ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤

ក្នុងរយៈពេល ១០ខែ ឆ្នាំ២០២១ កម្ពុជានាំចេញទៅកូរ៉េខាងត្បូង ធ្លាក់ចុះ ១១%

១៦ ​វិច្ឆិកា ២០២១ | សេដ្ឋកិច្ច



ទិន្នន័យពីសមាគមពាណិជ្ជកម្មអន្តរជាតិកូរ៉េ បង្ហាញថា ការនាំចេញផលិតផលកម្ពុជា ទៅទីផ្សារកូរ៉េខាងត្បូង ក្នុងរយៈពេល ១០ខែ ឆ្នាំ២០២១នេះ សម្រេចបានជាង ២៨៣លានដុល្លារ ដោយបានថយចុះ ១១ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២០ ខណៈការនាំចូល មានតម្លៃជាង ៥០៨លានដុល្លារ ថយចុះជាង ១១ភាគរយផងដែរ។ 


ទិន្នន័យសមាគមពាណិជ្ជកម្មអន្តរជាតិកូរ៉េ បង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ ១៩ បានទាញទម្លាក់ការដោះដូរពាណិជ្ជកម្មរវាងកម្ពុជា និងកូរ៉េ ជាក់ស្តែងក្នុងរយៈពេល ១០ខែឆ្នាំ២០២១ តម្លៃទឹកប្រាក់នាំចេញរបស់កម្ពុជាទៅកូរ៉េ ថយចុះជាង ១១ភាគរយ ខណៈតម្លៃនាំចូលវិញក៏បានថយចុះ១១ភាគរយដែរ។


លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានគូសបញ្ជាក់ថា ក្នុងឆ្នាំ២០២១ ចង្វាក់ផលិតកម្មនៅកម្ពុជាបានជួបនឹងបញ្ហាជាច្រើនដែលបណ្តាលមកពីផលរំខានពីជំងឺកូវីដ១៩ ខណៈផលិតផលកូរ៉េដែលនាំចូលមកកម្ពុជាក៏មិនសូវមានច្រើនដែរ។ ម៉្យាងវិញទៀតផលិតផលផលិតនៅកម្ពុជាពេលនេះក៏នៅមិនទាន់ឆ្លើយតបនឹងការចង់បានរបស់អ្នកប្រើប្រាស់នៅកូរ៉េផងដែរ។

 


ប៉ុន្តែយ៉ាងណាតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេរភាគី លោកឧកញ៉ាសង្ឃឹមថា ជួយទាក់ទាញឱ្យក្រុមហ៊ុនកូរ៉េចូលមកវិនិយោគនៅកម្ពុជាបន្ថែម សូម្បីតែក្រុហ៊ុនបរទេសមួយចំនួនដែលផលិតសម្រាប់នាំចេញទីទីផ្សារកូរ៉េ ក៏អាចនឹងចូលមកបើករោងចក្រផលិតនៅកម្ពុជា ដែលនឹងជំរុញឲ្យទំហំពាណិជ្ជកម្មរវាងប្រទេសទាំង២ នឹងមានសម្ទុះឡើងវិញ។

 


សូមជម្រាបថា ទំនិញសំខាន់ៗដែលកម្ពុជានាំទៅកាន់កូរ៉េខាងត្បូងរួមមានសម្លៀកបំពាក់ ស្បែកជើងផលិតផលធ្វើដំណើរភេសជ្ជៈគ្រឿងបន្លាស់អេឡិចត្រូនិកកៅស៊ូថ្នាំពេទ្យនិងផលិតផលកសិកម្ម ហើយកម្ពុជានាំចូលមកវិញរួមមានយានយន្តគ្រឿងអេឡិចត្រូនិកសម្ភារផ្ទះបាយភេសជ្ជៈ ថ្នាំពេទ្យ និងផលិតផលប្លាស្ទិកជាដើម៕

 

 

 

អត្ថបទ៖ ស៊ឺន សុន និងរូបភាពឯកសារ

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024