ថ្ងៃពុធ ទី១៧ ខែមេសា ឆ្នាំ២០២៤

រាជរដ្ឋាភិបាល បន្តដាក់ចេញនូវវិធានការគាំទ្រ និងលើកទឹកចិត្តទាំងផ្នែកសារពើពន្ធ និងផ្តល់ហិរញ្ញប្បទានជំរុញការវិនិយោគវិស័យកែច្នៃ និងកសិកម្ម

១៦ ​វិច្ឆិកា ២០២១ | សេដ្ឋកិច្ច



ស្របពេលដែលមើលឃើញវិស័យកសិកម្ម នៅបន្តមានសក្តានុពលខ្ពស់ ក្នុងការជួយទ្រទ្រង់សន្តិសុខស្បៀង ជាពិសេសការគាំទ្រកំណើន និងការស្រូបកម្លាំងពលកម្មការងារ រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការគាំទ្រនានា និងការលើកទឹកចិត្តទាំងផ្នែកសារពើពន្ធ និងហិរញ្ញប្បទានសំដៅជំរុញការវិនិយោគក្នុងវិស័យកសិកម្ម ក៏ដូចជាវិស័យកែច្នៃកសិកម្មឱ្យ កាន់តែរីកចម្រើនបន្តគាំទ្រដល់កំណើនសេដ្ឋកិច្ច។ 

 


យោងតាមរបាយការណ៍ស្តីពីសេចក្តីព្រាងក្របខណ្ឌយុទ្ធសាស្រ្ត និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវិដ ១៩ តាមកន្លងប្រក្រតីភាពថ្មី បានឲ្យដឹងពីស្ថានភាព ទស្សនវិស័យ ការកែទម្រង់ និងវិធានការស្តារលើវិស័យកសិកម្ម ពោលគឺវិធានការណ៍នេះបានជួយឱ្យកម្ពុជាលើកកម្ពស់ផលិតផលកសិកម្មក្នុងស្រុក ដើម្បីបំពេញតម្រូវការប្រើប្រាស់ និងបង្កើន ការនាំចេញ ផលិតផលកសិកម្មបានកាន់តែច្រើន។

 


ដើម្បីស្ដារ និងជំរុញកំណើនសេដ្ឋកិច្ច រាជរដ្ឋាភិបាលនឹងផ្ដោតជាចម្បងក្នុងការដោះស្រាយបញ្ហា ប្រឈម ក្នុងវិស័យដែលនៅមានសក្តានុពល និងជាចន្ទល់ កំណើនសេដ្ឋកិច្ចដែលអាចបង្កើតនូវតម្លៃបន្ថែម ក្នុងរយៈពេលខ្លី ២០២១-២០២៣ និងជំរុញការស្ទុះងើបឡើងវិញសកម្មភាពសង្គម-សេដ្ឋកិច្ចទៅរកប្រក្រតីភាពថ្មីឱ្យបានឆាប់រហ័ស លើវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម វិស័យទេសចរណ៍ វិស័យកាត់ដេរ និងវិស័យកម្មនសាលមិនមែនកាត់ដេរ។ 


នៅក្នុងពេលមានវិបត្តិកូវិដ-១៩ វិស័យកសិកម្ម និងកសិ-ឧស្សាហកម្មត្រូវបានចាត់ទុកថា ជាវិស័យដែលមានសក្តានុពលខ្ពស់ដោយសារតម្រូវការចំណីអាហារមានការកើនឡើង។ វិស័យនេះមិនបានទទួលរងផលប៉ះពាល់ តែជាវិស័យជួយសម្រាលបន្ទុក និងផលប៉ះពាល់ពីវិស័យផ្សេងទៀត តាមរយៈ ការផ្តល់ការងារ និងចំណូល។


ទោះបីជាមានវឌ្ឍនភាពល្អប្រសើ វិស័យកសិកម្មនៅបញ្ហាប្រឈមធំៗមួយចំនួន ដែលចាំបាច់ ត្រូវមានដំណោះស្រាយ ដូចជា កំណើនផលិតភាពទាបដែលបណ្តាលមកពីកត្តាកង្វះខាតពូជ សុទ្ធ បច្ចេកទេស ប្រព័ន្ធស្រោចស្រពកសិកម្ម និងបច្ចេកវិទ្យានៅមានកម្រិត  កង្វះការវិនិយោគលើការកែច្នៃ ដែលបណ្តាលមកថ្លៃដើមផលិតកម្មនៅមានកម្រិតខ្ពស់ ជាពិសេសថ្លៃអគ្គិសនីនិងឡូជីស្ទីក ព្រមទាំងស្ថិរ ភាពនៃការផ្គត់ផ្គង់វត្ថុធាតុដើម បញ្ហាបន្ទាប់គឺភាពមានកម្រិតនៃការធ្វើពាណិជ្ជកម្ម ការនាំចេញផលិតផលកសិកម្ម បញ្ហាប្រឈម១ទៀតគឺ កង្វះលទ្ធភាពទទួលបានហិរញ្ញប្បទាន ក្នុងអត្រាការប្រាក់ទាប កង្វះហេដ្ឋារចនាសម្ព័ន្ធគាំទ្រអំឡុងពេល និងក្រោយពេលប្រមូលផល និង កង្វះកិច្ចសម្របសម្រួលស្ថាប័នទាំងក្នុងដំណាក់កាលនៃការធ្វើផែនការ និងការអនុវត្ត។


ក្នុងសេចក្តីព្រាងក្របខណ្ឌយុទ្ធសាស្ត្រស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងការរស់ជាមួយកូវីដ-១៩រាជរដ្ឋាភិបាលសម្រេចថា នឹងដាក់ចេញនូវយន្តការហិរញ្ញប្បទានដល់វិស័យឯកជន តាមរយៈត្រៀមថវិកាប្រមាណ ២៥០ លានដុល្លារអាមេរិក នៅឆ្នាំ ២០២២ សម្រាប់ផ្តល់ឥណទាន ដោយត្រង់ពីធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា និងធនាគារអភិវឌ្ឍជនបទ និងកសិកម្ម ដែលមានអាត្រាការប្រាក់ទាប ក្នុងរង្វង់៥% ទៅ ៥,៥% សម្រាប់វិស័យសំខាន់ដូចជាការដាំដុះ ការចិញ្ចឹមសត្វ ការកែច្នៃផលិតផលកសិកម្ម វិស័យអេកូទេសចរណ៍ ឬវិស័យអាទិភាពដទៃទៀត និងជំរុញឱ្យធនាគារពាណិជ្ជ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបង្កើនការផ្តល់ឥណទានបន្ថែម តាមរយៈការកែសម្រួលលក្ខខណ្ឌធានាឥណទាន របស់សាជីវកម្មធានាឥណទានកម្ពុជា ដោយពង្រីកវិសាលភាព នៃការផ្ដល់ការធានាភ្ជាប់ជាមួយលក្ខខណ្ឌអនុគ្រោះ៕

 

 

អត្ថបទ៖ ស៊ឺន សុន និងរូបភាពឯកសារ

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024