ថ្ងៃសៅរ៍ ទី១២ ខែកក្កដា ឆ្នាំ២០២៥

ឯម រៀម នឹងរៀបចំពិព័រណ៌គំនូរអប្សរាប្រុសនាចុងឆ្នាំនេះ!

២៨ សីហា ២០២០ | កម្សាន្ដ

នាចុងឆ្នាំ២០២០ខាងមុខនេះ អ្នកច្នៃម៉ូដដ៏លេចធ្លោលោក ឯម រៀម នឹងរៀបចំកម្មវិធីពិព័រណ៌គំនូរលើបាវថ្មីមួយ ដែលរំលេចដោយគំនូរអប្សរាប្រុសពាក់មកុដ និងគំនូរផ្សេងៗជាច្រើនទៀតដែលឆ្លុះបញ្ចាំងពីសិល្បៈក្នុងសម័យកាលនិមួយៗ។

 

មិនខុសពីសព្វមួយដងដែលអ្នករចនាម៉ូដទំនើបដែលមានស្នាដៃលេចធ្លោទាំងនៅក្នុង និងក្រៅប្រទេស គឺលោក ឯម រៀម តែងរៀបចំបង្កើតឲ្យមានកម្មវិធីពិព័រណ៌ស្នាដៃសិល្បៈនានា ជាក់ស្តែង កាលពីពេលថ្មីៗនេះ លោកទើបឲ្យភីអិនអិនដឹងថា ឆាប់ៗនេះអំឡុងខែ វិច្ឆិកា ចុងឆ្នាំ២០២០ខាងមុខ លោកនឹងរៀបចំកម្មវិធីពិព័រណ៌គំនូរលើបាវថ្មីមួយទៀតនៅសណ្ឋាគារលំដាប់ផ្កាយនៅរាជធានីភ្នំពេញ។

 


រៀបរាប់ដោយទឹកមុខញញឹមប្រិមប្រិយ អ្នកច្នៃម៉ូដនិយមទុកពុកមាត់ខ្វង់ៗនេះបញ្ជាក់បន្ថែមថា ពិពណ៌រូបភាពដែលលោកកំពុងញាប់ដៃញាប់ជើងរៀបចំនេះ គឺជាពិពណ៌ទី១ក្នុងឆ្នាំ២០២០ ពោលគឺកំឡុងកូវីដ១៩កំពុងរាតត្បាតសកលលោករួមទាំងកម្ពុជា។ 


មិនឲ្យច្រំដែល ក្នុងពិព័រណ៌ដែលគ្រោងលេចរូបរាងនាពេលខាងមុខ នឹងមានការតាំងបង្ហាញរូបភាពគំនូរអប្សរាប្រុស ដែលជាសិល្បៈច្នៃប្រឌិតថ្មីរបស់សិល្បកររូបនេះ ដែលពីមុនមកមហាជនធ្លាប់តែបានឃើញរូបភាពអប្សរាប្រុសពាក់មកុដតែតាមរូបថត ទើបពេលនេះដែលលោកបំលែងហើយច្នៃបង្កើតថ្មីជាមួយទេព្យកោសល្យសិល្បៈដ៏ចំណានឲ្យចេញជារូបគំនូរលើបាវដ៏ប្រណិត។

 


សម្រាប់សិល្បករ និងជាអ្នកច្នៃម៉ូដល្បីល្បាញ ឯម រៀម បញ្ហាកូវីដ១៩ដែលរាតត្បាតជាងកន្លះឆ្នាំនៅកម្ពុជា មិនបង្កផលប៉ះពាល់ធ្ងន់ធ្ងរសម្រាប់លោកនោះទេ ផ្ទុយទៅវិញលោកបែរជាមានពេលវេលាគ្រប់គ្រាន់សម្រាប់ច្នៃ និងបង្កើតអ្វីៗទៅវិញ តួយ៉ាងដូចជាគំនូរសម្រាប់តាំងពិពណ៌នាពេលខាងមុខជាដើម។


សូមជម្រាបថា ជាប្រក្រតី ជារៀងរាល់ឆ្នាំ ហោចណាស់អ្នកច្នៃម៉ូដរូបនេះរៀបចំពិពណ៌ចំនួន២ដងក្នុង១ឆ្នាំ តែព្រោះបញ្ហាកូវីដ១៩ទើបឆ្នាំ២០២០ លោកសម្រេចរៀបចំឡើងពិពណ៌តែមួយនេះប៉ុណ្ណោះ។


អត្ថបទ៖ រ៉ាត់ ចាន់ធីតា  រូបភាព៖ ឃាង ទូច

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025