ថ្ងៃសុក្រ ទី១៦ ខែឧសភា ឆ្នាំ២០២៥
ថ្ងៃសុក្រ ទី១៦ ខែឧសភា ឆ្នាំ២០២៥
មានបាតុភូតពន្លឺលេចឡើងជារង្វង់កើតឡើងនៅលើផ្ទៃអាកាសនៃចក្រភពអង់គ្លេសកាលពីពេលកន្លងមក ទិដ្ឋភាពនេះបង្កើតបានជាផ្ទាំងទស្សនីយភាពដ៏ល្អចម្លែក។
ពន្លឺចាំងផ្លេកៗនៅលើផ្ទៃអាកាសនោះកើតឡើង បន្ទាប់ពីគ្រាប់រ៉ុកកែតរបស់ក្រុមហ៊ុនស្ពេសអ៊ិច (SpaceX) របស់លោក អ៊ីឡនម៉ាស់ បានបាញ់បង្ហោះទៅលើអាកាស ហើយបន្សល់ទុកនូវផ្សែង ឬចំហេះនៃគ្រាប់រ៉ុកកែតនោះ។ ចំហាយរ៉ុកកែតនេះមានប្រតិកម្មជាមួយសាធាតុផ្សេងៗនៅក្នុងអាកាស ហើយក៏បង្កើតបានជាពន្លឺដ៏ស្រស់ត្រកាលនេះឡើង។
បើយោងតាមការពន្យល់របស់ក្រសួងឧតុនិយមអង់គ្លេសតាមបណ្ដាញសង្គម នេះមិនមែនជា យូអែហ្វអូ (UFO) ទេ ដូច្នេះសូមកុំមានអារម្មណ៍ជ្រួលច្របល់។ នេះជាចំហាយឧស្ម័នដែលបំភាយចេញពីគ្រាប់រ៉ុកកែតរបស់ក្រុមហ៊ុនស្ពេសអ៊ិច។ ទិដ្ឋភាពបែបនេះក៏ត្រូវគេមើលឃើញនៅលើផ្ទៃអាកាសនៃប្រទេសដទៃទៀតដូចជាស៊ុយអែត, ប៉ូឡូញ, ហុងគ្រី និងក្រូអាតជាដើម។
អ្នករស់នៅទូទាំងទ្វីបអឺរ៉ុបអាចមានឱកាសទស្សនាផ្ទាំងទស្សនីយភាពនេះ។ គ្រូបង្រៀននៅសាកលវិទ្យាល័យ រីតឌីង (Reading) ប្រាប់ថា ពន្លឺលេចឡើងជារង្វង់នេះកើតឡើងនៅពេលគ្រាប់រ៉ុកកែតចាប់ផ្ដើមស្ទុះឡើងទៅលើមេឃ និងផ្ដាច់ខ្លួនម្ដងមួយកង់ៗនៅដំណាក់កាលទីមួយ។ បន្ទាប់មករ៉ុកកែតដែលនៅសល់ក៏ចេះតែហោះឡើងទៅលើមេឃជាបន្តទៀត។
ផ្នែកដែលកាត់ផ្ដាច់ចេញនៃគ្រាប់រ៉ុកកែតម្ដងមួយកង់ៗនោះនឹងធ្លាក់ចុះមកផែនដីវិញ គឺនៅពេលធ្លាក់ចុះនោះហើយដែលវាបង្កើតជាពន្លឺផ្លេកៗដូចជាគ្រីស្ដាល់។ អ្នកស្រាវជ្រាវម្នាក់ប្រាប់ថា គ្រីស្តាល់នេះនៅពេលប៉ះជាមួយពន្លឺថ្ងៃក៏បង្កើតជាពន្លឺឆ្វាយរង្វេលដ៏ភ្លឺចិញ្ចាចពេញមេឃនេះឡើង៕
ប្រែសម្រួល៖ អន សំអាង