ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤

ប៉ូលិសនេប៉ាល់ផ្តល់មេដាយនិងកម្រងផ្កាដល់មិត្តសម្លាញ់ជើងបួនរបស់មនុស្សក្នុងពិធីបុណ្យ Canine

២៧ ​វិច្ឆិកា ២០២១ | ព័ត៌មានអន្តរជាតិ

មន្ត្រីប៉ូលិសនៅប្រទេសនេប៉ាល់បានផ្តល់មេដាយនិងកម្រងផ្កាដល់សត្វសុនកដែលជាមិត្តសម្លាញ់ដ៏ល្អបំផុតរបស់មនុស្សក្នុងពិធីបុណ្យសម្រាប់សត្វផ្សេងៗរួមទាំងសត្វសុនកផងដែរកាលពីពេលថ្មីៗកន្លងទៅនេះ។

 

 

 

 

មន្ត្រីប៉ូលិសនេប៉ាល់បានផ្តល់កិត្តិយសដល់សត្វសុនករាប់សិបក្បាលដោយការផ្ដល់មេដាយ កម្រងផ្កា និងការព្យាបាលនៅក្នុងពិធីបុណ្យ ទីហា (Tihar) រយៈពេលប្រាំថ្ងៃដែលក្នុងអំឡុងពេលនោះសូម្បីតែក្អែក និងសត្វគោក៏ទទួលបានការគោរពផងដែរ។


អ្នកគោរពកាន់សាសនាហិណ្ឌូបានចាត់ទុកសត្វសុនកគឺជាអ្នកនាំសាររបស់ព្រះយ៉ាម៉ារ៉ាច (Yamaraj) ដែលជាព្រះគ្រប់គ្រងសេចក្តីស្លាប់ ហើយគេជឿថា ការគោរពបូជាចំពោះសត្វសុនកធ្វើឱ្យព្រះយ៉ាម៉ារ៉ាចមានការសប្បាយចិត្ត។

 

 

 


សត្វសុនខចំនួន ៤៧ ក្បាលបានចូលរួមនៅក្នុងបង្ហាញពីជំនាញទេពកោសល្យរបស់វានៅក្នុងពិធីបុណ្យនេះនៅមជ្ឈមណ្ឌលហ្វឹកហ្វឺនសត្វសុនករបស់ប៉ូលិស។ នៅក្នុងពិធីបុណ្យនេះក៏បានរួមបញ្ចូលទាំងការប្រកួតមួយចំនួនដូចជាការស្តាប់បង្គាប់ ការរកឧបសគ្គ ការលោតកម្ពស់ និងការរត់ផងដែរ។

 

 

 

 

 


ប្រជាពលរដ្ឋម្នាក់និយាយថា សត្វសុនខអាចជួយការពារជំងឺធ្លាក់ទឹកចិត្ត និងធ្វើជាមិត្តដ៏ល្អបំផុតរបស់ម្ចាស់វា ហើយវាក៏បានផ្តល់នូវអារម្មណ៍សប្បាយរីករាយមិនថាស្ថានភាពបែបណានោះទេ។ ពេលយើងចូលផ្ទះវាមកទទួលយើងដល់ខ្លោងទ្វារ គ្រវីកន្ទុយ ហើយស្វាគមន៍យើង។ ទង្វើនេះបង្កើនទំនាក់ទំនងរវាងមនុស្សនិងសត្វសុនខយ៉ាងជិតស្និទ្ធនិងទំនាក់ទំនងដ៏បរិសុទ្ធគ្មានអ្វីប្រៀបផ្ទឹមបានឡើយ។


ប្រទេសនេប៉ាល់មានអ្នកគោរពកាន់សាសនាហិណ្ឌូប្រហែល ៨០ % ក្នុងចំណោមប្រជាជនសរុប ៣០ លាននាក់៕

 

 

 

ប្រែសម្រួល៖ ប៉ិច ស៊ីនួន

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024