ថ្ងៃព្រហស្បតិ៍ ទី១៩ ខែមិថុនា ឆ្នាំ២០២៥
ថ្ងៃព្រហស្បតិ៍ ទី១៩ ខែមិថុនា ឆ្នាំ២០២៥
ប្រធានាធិបតីបារាំងលោក អេម៉ាញូអែល ម៉ាក្រុង និងជំទាវទីមួយលោកស្រី ប្រ៊ីជីត ម៉ាក្រុង (Brigitte Macron) បានស្វាគមន៍ប្រមុខរដ្ឋរាប់សិបនាក់ និងមេដឹកនាំផ្សេងៗនៅពេលពួកគេបានទៅដល់កន្លែងសន្និសីទមហាសមុទ្រអង្គការសហប្រជាតិ (UNOC3) នៅទីក្រុងនីសប្រទេសបារាំង កាលពីល្ងាចថ្ងៃអាទិត្យសម្រាប់ពិធីទទួលទានអាហារពេលល្ងាច។
សន្និសីទមហាសមុទ្រនេះនឹងមានរយៈពេលមួយ សប្តាហ៍ដោយចាប់ផ្ដើមពីថ្ងៃទី៩-១៣ ខែមិថុនា ហើយគោលបំណងនៃសន្និសីទនេះគឺចង់ឱ្យប្រទេសជាច្រើនទៀតផ្តល់សច្ចាប័នលើសន្ធិសញ្ញាស្តីពីការការពារជីវចម្រុះក្នុងមហាសមុទ្រ ដែលបច្ចុប្បន្ននៅខ្វះប្រទេសហត្ថលេខីជាច្រើនដើម្បីឱ្យសន្ធិសញ្ញានេះចូលជាធរមាន។
ក្រុមអ្នកជំនាញបាននិយាយថា ការគំរាមកំហែងដល់ជីវចម្រុះសមុទ្របានកើតឡើងដោយសារកត្តារួមផ្សំគ្នានៃការបំពុលមហាសមុទ្រ និងការប្រែប្រួលអាកាសធាតុ។ ថ្នាក់ដឹកនាំប្រទេសជាច្រើនបានទៅចូលរួមក្នុងសន្និសីទនេះ ប៉ុន្តែគេមិនបានឃើញវត្តមានមេដឹកនាំ ឬមន្ត្រីរបស់សហរដ្ឋអាម៉េរិកទៅចូលរួមក្នុងសន្និសីទនេះទេ ហើយលោក ម៉ាក្រុង ក៏មិនបានប្រាប់អំពីមូលហេតុនៃការអវត្តមានរបស់អាម៉េរិកនេះដែរដោយគ្រាន់តែនិយាយថា ប្រទេសបារាំងនឹងដឹកនាំសន្និសីទនេះដើម្បីប្រមូលផ្តុំកម្លាំងជំរុញសម្រាប់ការការពារធនធានសមុទ្រ។
លោក ម៉ាក្រុង មានសុទិដ្ឋិនិយមដោយរំពឹងទុកថានឹងអាចទទួលបានប្រទេសហត្ថលេខីកាន់តែច្រើន ខណៈ៣០ប្រទេសបានប្តេជ្ញារួចហើយថានឹងមិនធ្វើអាជីវកម្មធនធានសមុទ្រជ្រៅរបស់ពួកគេឡើយ។ លោក ម៉ាក្រុង បាននិយាយថា លោកចង់បានកិច្ចព្រមព្រៀងមួយសម្រាប់ភពផែនដីទាំងមូល៕
ប្រែសម្រួល៖ ប៉ិច ស៊ីនួន