ថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤

ផ្ទះខ្នងទី២២ របស់មូលនិធិជនពិការ ត្រូវបានប្រគល់ជូនគ្រួសារជនពិការក្រីក្រ នៅខេត្តកំពង់ចាម

២៧ ​វិច្ឆិកា ២០២១ | ព័ត៌មានជាតិ



ម្សិលម៉ិញនេះ មូលនិធិជនពិការ បានប្រគល់ផ្ទះ ១ ខ្នងទៀត ដល់គ្រួសារជនពិការក្រីក្រ ១ គ្រួសារ រស់នៅក្នុងស្រុកព្រៃឈរ ខេត្តកំពង់ចាម។ ប្រការនេះ ធ្វើឱ្យផ្ទះដែលមូលនិធិជនពិការបានប្រគល់ជូនដល់គ្រួសារជនពិការក្រីក្រ បានកើនឡើងដល់២២ ខ្នងហើយ ។


ផ្ទះថ្មី១ខ្នង ទំហំ៤ x ៦ ម៉ែត្រ ធ្វើអំពីថ្ម ប្រក់ស័ង្កសី របស់មូលនិធិជនពិការ ត្រូវបានលោក ស៊ឹម សុធន នាយកមូលនិធិជនពិការ រួមដំណើរដោយលោក ទូច វឌ្ឍនា ប្រធានមន្ទីរសង្គមកិច្ច ខេត្តកំពង់ចាម លោក ជា បញ្ញា អភិបាលរងស្រុកព្រៃឈរ និងមន្រ្តីមូលដ្ឋានខ្លះរូបទៀត ប្រគល់ជូនគ្រួសារអ្នកស្រី នួន ណាវី អាយុ៥៤ឆ្នាំ ជាជនពិការជើងស្តាំ និង សតិបញ្ញា ដែលជាជនពិការក្រីក្រ  រស់នៅក្នុងភូមិម្រិញ ឃុំគរ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ហើយ កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ។
គួរជម្រាបថាគិតពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២១ មូលនិធិជនពិការ បានសាងសង់ផ្ទះចំនួន ២៩ខ្នង និងបានប្រគល់ជូនជនពិការក្រីក្រ ជាបន្តបន្ទាប់ ហើយផ្ទះដែលត្រូវបានបានប្រគល់ជូនដល់ជនពិការនៅថ្ងៃនេះ គឺជាផ្ទះខ្នងទី ២២ ។


ចំពោះស្ថានភាពជនពិការដែលទទួលបានផ្ទះនៅថ្ងៃនេះ អាជ្ញាធរឃុំ បានឱ្យដឹងថា ស្ត្រីពិការ នួន ណាវី រស់នៅជាមួយកូន២នាក់ ដែលក្នុងនោះកូនប្រុសម្នាក់ជាជនពិការសតិបញ្ញាដែរ ហេតុនោះគ្រួសារពឹងផ្អែកទាំងស្រុងលើកូនស្រីម្នាក់ ជាកម្មការិនីរោងចក្រ ។ មុននេះ គាត់មានផ្ទះមួយដែរ ប៉ុន្តែចាស់ទ្រុឌទ្រោមណាស់ទៅហើយ ហើយជាអកុសល ផ្ទះនោះបានដួលរលំបាត់ទៅ ដោយសារខ្យល់កន្ត្រាក់ ទើបគ្រួសារគាត់ទៅស្នាក់នៅជាមួយបងប្អូនដែលនៅជិតផ្ទះរបស់គាត់ ។

 

គឺដោយឃើញទុក្ខលំបាករបស់គ្រួសារអ្នកកស្រី នួន ណាវី នោះហើយ ទើបអាជ្ញាធរបានទំនាក់ទំនងទៅសាខាមូលនិធិជនពិការខេត្តកំពង់ចាម ដើម្បី សុំការគាំទ្រនានាដល់គ្រួសារជនពិការមួយនោះ ។ តាមរយៈការសម្របសម្រួលពីសាខាមូលនិធិជនពិការខេត្តកំពង់ចាម និងមានការយកចិត្តទុកដាក់ពីលោក ស៊ឹម សុធន នាយកមូលនិធិជនពិការ ទើបគ្រួសារគាត់ទទួលបានផ្ទះ ១ ខ្នងពីមូលនិធិជនពិការ នៅថ្ងៃនេះ ។ 

 


លោក ស៊ឹម សុធន បានថ្លែងថា កម្មវិធីសាងសង់ផ្ទះជូនជនពិការក្រីក្រតាមសហគមន៍ នេះ ត្រូវបានបង្កើតឡើងក្នុងគោលបំណងលើកកម្ពស់សុខុមាលភាព និងគុណភាពជីវិតរបស់ជនពិការក្រីក្រ ក៏ដូចជាចូលរួមជាមួយរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋកម្ពុជាផងដែរ។ លោកនាយក ក៏បានផ្តាំផ្ញើរដល់គ្រួសារជនពិការ សូមចូលរួមថែរក្សាផ្ទះថ្មីនេះឱ្យបានគង់វង្សយូរអង្វែង និងសូមថែរក្សាសុខភាពខៀសផុតពីជំងឺឆ្លងទាំងឡាយ។ 

 


ក្នុងពិធីនោះដែរ មូលនិធិជនពិការ ក៏បានផ្តល់ជូននូវអំណោយសប្បុរសធម៌របស់មូលនិធិជនពិការ សម្រាប់ផ្តល់ជូនដល់គ្រួសារដែលទទួលបានផ្ទះថ្មី នូវថវិកា អង្ករ ត្រីខ ទឹកស៊ីវអ៊ីវ ទឹកត្រី អំបិល និងមី ផងដែរ ។ ជាមួយគ្នានេះ សាខាកាកបាទក្រហមស្រុក តាមរយៈលោកអភិបាលរងស្រុកព្រៃឈរ ក៏បានឧបត្ថម្ភដល់ជនពិការខាងផងដែរនូវគ្រឿងឧបភោគបរិភោគ មួយចំនួនទៀត៕
 

 

 

អត្ថបទ៖ ខឿន សាឃាង  រូបភាព៖ គុន យុទ្ធថុនា

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024