ថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤

ជប៉ុន ផ្តល់កម្ចីបន្ថែមប្រមាណ ៥៨លានដុល្លារអាមេរិក សម្រាប់គម្រោងផ្គត់ផ្គង់ទឹកស្អាត នៅខេត្តសៀមរាប

២១ តុលា ២០២១ | ព័ត៌មានជាតិ

 

កិច្ចព្រមព្រៀងឥណទាន សម្បទានបន្ថែម សម្រាប់គម្រោងពង្រីកសមត្ថភាពផ្គត់ផ្គង់ទឹកស្អាតសៀមរាប ក្នុងទឹកប្រាក់ចំនួន ៦ ៣៣៦លានយ៉េន ស្មើប្រមាណ ៥៨លានដុល្លារអាមេរិក ត្រូវបានចុះហត្ថលេខា កាលពីព្រឹកថ្ងៃទី២១ ខែតុលានេះ។

 

ពិធីចុះហត្ថលេខាតាមប្រព័ន្ធ Video Conference លើកិច្ចព្រមព្រៀង ធ្វើឡើងដោយឯកឧត្តម ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកស្រី កាម៉ី ហារុកូ ( KAMEI Haruko ) ប្រធានទីភ្នាក់ងារសហប្រតិបត្តិការនៃប្រទេសជប៉ុន ប្រចាំនៅកម្ពុជា។


សេចក្ដីប្រកាស លើកឡើងថា គម្រោងពង្រីកសមត្ថភាពផ្គត់ផ្គង់ទឹកស្អាតសៀមរាប មានទិសដៅសាងសង់រោងចក្រផលិតទឹកស្អាតមួយ ដែលមានសមត្ថភាពផលិតទឹកស្អាតបាន ៦ម៉ឺនម៉ែត្រគូប ក្នុង១ថ្ងៃ ដោយយកប្រភពទឹកពីបឹងទន្លេសាប។ ក្នុងនោះ មានការសាងសង់ប្រព័ន្ធបណ្តាញស្ថានីយបូមទឹក សាងសង់ប្រព័ន្ធចែកចាយទឹក និងសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាត។ គម្រោងនេះ នឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងការផ្គត់ផ្គង់ និងចែកចាយប្រព័ន្ធទឹកស្អាតជូនដល់ប្រជាពលរដ្ឋ ទូទាំងក្រុងសៀមរាប។

 

សេចក្តីប្រកាស លើកឡើងថា កិច្ចព្រមព្រៀងឥណទានសម្បទាន ដែលត្រូវបានចុះហត្ថលេខា នៅពេលនេះ គឺជាឯកសារគតិយុត្តិមួយទៀត បន្ទាប់ពីលិខិតប្តូរសារ ដែលបានចុះហត្ថលេខា កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ កន្លងទៅ រវាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា។

 

តាមសេចក្តីប្រកាស សមិទ្ធផល ដែលទទួលបានពីគម្រោងនេះ នឹងចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការជួយដល់រាជរដ្ឋាភិបាលកម្ពុជា ឲ្យសម្រេច «ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ» លើវិស័យផ្គត់ផ្គង់ទឹកស្អាត តាមរយៈការគាំទ្រដល់រដ្ឋាករទឹកស្វយ័តសៀមរាប ដែលឆ្លើយតបយ៉ាងជាក់ច្បាស់ទៅនឹងសេចក្តីត្រូវការជាអាទិភាពរបស់កម្ពុជា ក្នុងការពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត ស្របទៅនឹងមុំទី១ នៃចតុកោណទី៤ ដូចមានចែងក្នុងឯកសារយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា។

 

 

សេចក្តីប្រកាសដដែល លើកឡើងថា ក្នុងនាមជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់មួយ នៅក្នុងវិស័យផ្គត់ផ្គង់ទឹកស្អាត រដ្ឋាភិបាលជប៉ុន តាមរយៈ JICA តែងតែប្រកាន់ភ្ជាប់នូវវិធីសាស្ត្រអភិវឌ្ឍន៍ ដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ ក្នុងការពង្រឹងពង្រីកភាពជាដៃគូ ជាយុទ្ធសាស្ត្ររយៈពេលវែង ជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីឲ្យប្រជាជនគ្រប់រូប ទទួលបាននូវទឹកស្អាត និងមានសុវត្ថិភាពប្រើប្រាស់។

 

 

ស្ថិតក្នុងបរិការណ៍នៃការរីករាលដាលនៃជំងឺកូវីដ១៩ ថ្មីៗនេះ រដ្ឋាភិបាលជប៉ុន ទើបតែបានបន្តសន្យាផ្តល់ហិរញ្ញប្បទានឥតសំណង ដែលមានទឹកប្រាក់ ១៦០០លានយ៉េន ស្មើនឹងជាង ១៤លានដុល្លារអាមេរិក សម្រាប់កម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម ដល់រាជរដ្ឋាភិបាលកម្ពុជា៕

 

 

អត្ថបទ៖ លី ម៉េងហួរ    រូបភាព៖ ឯកសារ

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024