ថ្ងៃអាទិត្យ ទី២៨ ខែ​វិច្ឆិកា ឆ្នាំ២០២១

រដ្ឋមន្ត្រីក្រសួងសាធារណការ ឲ្យមន្ត្រីចុះដាក់ស្លាកសញ្ញាចរាចរណ៍គ្រប់ផ្លូវទាំងអស់

០៨ កុម្ភៈ ២០២១ | ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ស៊ុន ចាន់ថុល បញ្ជាឲ្យមន្ត្រីជំនាញចុះពិនិត្យនៅតាមបណ្តាផ្លូវជាតិនានានៅទូទាំងប្រទេស  ដើម្បីបំពាក់ស្លាកសញ្ញាចរាចរណ៍ឲ្យបានគ្រប់ផ្លូវទាំងអស់។ ឯកឧត្តមបានណែនាំឲ្យមន្ត្រីចុះធ្វើការងារនេះ ឲ្យបញ្ចប់ត្រឹមខែកុម្ភៈនេះ។

 


រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ស៊ុន ចាន់ថុល ទទួលស្គាល់ថា នៅតាមដងផ្លូវមួយចំនួន នៅខ្វះស្លាកសញ្ញាចរាចរណ៍ និងមិនទាន់មានគំនូសចរាចរណ៍ត្រឹមត្រូវនៅឡើយ។ បញ្ហានេះ ឯកឧត្តមបានណែនាំឲ្យមន្ត្រីជំនាញចុះពិនិត្យនៅតាមបណ្តាផ្លូវជាតិទាំងអស់នៅទូទាំងប្រទេស ដែលមិនទាន់មានស្លាកសម្គាល់ចរាចរណ៍ ដើម្បីតម្លើងឲ្យបានគ្រប់គ្រាន់។

 


ឯកឧត្តម ស៊ុន ចាន់ថុល បានប្រាប់ក្រុមអ្នកសារព័ត៌មានបែបនេះក្នុងពិធីសម្ពោធ និងដាក់ឲ្យប្រើប្រាស់ជាផ្លូវការ មជ្ឈមណ្ឌលបណ្ដុះបណ្ដាលបើកបរយានយន្តធុនធ្ងន់ ស្ថិតនៅតាមបណ្តាលផ្លូវជាតិលេខ៥ ក្នុងសង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ នៅថ្ងៃទី៤ ខែកុម្ភៈ។

 


ឯកឧត្តមបានឲ្យដឹងដែរថា ក្រសួងក៏កំពុងពិចារណាលើការកំណត់ល្បឿនឡើងវិញ នៅតាមផ្លូវមួយចំនួនតាមការស្នើសុំរបស់ប្រជាពលរដ្ឋ ព្រោះផ្លូវពីមុនមាន ២គន្លង ប៉ុន្តែបច្ចុប្បន្ននេះ ផ្លូវថ្មីមាន ៤គន្លង ជាប្រភេទកៅស៊ូ AC ដូច្នេះក្រសួងនឹងធ្វើការពិភាក្សាលម្អិតជាមួយអ្នកបច្ចេកទេសសាងសង់ផ្លូវ និងមើលលើតំបន់ភូមិសាស្ត្រផ្លូវ ដើម្បីអាចស្នើសុំថ្នាក់ដឹកនាំពិនិត្យ និងសម្រេច។ យ៉ាងណាក៏ដោយ រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនបានអះអាងថា បច្ចុប្បន្នស្តង់ដាផ្លូវនៅកម្ពុជាអាចធ្វើបាន ៨០គីឡូម៉ែត្រក្នុងមួយម៉ោងប៉ុណ្ណោះ។

 


អ្នកជំនាញសុវត្ថិភាពចរាចរណ៍ បានលើកឡើងថា ការតម្លើងស្លាកសញ្ញាចរាចរណ៍ ជារឿងសំខាន់មួយផងដែរក្នុងការចូលរួមចំណែកក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ព្រោះវាជាសញ្ញាសម្គាល់ដើម្បីផ្តល់ដំណឹងទៅដល់អ្នកប្រើប្រាស់ផ្លូវថា កន្លែងណាត្រូវបន្ថយល្បឿន កន្លែងណាដែលមានកុមារឆ្លងកាត់ និងផ្លូវណាដែលមានសិទ្ធិអាទិភាព។ ការដាក់ស្លាកសញ្ញាចរាចរណ៍ មិនត្រឹមតែអាចបញ្ច្រៀសគ្រោះថ្នាក់ប៉ុណ្ណោះទេ ក៏ជាការលើកកម្ពស់សោភ័ណ្ឌភាពផ្លូវ ព្រមទាំងអាចឲ្យពលរដ្ឋធ្វើដំណើរប្រកបដោយសុវត្ថិភាពតាមលក្ខណៈបច្ចេកទេសផ្លូវ៕

 

អត្ថបទ៖ អឿន ភារ៉ា     រូបភាព៖ សុខ ពិសិដ្ឋ និងឯកសារ
 

ព័ត៌មានដែលទាក់ទង

Copyright © 2016 PNN NEWS. All Rights Reserved.