ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤

កម្មវិធីពានរង្វាន់អូស្ការប្រកាសបន្តរៀបចំតាមធម្មតា ទោះកូវីដអូមីក្រុងរាតត្បាតខ្លាំង

១៣ មករា ២០២២ | កម្សាន្ដ

 

កម្មវិធីអូស្ការ ដែលជាកម្មវិធីពានរង្វាន់ដ៏ធំក្នុងវិស័យភាពយន្ត បានសម្រេចនឹងមិនលើកពេលរៀបចំនោះទេ ទោះបីជាវីរុសកូវីដបម្លែងថ្មីអូមីក្រុងកំពុងរាតត្បាតយ៉ាងខ្លាំងក្លាក៏ដោយ។

 


ខណៈដែលកម្មវិធីពានរង្វាន់ដទៃទៀតបានប្រកាសពន្យារពេលរៀបចំដោយសារការរាតត្បាតខ្លាំងនៃវីរុសកូវីដបំប្លែងថ្មីអូមីក្រុង ទូរទស្សន៍ ABC របស់អាមេរិកបានប្រកាសថាកម្មវិធីពានរង្វាន់អូស្ការនឹងបន្តរៀបចំឡើងតាមពេលកំណត់ គឺនៅថ្ងៃទី២៧ ខែមីនា។

 

 

កម្មវិធីពានរង្វាន់អូស្ការ ឬ Academy Awards នាឆ្នាំនេះនឹងមានពិធីករប្រចាំកម្មវិធីជាលើកដំបូងក្រោយបាត់មុខតាំងពីឆ្នាំ២០១៨មក ហើយកម្មវិធីនឹងធ្វើឡើងនៅសាលមហោស្រព Dolby Theatre (ដូលប៊ី សៀតធើ) ក្នុងទីក្រុងឡូសអេនជេលឡេស ដូចពេលមុនៗផងដែរ។  

 

 

កាលពីឆ្នាំ២០១៩ ២០២០ និងឆ្នាំ២០២១ ពានរង្វាន់អូស្ការត្រូវប្រគល់ជូនអ្នកឈ្នះដោយសិល្បករផ្សេងៗគ្នា ដោយមិនមានវត្តមានពិធីករឡើយ។ ទាក់ទងនឹងពិធីករនេះដែរ អ្នកគាំទ្ររបស់តារាសម្ដែងអង់គ្លេស Tom Holland (ថម ហុលឡេន) បានស្នើឲ្យលោកធ្វើជាពិធីករកម្មវិធីនាឆ្នាំនេះ ក្រោយពីទទួលបានជោគជ័យជាមួយភាពយន្ត "Spider-Man: No Way Home"។

 

 

ពិធីករមុនៗប្រចាំកម្មវិធីពានរង្វាន់អូស្ការ មានដូចជាពិធីករ Jimmy Kimmel (ជីមមី ឃីមមែល), តារាកំប្លែង Chris Rock (គ្រីស រ៉ុក) និងពិធីករទូរទស្សន៍ Ellen DeGeneres (អេលឡេន ដេជេនណេរ៉េស) ជាដើម។ គួរបញ្ជាក់ដែរថានៅថ្ងៃទី៨ ខែកុម្ភៈខាងមុខនេះ បេក្ខភាពដែលមានឈ្មោះដណ្ដើមយកពានរង្វាន់អូស្ការប្រចាំឆ្នាំ២០២២ នឹងត្រូវប្រកាសចេញជាផ្លូវការ៕

 

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024