ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤

សត្វជ្រូកព្រៃមួយចំនួននាំគ្នាដើររកចំណីនៅជាយទីក្រុងរ៉ូមនៅប្រទេសអ៊ីតាលី

សត្វជ្រូកព្រៃមួយចំនួនបាននាំគ្នាដើររកចំណីនៅតាមកន្លែងចាក់សំរាមដែលធ្វើឱ្យប្រជាពលរដ្ឋមូលដ្ឋានមានការប្រុងប្រយ័ត្នបំផុតព្រោះជ្រូកព្រៃអាចនឹងដេញខាំពួកគេនៅពេលពួកគេយកសំរាមទៅបោះចោលនៅតំបន់ Monte Mario ស្ថិតនៅជាយទីក្រុងរ៉ូមនៅប្រទេសអ៊ីតាលី។

 

 

 

វាជារឿងធម្មតាទៅហើយសម្រាប់ប្រជាពលរដ្ឋនៅទីក្រុងរ៉ូមនៅភាគខាងជើងប្រទេសអ៊ីតាលីដែលបានឃើញសត្វជ្រូកព្រៃដើរនៅតាមដងផ្លូវប៉ុន្តែការដើរអុកឡុកនៅមុខអគារនិងសាលារៀនកំពុងបង្កបញ្ហាធ្វើឱ្យមានការពិភាក្សាដ៏ធំមួយនៅមុនពេលបោះឆ្នោតជ្រើសរើសអភិបាលក្រុងនេះនៅដើមខែនេះ។

 


រដ្ឋបាលមូលដ្ឋានបានបរាជ័យក្នុងការអនុវត្តផែនការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពចំពោះជ្រូកព្រៃដែលចូលមកទីក្រុងនេះដើម្បីរកចំណីអាហារនៅតាមឧទ្យានធំៗនៅជាយក្រុងនេះដែលធ្វើឱ្យពលរដ្ឋមូលដ្ឋានមានការត្អូញត្អែរថា ជ្រូកព្រៃនេះកកាយសំរាមពេញផ្លូវនិងបង្កគ្រោះថ្នាក់រថយន្តផងដែរ។

 


ប្រជាពលរដ្ឋម្នាក់ឈ្មោះ Rosa Carletti បាននិយាយថា នៅពេលគាត់ឃើញជ្រូកទាំងនេះ គាត់បានបោះចោលសំរាម ហើយពួកវាបានរត់ដេញតាមគាត់ដោយសារវាឃើញគាត់កាន់កញ្ចប់សំរាមដូច្នេះហើយគាត់ក៏បានទុកកញ្ចប់សំរាមចោល ហើយរត់ចេញពីទីនោះភ្លាមទៅ។

 

 

 


ស្ត្រីម្នាក់ទៀតឈ្មោះ Nunzia Cammino បាននិយាយថា វាហាក់ដូចជាលំបាកបន្តិចដែរសម្រាប់គាត់ព្រោះគាត់ខ្លាចហ្វូងជ្រូកព្រៃដែលមានចំនួនរហូតដល់ ១៥ ក្បាល ហើយជាងនេះទៅទៀតពួកវាក៏បានបង្កគ្រោះថ្នាក់ដល់ក្មេងៗផងដែរនៅពេលពួកគេបានដើរទៅសាលារៀនតាមធម្មតារបស់ពួកគេ៕

 

 

 

 

ប្រែសម្រួល៖ ប៉ិច ស៊ីនួន

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024