ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០២៤

សេដ្ឋកិច្ចថៃ រំពឹងប្រសើរឡើងវិញនៅឆមាសទី ២ ឆ្នាំ ២០២២

១៧ ​វិច្ឆិកា ២០២១ | សេដ្ឋកិច្ច



តាមការស្ទង់មតិរបស់សាកលវិទ្យាល័យសភាពាណិជ្ជកម្មថៃ បានបង្ហាញថា សេដ្ឋកិច្ចថៃ រំពឹងនឹងប្រសើរឡើងវិញនៅឆមាសទី ២ ឆ្នាំ ២០២២ បើទោះបីជាមានការបើកច្រកទ្វារទេសចរណ៍ឡើងវិញក៏ដោយ ព្រោះថា មានក្តីកង្វល់ច្រើនពី រលកឆ្លងថ្មីនៃមេរោគកូវីដ១៩។ នេះបើយោងតាមការចេញផ្សាយនៅថ្ងៃនេះ ដោយសារព័ត៌មាន Bangkok Post។

 


ប្រទេសថៃ នៅក្នុងខែវិច្ឆិកានេះ បានបើកទ្វារស្វាគមន៍ភ្ញៀវទេសចរបរទេសលើកដំបូងរបស់ខ្លួន ដោយគ្មានលក្ខខណ្ឌតម្រូវឱ្យនៅដាច់ពីគេ បន្ទាប់ពីមានការរឹតបន្តឹងអស់រយៈពេលជាង ១ឆ្នាំមកនេះ។


សាកលវិទ្យាល័យសភាពាណិជ្ជកម្មថៃ បានលើកឡើងថា ទោះបីជាការបើកដំណើរការសេដ្ឋកិច្ចឡើងវិញ បានបង្កើនក្តីសង្ឃឹមសម្រាប់ការងើបឡើងវិញនៃសេដ្ឋកិច្ចក៏ដោយ មនុស្សភាគច្រើនដែលបានចូលរួមការស្ទង់មតិ មិនមានការរំពឹងទុកខ្ពស់នោះទេ ដោយសារតែមានការព្រួយបារម្ភអំពី ការផ្ទុះឡើងថ្មីនូវរលកកូវីដ១៩ ដែលនឹងនាំឱ្យមានវិធានការទប់ស្កាត់ម្តងទៀត។


លោក ផុន វីឆៃ ប្រធានសាកលវិទ្យាល័យសភាពាណិជ្ជកម្មថៃ បានមានប្រសាសន៍ថា ប្រជាពលរដ្ឋ នៅតែមានការប្រុងប្រយ័ត្នចំពោះការចំណាយ ពីព្រោះពួកគេមិនមានទំនុកចិត្តថាតើ កូវីដ១៩ នឹងត្រូវបានទប់ស្កាត់ បន្ទាប់ពីការបើកប្រទេសឡើងវិញឬអត់នោះទេ។


សាកលវិទ្យាល័យរំពឹងថា នឹងមានភ្ញៀវទេសចរបរទេសចំនួន ៣សែននាក់ ក្នុងរយៈពេល ២ខែ ចុងក្រោយនៃឆ្នាំ ២០២១នេះ ដែលមានការធ្លាក់ចុះខ្លាំងបំផុត ធៀបនឹងភ្ញៀវទេសចរបរទេសចំនួន ៤០លាននាក់ កាលពីឆ្នាំ ២០១៩។យ៉ាងណាមិញ សេដ្ឋកិច្ចថៃ បានធ្លាក់ចុះតិចជាងការរំពឹងទុក នៅក្នុងត្រីមាសទី ៣ ដោយសារសកម្មភាពសេដ្ឋកិច្ចក្នុងស្រុក បានចាប់ផ្តើមងើបឡើងវិញ បន្ទាប់ពីការធ្លាក់ចុះដោយសារមេរោគឆ្លង។


ទន្ទឺមគ្នានេះ សេដ្ឋកិច្ចថៃ ត្រូវបានរំពឹងថានឹងកើនឡើងពី ១% ទៅ ១,៥% នៅឆ្នាំនេះ និង ៣,៥% ទៅ ៥% នៅឆ្នាំ ២០២២ អាស្រ័យលើការដាក់ឱ្យប្រើប្រាស់ថ្នាំបង្ការ និងវិធានការជំរុញបន្ថែមទៀតពី រាជរដ្ឋាភិបាលថៃ។សូមជម្រាបដែរថា គិតមកទល់ពេលនេះ ប្រទេសថៃ បានចាក់វ៉ាក់សាំង ត្រឹមតែជាងពាក់កណ្តាលនៃមនុស្ស ៧២លាននាក់ប៉ុណ្ណោះដែលរស់នៅក្នុងប្រទេសនេះ៕
 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា និងរូបភាពឯកសារ

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024