ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤

ផ្លូវ ៧០A នៅរកាកោង បន្ដបិទចរាចរណ៍ធ្វើដំណើរ ខណៈបាក់ស្រុតច្រាំងទន្លេ ធ្ងន់ធ្ងរ

២៧ ​វិច្ឆិកា ២០២១ | ព័ត៌មានជាតិ



គិតមកដល់ថ្ងៃទី២៦ ខែវិច្ឆិកានេះ ផ្លូវលេខ ៧០A ក្នុងឃុំរកាកោង១ មិនទាន់បើកឱ្យពលរដ្ឋធ្វើដំណើរឆ្លងកាត់ទេ ខណៈអាជ្ញាធរ កំពុងចាក់ខ្សាច់ និងថ្ម ដើម្បីទប់ មិនឱ្យមានការបាក់ស្រុតបន្ថែម។ នេះបើតាមការឱ្យដឹងពីជំទប់ទី១ ក៏ដូចជា មេឃុំរកាកោង១ ក្នុងស្រុកមុខកំពូល ខេត្តកណ្ដាល។

លោក ប៉ាល់ ចេក ជំទប់ទី១ ក្នុងឃុំរកាកោង១ ស្រុកមុខកំពូល ខេត្តកណ្ដាល បានឱ្យដឹងនៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះថា ផ្លូវ៧០ A ដែលបានបាត់ស្រុតចុះថ្មីៗនេះ មិនទាន់បើកឱ្យធ្វើដំណើរឡើងវិញទេ។ តាមប្រសាសន៍លោក ប៉ាល់ ចេក ជាបណ្ដោះអាសន្ន អាជ្ញាធរកំពុងចាក់ខ្សាច់ និងថ្ម ដើម្បីទប់មិនឱ្យមានការបាក់ស្រុតបន្ថែម។ 
 

 

ដោយឡែក លោក ម៉ែន ស៊ុ មេឃុំរកាកោង១ បានឱ្យដឹងផងដែរថា ខណៈផ្លូវ៧០A កំពុងចាក់ខ្សាច់ និងថ្ម បន្ថែមនេះ អភិបាលខេត្ត ក៏ដូចជារដ្ឋបាលខេត្តកណ្តាល និងមន្ទីរជំនាញពាក់ព័ន្ធ កំពុងសិក្សាលើការចំណាយថវិកា ដើម្បីជួសជុលនៅផ្លូវ៧០A ក្នុងភូមិពាម ឃុំរកាកោងទី១ នេះផងដែរ។
 

 

គួរបញ្ជាក់ជូនថា ដោយសារចរន្តលំហូរទឹកបានបណ្តាលឱ្យផ្លូវបេតុ និងផ្លូវក្រាលកៅស៊ូមួយចំនួន ក្នុងភូមិពាម និងភូមិព្រែកផ្ដៅ  ឃុំរកាកោង១ ស្រុកមុខកំពូល ខេត្តកណ្តាល បាត់ស្រុត និងរងការខូចខាត។ ដោយឡែក ផ្លូវ៧០A ដែលបានបាក់ជាប់និងច្រាំងទន្លេកាលពីយប់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះ មានសភាពធ្ងន់ធ្ងរ ហើយបច្ចុប្បន្ន ពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ផ្លូវនេះ ទៅកាន់ស្រុកកងមាស ខេត្តកំពង់ចាម ត្រូវវាងផ្លូវ ផ្សេងជំនួសវិញ រហូតដល់មានការជូនដំណឹងជាថ្មីពីអាជ្ញាធរ៕
 

 

អត្ថបទ៖ជុំ ជោគជាតា  រូបភាព៖សុខ ពិសិដ្ឋ

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024