ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤

វត្តមាន ភីយ៉ា ក្នុងរឿង « មរណមាតា » អាចធ្វើឱ្យនាងល្បីឡើងវិញទេក្រោយស្ងាត់ពីសិល្បៈ ? 

២៧ ​វិច្ឆិកា ២០២១ | កម្សាន្ដ

 

តារាសម្តែងទឹកភ្នែក ភីយ៉ា បានបាត់មុខពីវិស័យសម្តែងតាំងពីដើមឆ្នាំ ២០២១ មកម្ល៉េះ។ មិនដឹងថា វត្តមានថ្មីរបស់នាងនៅក្នុងរឿងភាគរបស់ទូរទស្សន៍ ភីអិនអិន ក្រោមចំណងជើងថា « មរណមាតា » ដែលកំពុងចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍ PNN អាចទាញប្រជាប្រិយភាពរបស់នាងបានមកវិញដូចដើមឬយ៉ាងណាទេ ?


ក្រោយចំណាយពេលវេលាថត និងកាត់តយ៉ាងសម្រិតសម្រាំងអស់រយៈពេលជិតមួយឆ្នាំ ទីបំផុតរឿង « មរណមាតា » ត្រៀមដាក់បញ្ចាំងកាលពីយប់ថ្ងៃទី ២៥ ខែ វិច្ឆិកាម្សិលមិញ  ហើយមានទស្សនិកជនជាច្រើនកំពុងទន្ទឹងរងចាំទស្សនាភាពយន្តដ៏គួរឱ្យចាប់អារម្មណ៍នេះ ក្រោយពីបានទស្សនាឈុតខ្លីៗនាកន្លងមក ។ ក្នុងរឿងនេះផងដែរប្រជុំទៅដោយសិល្បករថ្មីចាស់ដែលមានបទពិសោធសម្តែងល្អជាច្រើនរូប ។ 


សម្រាប់កញ្ញា ភីយ៉ា វិញក៏មានវត្តមាននៅក្នុងរឿង « មរណមាតា » ផងដែរ ទោះមិនស្ថិតនៅក្នុងតំណែងជាតួឯកស្រី ប៉ុន្តែនាងសម្តែងជាតួម្តាយដែលមានចរិតស្លូតបូត មិនហ៊ានតបត សុខចិត្តធ្វើអ្វីៗគ្រប់យ៉ាង ដើម្បីស្វាមី ទោះបីត្រូវស្វាមីវាយធ្វើបាប និងមានប្រពន្ធចុង នាងសុខចិត្តធ្វើមិនដឹងមិលឺ ទ្រាំរស់នៅ និងបំរើស្វាមី រហូតដល់ថ្ងៃខ្លួនស្លាប់ ។ 

 


ក្រោយពីថតរឿង « មរណមាតា » ចប់ ភីយ៉ា ក៏មិនមានវត្តមាននៅក្នុងរឿងភាគថ្មីណាមួយដែរ រហូតធ្វើឱ្យទស្សនិកជនជាច្រើនគិតថា នាងបានរៀបការមានគ្រួសារ និងបោះបង់អាជីពសិល្បៈចោលហើយ ពីព្រោះកន្លងមកនាងធ្លាប់បាននិយាយផងដែរថា នាងទទួលថតរឿងត្រឹមតែ ២ ប៉ុណ្ណោះក្នុងមួយឆ្នាំ ដើម្បីត្រៀមខ្លួនធ្វើរឿងផ្ទាល់ខ្លួនមួយចំនួន ។ 

 


ជាមួយនិងការបង្ហាញមុខក្នុងរឿង « មរណមាតា » នេះ កញ្ញា ភីយ៉ា បានឱ្យដឹងផងដែរថា ថ្វីដ្បិតតែនាងបាត់មុខពីការសម្តែង ប៉ុន្តែនាងនៅតែរំពឹងថា ស្នាដៃថ្មីនៅក្នុងរឿង « មរណមាតា » នឹងធ្វើឱ្យទស្សនិកជនចាប់អារម្មណ៍នាងឡើងវិញ ពីព្រោះតួអង្គដែលនាងសម្តែងជាតួអង្គដែលគួរឱ្យអាណិត និងធ្វើឱ្យទស្សនិកជនចងចាំមិនភ្លេច ។ 

 


គួររំលឹកផងដែរថា ភីយ៉ា ធ្លាប់លេចមុខនៅក្នុងរឿងភាគរបស់ទូរទស្សន៍ ភីអិនអិន ជាច្រើនរឿងមកហើយ ហើយមូលហេតុដែលនាងស្ងាត់ពីសិល្បៈ គឺនាងបានងាកទៅចាប់អារម្មណ៍រកស៊ីជំនួសវិញដើម្បីបង្កើនប្រាក់ចំណូល ។ ភីយ៉ា ក៏ត្រៀមខ្លួននឹងធ្វើជាកូនក្រមុំនៅក្នុងពេលឆាប់ៗខាងមុខ ក្រោយពីស្វែងយល់ចិត្តថ្លើមគ្នា ជាមួយបុរសម្នាក់ ៕ 

 

 

អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ PNN

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024