាន់តែល្បីល្បាញក្នុងវិស័យសម្តែង ក្រោយពីវត្តមានរឿង ភាគដំបូងរបស់ខ្លួនទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់ទស្សនិកជន ។

 

 

ប៊ីសុធារី បានឱ្យដឹងថា ថ្វីដ្បិតតែទទួលការងារថ្មីនេះ នាងមិនបានធ្វើឱ្យប៉ះពាល់ការត្រៀមខ្លួនចេញទៅប្រកួត Miss Charm International ឡើយ នាងនៅតែខំប្រឹងពង្រឹងសមត្ថភាពខ្លួនឱ្យបានល្អ ទាំងការដើរម៉ូដ ឆ្លើយសំណួរ និងធ្វើសកម្មភាពនានា ។ កញ្ញា ប៊ី សុធារី សង្ឃឹមថា ស្នាដៃទី ២ របស់ខ្លួននៅក្នុងឆ្នាំ ២០២២ នឹងកាន់តែធ្វើឱ្យនាងលេចធ្លោខ្លាំង នៅក្នុងវិស័យសម្តែងបន្ថែមពីលើអាជីពដើរម៉ូដ ៕ 
 

 

 

អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ ឯកសារ 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024