ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០២៤

ស្ត្រីម្នាក់បានសម្រេចបំណងចង់ហោះហើរជាមួយសត្វក្ងាននៅតំបន់ភ្នំនៅប្រទេសបារាំង

អ្នកស្រីជនជាតិបារាំងម្នាក់ឈ្មោះ ណាថាលី ម៉ានីកល័រ (Nathalie Maniglier)  មានជំងឺភ្នែកចុះខ្សោយ ហើយមុនពេលដែលគាត់បានមានជំងឺនេះ គាត់មានបំណងចម្លែកមួយនោះគឺគាត់ចង់ធ្វើការហោះហើរជាមួយហ្វូងសត្វក្ងានដែលពេលថ្មីៗនេះគាត់បានសម្រេចបំណងរបស់គាត់ហើយ។

 

 

 

អ្នកស្រី Maniglier បានសម្រេចបំណងហោះលេងជាមួយហ្វូងសត្វក្ងាននៅពេលដែលអ្នកបើកយន្តហោះខ្នាតតូចប្រភេទ microlight គឺលោក Dominique Cruciani បាននាំអ្នកស្រីហោះឆ្លងកាត់ជ្រលងភ្នំតូចធំនៅប្រទេសបារាំងអមដោយហ្វូងសត្វក្ងានដែលគេបានបង្វឹកហាត់ឱ្យហោះអមយន្តហោះនេះ។

 


នៅពេលចុះចតលើដី អ្នកស្រី ម៉ានីកល័រ បានសម្ដែងអារម្មណ៍រំជើបរំជួលអរផងភ័យផងចំពោះបទពិសោធន៍ដ៏ចម្លែកនៅក្នុងឆាកជីវិតរបស់គាត់មួយនេះដោយគាត់បានយំឱបរឹតសមាជិកគ្រួសាររបស់គាត់ដែលបានជូនគាត់មកភ្លក្សរសជាតិចំណីអារម្មណ៍តាមឆន្ទៈរបស់គាត់មួយនេះ។

 


អ្នកស្រី Maniglier បានប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា វាពិតជាអស្ចារ្យខ្លាំងណាស់ដោយបានឃើញហ្វូងសត្វក្ងានទាំងនេះហើរជាជួរបែបនេះដែលធ្វើឱ្យគាត់មានអារម្មណ៍រំជើបរំជួលជាទីបំផុត។

 

 

 

 

 

គាត់មានជំងឺនេះតាំងពីកំណើតដោយគាត់អាចមើលឃើញតែភ្នែកម្ខាងដូច្នេះហើយគាត់ធ្វើអ្វីគ្រប់យ៉ាងឱ្យតែគាត់អាចមើលឃើញមុនពេលភ្នែកគាត់ប្រែងងឹត។


សូមបញ្ជាក់ថា ក្រុមហ៊ុនបម្រើសេវាកម្មនេះគឺឈ្មោះក្រុមហ៊ុន Delta Evastion ហើយក្រុមហ៊ុននេះបានគិតថ្លៃសេវាកម្មពីអតិថិជនចំពោះការហោះហើរជាមួយហ្វូងសត្វក្ងាននេះក្នុងម្នាក់តម្លៃ ៤៥០ អឺរ៉ូប្រហែល ៥២៦ ដុល្លារអាមេរិកសម្រាប់ការហោះហើរម្ដង៕

 

 

 

ប្រែសម្រួល៖ ប៉ិច ស៊ីនួន

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024