ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០២៤

សម្តេចតេជោ ហ៊ុន សែន បន្តដឹកនាំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ និងកិច្ចប្រជុំពាក់ព័ន្ធ

២៧ ​វិច្ឆិកា ២០២១ | ព័ត៌មានជាតិ

 

នៅទី២៦ ខែវិច្ឆិកានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ បានអញ្ជើញបន្តដឹកនាំកិច្ចប្រជុំកំពូលនេះ និងកិច្ចប្រជុំពាក់ព័ន្ធផ្សេងទៀត រាប់ទាំងកិច្ចប្រជុំចង្អៀតផងដែរ នៅវិមានសន្តិភាព ក្នុងរាជធានីភ្នំពេញ តាមប្រព័ន្ធវីដេអូ។ 


របៀវារៈកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប នៅថ្ងៃទី២៦ ខែវិច្ឆិកា ដែលជាថ្ងៃទី២នេះ បានពិភាក្សាទៅលើបញ្ហាជំងឺកូវីដ១៩ ការស្តារ និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច កិច្ចប្រជុំចង្អៀតពាក់ព័ន្ធនឹងតំបន់អាស៊ី-អឺរ៉ុប ក៏ដូចជាបញ្ហាអន្តរជាតិ និងតំបន់, ការអនុម័តឯកសារ ស្តីពី លទ្ធផលកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣, កម្មវិធីបិទកិច្ចប្រជុំ និងសន្និសីទសារព័ត៌មានរួម។
 


សូមបញ្ជាក់ថា កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានបើកជាផ្លូវការ កាលពីថ្ងៃព្រហស្បតិ៍ ទី២៥ ខែវិច្ឆិកាម្សិលមិញ ដោយមានការអញ្ជើញចូលពីពីថ្នាក់ដឹកនាំប្រទេសអាស៊ី-អឺរ៉ុប មានប្រធានាធិបតី នាយករដ្ឋមន្ត្រី និងមេដឹកនាំជាន់ខ្ពស់ប្រមាណ ៥១រូប បូករួមទាំងថ្នាក់ដឹកនាំសហភាពអឺរ៉ុប និងអគ្គលេខាធិការអាស៊ានផងដែរ។

 

ក្នុងកិច្ចប្រជុំកំពូលរយៈពេល ២ថ្ងៃនេះ បានធ្វើឡើង ក្រោមមូលបទ «ការពង្រឹងពហុភាគីនិយម ដើម្បីកំណើនរួមគ្នា» ដែលផ្តល់ឱកាសដ៏ទាន់ពេលវេលាមួយ ដល់ថ្នាក់ដឹកនាំមកពីតំបន់អាស៊ី និងអឺរ៉ុប ដើម្បីបញ្ជាក់ជាថ្មី អំពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការអាស៊ី-អឺរ៉ុប ក្នុងការចូលរួមដោះស្រាយបញ្ហាសកល និងតំបន់ សម្រាប់ផលប្រយោជន៍ទៅវិញទៅមក ក្នុងនោះរួមទាំងបញ្ហាការរីករាលដាលនៃជំងឺកូវីដ-១៩ និងផលប៉ះពាល់ដល់សង្គម-សេដ្ឋកិច្ចបណ្តាលមកពីជំងឺនេះ ផងដែរ។

 

ថ្នាក់ដឹកនាំ ASEM ក៏បានពិភាក្សាអំពីតួនាទីរបស់ ASEM ក្នុងការលើកកម្ពស់ពហុភាគីនិយម ដោយផ្តោតលើប្រធានបទពាក់ព័ន្ធ រួមមាន ១) ASEM ក្នុងគម្រប់ខួប ២៥ ឆ្នាំ៖ សមិទ្ធផល បញ្ហាប្រឈម និងទិសដៅនាពេលអនាគត ២) ការធ្វើឱ្យប្រសើរឡើងវិញនូវដំណើរការពហុភាគីនិយម ដើម្បីសន្តិភាព និងស្ថិរភាពសកល ៣) ការពង្រឹងប្រព័ន្ធពាណិជ្ជកម្មផ្អែកលើវិធានច្បាប់ ៤) កំណើន និងការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្ន ៥) ការតភ្ជាប់ ៦) ស្ត្រី សន្តិភាព និងសន្តិសុខ និង ៧) បម្រែបម្រួលអាកាសធាតុ ។

 

 

ថ្នាក់ដឹកនាំ ASEM ក៏ពិភាក្សាផងដែរ អំពីជំងឺកូវីដ-១៩ និងការស្ដារ/អភិវឌ្ឍសង្គម-សេដ្ឋកិច្ច ឡើងវិញ ដោយផ្តោតលើ ១) ការដោះស្រាយបញ្ហាប្រឈមបង្កឡើងដោយជំងឺកូវីដ-១៩  ២) ការពន្លឿន ការស្ដារសង្គម-សេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិកូវីដ-១៩ ដើម្បីកំណើនរួមគ្នា និង ៣) ការកសាងឡើងវិញនូវអនាគតប្រកបដោយភាពធន់៕ 

 

 

អត្ថបទ៖ ហ៊ុន ឌីណូ     រូបភាព៖ ក្រុមការងារសម្តេចតេជោ 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024