ថ្ងៃព្រហស្បតិ៍ ទី១៩ ខែមិថុនា ឆ្នាំ២០២៥
ថ្ងៃព្រហស្បតិ៍ ទី១៩ ខែមិថុនា ឆ្នាំ២០២៥
កម្ពុជា និងសហភាពអឺរ៉ុបចាប់ដៃគ្នាជំរុញការនាំចេញផលិផលកសិកម្ម ជាពិសេសផលិតផលកម្ពុជា ដើម្បីប្រកួតប្រជែងក្នុងទីផ្សារអឺរ៉ុប និងទីផ្សារអន្តរជាតិ។ ក្នុងកម្មវិធីដាក់ឱ្យដំណើការភាពជាដៃគូធុរកិច្ចរវាងសហភាពអឺរ៉ុប-កម្ពុជា៖ ការនាំចេញ និងនវានុវត្តន៍កសិកម្ម នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា កម្ពុជា និងសហភាពអឺរ៉ុបចាប់ដៃគ្នា ជំរុញការនាំចេញផលិផលកសិកម្ម ជាពិសេសផលិតផលកម្ពុជា «Product of Cambodia»ដើម្បីប្រកួតប្រជែងក្នុងទីផ្សារអឺរ៉ុប និងទីផ្សារអន្តរជាតិ។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានលើកឡើងថា កម្មវិធីនេះ ត្រូវបានធ្វើឡើងក្នុងគោលបំណង ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសហភាពអឺរ៉ុបតាមរយៈការគាំទ្រ និងជំរុញសមត្ថភាពនាំចេញរបស់ក្រុមហ៊ុន និងសហគ្រាសកម្ពុជា ក្នុងវិស័យកសិកម្ម កសិកែច្នៃ និងផលិតផលបែបច្នៃប្រឌិត ដើម្បីប្រកួតប្រជែងក្នុងទីផ្សារអឺរ៉ុប និងទីផ្សារអន្តរជាតិ។ លើសពីនេះ ការដាក់ឱ្យដំណើរការជាផ្លូវការ នូវគម្រោង Export Lab និង Agri-Innovation Lab គឺជាជំហ៊ានចាប់ផ្ដើមសំខាន់មួយ ក្នុងការគាំទ្រដល់ក្រុមហ៊ុន និងសហគ្រាសកម្ពុជា ដើម្បីពង្រឹងសមត្ថភាពប្រកួតប្រជែងក្នុងទីផ្សារអន្តរជាតិ។
កម្មវិធីទាំងនេះ នឹងផ្តល់នូវការបណ្ដុះបណ្ដាលជំនាញផ្នែកអភិវឌ្ឍផលិតផល ការរៀបចំស្តង់ដារនាំចេញ ការផ្សាភ្ជាប់អាជីវកម្មទៅកាន់ទីផ្សារអឺរ៉ុប-អាស៊ាន និងផ្ដល់ការប្រឹក្សាផ្នែកបច្ចេកទេសដល់ក្រុមហ៊ុន និងសហគ្រាសកម្ពុជានៅក្នុងវិស័យកសិកម្ម កសិកែច្នៃ និងវិស័យគោលដៅជាច្រើនទៀត។
ជាមួយគ្នានេះ មន្ត្រីជាន់ខ្ពស់រូបនេះ បានលើកទឹកចិត្តឱ្យក្រុមហ៊ុន និងអាជីវកម្មនៅកម្ពុជា ចាប់យកឱកាសនេះ ដើម្បីជំរុញការអភិវឌ្ឍន៍ផលិតផលរបស់ខ្លួន ពង្រឹងនវានុវត្តន៍ និងពង្រីកសមត្ថភាពនាំចេញ ដោយផ្តោតលើការស្វែងយល់ទីផ្សារគោលដៅ ជាមួយការយល់ដឹងពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងប្រព័ន្ធអនុគ្រោះពន្ធនានា ដើម្បីបង្កើនឱកាសចូលទៅក្នុងទីផ្សារអាស៊ាន និងពិភពលោក។
ទន្ទឹមនឹងនេះ ដើម្បីជំរុញឱ្យក្រុមហ៊ុន និងសហគ្រាសបង្កើនសមត្ថភាពបច្ចេកទេសស្តង់ដារ និងការវេចខ្ចប់ផលិតផល ដើម្បីបង្កើតគំនិតថ្មី និងជំរុញការចូលរួមក្នុងព្រឹត្តិការណ៍ពាណិជ្ជកម្មអន្តរជាតិ ដែលជាជម្រើសសំខាន់សម្រាប់ពង្រីកទីផ្សារនាំចេញ និងពង្រីកការទទួលស្គាល់កិត្តិនាមរបស់ផលិតផលកម្ពុជា “Product of Cambodia” នៅលើឆាកអន្តរជាតិ ខណៈផលិតផលកសិកម្មសំខាន់ៗដែលនាំចេញពីកម្ពុជា រួមមាន ស្រូវ អង្ករ ចេក ដំឡូងមី ស្វាយចន្ទី ផ្លែមៀន ម្រេច និងកសិផលប្រមាណ ១០០ មុខបន្ថែមទៀត។
សូមជម្រាបថា បើយោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញថា កម្ពុជាទទួលបានចំណូលជិត ៥ ពាន់លានដុល្លារ ពីការនាំចេញកសិផលចំនួន ១១លានតោន ទៅក្រៅប្រទេស នៅក្នុងឆ្នាំ ២០២៤ កើនឡើងប្រមាណ ៣៩% បើធៀបនឹងឆ្នាំ២០២៣ ដែលមានចំនួន ៨លានតោន៕
អត្ថបទ៖ ថុន សុកេតុមាលា រូបភាព៖ ឯកសារ