ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤

Apple TV+ បញ្ចេញ រឿង ភាគ កូរ៉េ ដំបូង សង្ឃឹម អាច ប្រជែង “Squid Game” របស់ Netflix

១៨ ​វិច្ឆិកា ២០២១ | កម្សាន្ដ

សេវាទស្សនាភាពយន្តអនឡាញ Apple TV+  របស់ក្រុមហ៊ុន Apple បានចេញផ្សាយ ភាពយន្ត កូរ៉េ ដំបូង របស់ ខ្លួន  ជា ដំណើរ  ប្រកួតប្រជែង ជាមួយ សេវាកម្ម Netflix ដែល ទទួលបាន ជោគ ជ័យ ខ្លាំង ជាមួយ ភាព យន្ត ភាគកូរ៉េ “Squid Game”។

 



ស្របពេលដែល សេវាកម្ម Netflix ទទួលបានជោគជ័យខ្លាំងជាមួយ រឿង ភាគ កូរ៉េ “Squid Game” ក្រុមហ៊ុន Apple ឯណោះបានចេញផ្សាយ ភាពយន្ត ភាគ កូរ៉េដំបូងលើ សេវាកម្ម Apple TV+ (អេបផល ធីវី ផ្លាស់) របស់ខ្លួន  ស្រប ពេលដាក់ដំណើរការ សេវាកម្មនេះ នៅក្នុង ប្រទេស កូរ៉េខាងត្បូង។

 

 

ភាពយន្តភាគកូរ៉េដំបូងនេះមានចំណងជើងថា "Dr. Brain" (ដុកទ័រ ប្រ៊ែន) ផលិត ចេញ ពី សៀវភៅ ត្លុក កូរ៉េ  ជា ប្រភេទ  ភាពយន្ត វិទ្យាសាស្ត្របែបរន្ធត់ មានដំណើររឿងអំពី គ្រូពេទ្យ ម្នាក់ដែល ព្យាយាម ស្វែងរក តម្រុយ ជុំវិញ គ្រោះ ថ្នាក់ ដ៏ អាថ៌កំបាំងមួយ  តាមរយៈ ការ ពិសោធន៍ ខួរក្បាលរបស់ជនរងគ្រោះ។

 

 

ការវិនិយោគ ផលិតភាពយន្ត កូរ៉េពីសំណាក់ សេវាកម្ម Apple TV+ (អេបផល ធីវី ផ្លាស់)  គឺក្រោយ ពី ប្រជា ប្រិយ ភាព  នៃ   ឧស្សាហកម្ម កម្សាន្តរបស់ កូរ៉េ បាន ឈាន ដល់ ចំណុចកំពូល លំដាប់សកលលោក  មានដូចជា ក្រុម បុរស BTS, ភាពយន្ត Parasite (ប៉ារ៉ាសាយ) ដែលឈ្នះពានរង្វាន់ អូស្ការ និង បច្ចុប្បន្ននេះ គឺ ភាពយន្ត ភាគ “Squid Game” (ស្វីត ហ្គេម) ដែលបាន ក្លាយ ជា ភាពយន្ត ភាគល្បី ជាងគេបំផុតរបស់ Netflix ។

 

 

គួរដឹងថាភាពយន្ត "Dr. Brain" (ដុកទ័រ ប្រ៊ែន) បាន ចេញផ្សាយ នៅ ថ្ងៃទី៤ ខែវិច្ឆិកា ដែលមានសរុបចំនួន ៦ ភាគ  ហើយ ទន្ទឹមនឹង ការចេញផ្សាយ ភាពយន្តនេះ សេវាកម្ម Apple TV+ ក៏ បាន បន្ថែម ការ បកប្រែ លើ កម្មវិធី ឬ ភាពយន្ត ផ្សេងៗ ជា ភាសា កូរ៉េ ផងដែរ៕

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024