ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

អ្នកជំនាញរំពឹងវិស័យទេសចរណ៍កម្ពុជាអាចនឹងប្រសើរឡើងវិញឆាប់ ក្រោយពីកម្ពុជាប្រកាសកែប្រែមិនតម្រូវឲ្យធ្វើចត្តាឡីស័ក

១៧ ​វិច្ឆិកា ២០២១ | សេដ្ឋកិច្ច



អ្នកជំនាញនៅក្នុងវិស័យទេសចរណ៍កម្ពុជារំពឹងថា វិស័យទេសចរណ៍កម្ពុជានឹងប្រសើរឡើងវិញ បន្ទាប់ពីរដ្ឋាភិបាលប្រកាសមិនតម្រូវឱ្យធ្វើចត្តាឡីស័ក និងពុំចាំបាច់ធ្វើតេស្តតាមម៉ាស៊ីន PCR សម្រាប់ភ្ញៀវដែលបានចាក់វ៉ាក់សាំងគ្រប់ដូសនៅពេលចូលមកកម្ពុជា។

 


លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាបានគូសបញ្ជាក់ថា ដំណឹងនៃការប្រកាសរបស់ប្រមុខរដ្ឋាភិបាលស្តីអំពីការមិនតម្រូវឱ្យធ្វើចត្តាឡីស័ក និងពុំចាំបាច់ធ្វើតេស្តតាមម៉ាស៊ីន PCR សម្រាប់ភ្ញៀវដែលបានចាក់វ៉ាក់សាំងគ្រប់ដូសនៅពេលចូលមកកម្ពុជាគឺជាដំណឹងវិជ្ជមានបំផុតសម្រាប់វិស័យទេសចរណ៍ក៏ដូចជាអ្នកទេសចរបរទេសដែលមានបំណងចូលមកកម្សាន្តនៅកម្ពុជា។

 


ជាមួយគ្នានេះឯកឧត្តម ស៊ិន ចាន់សិរីវុត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលបានគូសបញ្ជាក់ដែរថា ដំណឹងនៃការប្រកាសរបស់ប្រមុខរាជរដ្ឋាភិបាលនាពេលនេះអាចជាក្តីសង្ឃឹមថា ទាក់ទាញកំណើនភ្ញៀវទេសចរណ៍ ប៉ុន្តែភ្លាមៗនេះឃើញថាវិស័យអាកាសចរគឺមិនទាន់មានការប្រែប្រួលប្រសើរឡើងនៅឡើយទេ ពោលគឺត្រូវទាមទាពេលវេលាបន្តទៀត ក្នុងការរៀបចំដំណើរការទទួលភ្ញៀវ។

 


យ៉ាងណាបើតាមលោកស្រីឆាយស៊ីវលីនសង្ឃឹមជឿជាក់ថា ការប្រកាសនេះនឹងធ្វើឱ្យវិស័យទេសចរណ៍កម្ពុជាឆាប់ស្តារឡើងវិញ ប៉ុន្តែទន្ទឹមនឹងនេះកម្ពុជាក៏ត្រូវជំរុញឱ្យមានការភ្ជាប់ជើងហោះហើរឱ្យបានច្រើនផងដែរ។


លោកស្រីថា នៅពេលការដឹកជញ្ជូនតាមផ្លូវអាកាសមានលក្ខណៈសម្បូរបែប ទើបផែនការបើកទទួលភ្ញៀវទេសចរអន្តរជាតិនេះមានប្រសិទ្ធភាពខ្ពស់ ព្រោះនេះជាឱកាសល្អដោយសារតែការបើកប្រទេសជិតខាង ក៏ដូចជាក្នុងតំបន់អាស៊ាននៅមានកម្រិតនៅឡើយ៕

 

 

អត្ថបទ: ស៊ឺន សុន និងរូបភាព ឯកសារ

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024