ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤

អាជ្ញាធរជាតិអប្សរា ដាក់ឱ្យដំណើរខ្សែរទស្សនាថ្មី ក្នុងអំឡុងនៃការបិទជាន់ទីបីនៃប្រាសាទបាយ័ន ដើម្បីធ្វើការជួសជុល

២៧ ​វិច្ឆិកា ២០២១ | ព័ត៌មានជាតិ


អាជ្ញាធរជាតិអប្សរាបានធ្វើការជូនដំណឹងដល់សាធារណៈជន ស្ថាប័ន និងអង្គភាពពាក់ព័ន្ធនានា ទាំងជាតិ និងអន្តរជាតិ ពីការបិទជាន់ទីបីនៃប្រាសាទបាយ័ន (ប្រាង្គប្រាសាទ) ដើម្បីធ្វើការជួសជុល។ ស្របពេលជាមួយគ្នានេះ អាជ្ញាធរជាតិអប្សរា ក៏សិក្សាស្រាវជ្រាវ និងរៀបចំខ្សែទស្សនាថ្មីដែលរក្សាបាននូវគុណតម្លៃនៃប្រាសាទ កាត់បន្ថយការកកស្ទះ ផ្តល់នូវសុវត្ថិភាពជូនភ្ញៀវទេសចរ ព្រមទាំងបង្កើនគុណភាពនៃការទស្សនា។ 

 

ឯកឧត្តម ឡុង កុសល អគ្គនាយករងអាជ្ញាធរជាតិអប្សរា ប្រាប់ភិអិននៅថ្ងៃទី ២៦វិច្ឆិកានេះថា ការរៀបចំបែបនេះ អាចធ្វើឱ្យភ្ញៀវទេសចរណ៍កាន់តែអាចស្វែងយល់បានច្បាស់លាស់ និងបង្ហាញពីចំណាប់អារម្មណ៍ទៅលើប្រាសាទ ព្រោះកន្លងមកភ្ញៀវមួយចំនួនគាត់គ្រាន់តែបានដើរឆ្លងកាត់ ដោយមិនបានស្វែងយល់ពីប្រវត្តិសាស្ត្រ ឬខ្លឹមសារនៃរូបចម្លាក់នីមួយៗនោះទេ។ 

 

ឯកឧត្តមបន្តថា ការរៀបចំឡើងបែបនេះ ក៏ជួយផ្តល់ជាបទពិសោធន៍ល្អៗដល់អ្នកទស្សនា រួមទាំងចំណេះដឹង និងការចងចាំល្អៗក្នុងដំណើរកម្សាន្តរបស់ពួកគេ។ មួយវិញទៀត ឯកឧត្តមថា ការរៀបចំឱ្យមានការខ្សែទស្សនាថ្មីនេះ គឺធ្វើឡើងក្នុងគោលបំណងធានាឱ្យបាននូវការឆ្លងនូវជំងឺ ដែលជាហេតុធ្វើឱ្យមានការរៀបចំឱ្យមានខ្សែទស្សនាថ្មីនេះបែបជាគន្លងត្រឹមត្រូវ ដែលអ្នកទស្សនាទាំងអស់ដើរតាមគន្លងតែមួយដើម្បីទស្សនា និងមានការរក្សាគម្លាតសុវត្ថិភាពពីមួយទៅមួយផងដែរ។ 

 

តាមរយៈនេះ ភ្ញៀវទេសចរអាចទស្សនាប្រសាទបាយ័ននៅជាន់ទីមួយ និងទីពីរ ព្រមទាំងផ្នែកដទៃទៀត ក្រៅពីជាន់ទីបី ដោយអនុវត្តតាមខ្សែទស្សនាថ្មីដែលមានបីជម្រើស៖ ជម្រើសរយៈពេលខ្លីមាន ៥៥នាទី ជម្រើសរយៈពេលមធ្យមមាន ១ម៉ោង ១៥នាទី និងជម្រើសរយៈពេលវែងមាន ១ម៉ោង ៤៥នាទី។ ជម្រើសទាំងបីនេះ គឺអនុញ្ញាតឱ្យទេសចរឆ្លងកាត់ផ្នែកសំខាន់ៗដូចជា ផ្ទាំងចម្លាក់សាច់រឿង ចំណុចសំខាន់ដែលមិនធ្លាប់បានទស្សនាបានទូលំទូលាយកាលពីមុន ទីតាំងថតរូបប្រាសាទបានស្អាតៗជាដើម។ 

 

 

ទន្ទឹមនឹងនេះ ហេដ្ឋារចនាសម្ព័ន្ធ និងបរិក្ខារចាំបាច់នានាដដូចជា ជណ្តើរ រនាំងរបារ ស្លាកសញ្ញាប្រាប់ទិសដៅទស្សនា ផ្ទាំងព័ត៌មានបរិយាយពីចម្លាក់នៅតាមជញ្ជាំងថាវជាដើម ត្រូវបានរៀបចំថ្មីបន្ថែមរួចរាល់ដើម្បីសម្រួលដល់ដំណើរការនៃខ្សែទស្សនាផងដែរ។ 

 

 

ដោយឡែកចំពោះខ្សែទស្សនាថ្មីនេះ អាជ្ញាធរជាតិអប្សរា នឹងដាក់ដំណើរការចាប់ពីថ្ងៃទី ១ធ្នូ ឆ្នាំ ២០២១នេះតទៅ និងសូមឱ្យក្រសួង ស្ថាប័នជាតិ អន្តរជាតិ អាជ្ញាធរដែនដី មន្ទីរ អង្គភាព សមាគមទីភ្នាក់ងារទេចរណ៍ សមាគមន៍មគ្គុទេសក៍ទេចរណ៍ សមាគមដឹកជញ្ជូនភ្ញៀវទេសចរ ក្រុមហ៊ុនទេសចរណ៍ ភ្ញៀវទេសចរជាតិ អន្តរជាតិ និងសាធារណៈជន ទាំងអស់មេត្តាជ្រាប និងចូលរួមសហការ ផ្សព្វផ្សាយទាំងអស់គ្នា៕

 

 

 

អត្ថបទ៖ អ៊ីសា ហាសាណះ  រូបភាព៖ ឯកសារ

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024