ថ្ងៃពុធ ទី០៣ ខែកញ្ញា ឆ្នាំ២០២៥

យ៉ែម ស្រីពេជ្រ ជោគជ័យលើសិល្បៈខ្លាំង ក្រោយប្រឡូកវិថីនេះរយៈពេល៧ឆ្នាំ

៣០ តុលា ២០២១ | កម្សាន្ដ

 

តារាសម្តែងស្រីរូបស្រស់ កញ្ញា យ៉ែម ស្រីពេជ្រ កំពុងតែជោគជ័យខ្លាំងលើវិថីសិល្បៈកម្ពុជា ក្រោយកញ្ញាឈ្មុសឈ្មុល និងតស៊ូលើវិថីនេះអស់រយៈពេល ៧ឆ្នាំ ទាំងពុំមានការជ្រុមជ្រែងពីគ្រួសារឡើយ។

 


តារាសម្តែងរូបស្រស់ និងជាពិធីការិនីកម្មវិធី អ្នកជិតខាងរបស់ PNN កញ្ញា យ៉ែម ស្រីពេជ្រ កំពុងមានយីអ៊ុនខ្លាំងរយៈពេលចុងក្រោយនេះ ដោយទទួលការងារច្រើនជាហូរហែរទាំងភាពយន្តដុំ និងភាគ និងទើបក្តោបបានតំណែងពិធីការនីកម្មវិធីថ្មីសន្លាងមួយរបស់ភីអិនអិន ឈ្មោះថា «អ្នកជិតខាង» ទៀតផង។

 


យ៉ាងណាមិញ នៅពីក្រោយភាពជោគជ័យរបស់ស្រីស្រស់សោភារូបនេះ ដំណើរជីវិតលើវិថីសិល្បៈកាលដំបូងឡើយ យ៉ែម ស្រីពេជ្រ បានឆ្លងកាត់នូវឧបសគ្គជាច្រើនតាមរយៈការឈ្មុសឈ្មុល និងភាពតស៊ូ ក្នុងការបោះជំហានលើអាជីពជាតារាសម្តែង ដែលពុំមានការជ្រុមជ្រែងពីគ្រួសារឡើយ។ ជាពិសេសនាងបរាជ័យច្រើនដងនៅពេល casting ថតរឿងលើកដំបូង។ 

 


ក្រោយបញ្ចប់ថ្នាក់វិទ្យាល័យនៅឆ្នាំ២០១៤ នាងចាប់ផ្តើមដាក់ពាក្យ និងហាត់រៀនធ្វើការលើផ្នែកម៉ូដែល រហូតទទួលបានឱកាសសម្តែងជាតួអង្គកាចឆ្នាស់ក្នុងខ្សែភាពយន្តភាគមួយរបស់ស្ថានីយទូរទស្សន៍ក្នុងស្រុកមួយ ក្រោយមកក៏ទទួលបានឱកាសការងារ ភាពយន្តភាគបន្តបន្ទាប់ ហើយទស្សនិកជនក៏ចាប់ផ្តើមស្គាល់នាងកាន់តែច្រើនដូចគ្នាដេរ ។ 

 


ចាប់តាំងពីពេលនោះមក អតីត Freshie Girl ឆ្នាំ២០១៥ រូបនេះ ក៏ដើរតាមក្តីស្រមៃរហូតសម្រេចបានភាពជោគជ័យ ៣ យ៉ាងដែលខ្លួនប៉ងប្រាថ្នា។ 
កញ្ញា យ៉ែម ស្រីពេជ្រ បានបង្ហាញក្តីគោរព និងអរគុណចំពោះវត្តមានអ្នកគាំទ្រទាំងអស់ រួមទាំងបុគ្គលសំខាន់ៗជាច្រើនទៀតដែលស្ថិតនៅពីក្រោយស្នាមញញឹមនៃភាពជោគជ័យមួយនេះ។ 

 


សូមបញ្ជាក់ថា កាលពីឆ្នាំ២០១៩ តារាសម្តែង យ៉ែម ស្រីពេជ្រ បានទទួលបានការបោះឆ្នោតគាំទ្រ ក្លាយជាតារាសម្តែងស្រីឆ្នើមមួយរូបប្រចាំកម្ពុជា ពីខ្សែភាពយន្តខ្មែរខ្នាតធំរឿង «នាឡិកាដាស់វិញ្ញាណ» ឬហៅថា «The Clock»។ 

 


នៅឆ្នាំ២០២០ នាងទទួលថតឱ្យខ្សែភាពយន្តភាគក្នុងស្រុកបានតែមួយចំនួនប៉ុណ្ណោះ រហូតអាក់ខានដោយសារជំងឺរាតត្បាតកូវីដ១៩។ យ៉ាងណាមិញសម្រាប់ឆ្នាំ ២០២១ តារាស្រីវ័យ ២៦ ឆ្នាំរូបនេះ ក៏នឹងត្រៀមផ្តល់ចំណីអារម្មណ៍ថ្មីជូនដល់ទស្សនិកជនឆាប់ៗនេះផងដែរ។

 

 

 

អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច និង Facebook 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025