ថ្ងៃច័ន្ទ ទី២១ ខែមេសា ឆ្នាំ២០២៥

“Snow White” រកចំណូលសប្ដាហ៍ដំបូងបានតិចជាងការរំពឹងទុកខ្លាំង

២៥ មីនា ២០២៥ | កម្សាន្ដ

ភាពយន្តខ្នាតធំថ្មីរបស់ Disney គឺរឿងព្រះនាងព្រិលស ឬ “Snow White” Version មនុស្សសម្ដែងអាចរកចំណូលបានតិចជាងការរំពឹងទុកសម្រាប់ការបញ្ចាំងនៅសប្ដាហ៍ដំបូងដោយចំណូលនៅសហរដ្ឋអាមេរិកអាចរកបាន ៤៣ លានដុល្លារ។ 

 


ភាពយន្តខ្នាតធំថ្មីរបស់ Disney គឺរឿងព្រះនាងព្រិលស ឬ “Snow White” Version មនុស្សសម្ដែងអាចរកចំណូលបានតិចជាងការរំពឹងទុកសម្រាប់ការបញ្ចាំងនៅសប្ដាហ៍ដំបូងដោយចំណូលនៅសហរដ្ឋអាមេរិកអាចរកបាន ៤៣ លានដុល្លារ។

 


គិតទាំងចំណូលពីប្រទេសផ្សេងៗទូទាំងពិភពលោក ភាពយន្តដែលថតតាមគំនូរជីវចលដ៏ល្បីល្បាញកាលពីឆ្នាំ១៩៣៧មួយនេះអាចរកចំណូលបានប្រមាណ ៨៧ លានដុល្លារនៅសប្ដាហ៍ដំបូង ពោលគឺទាបជាងការរំពឹងទុករបស់ខាងផលិតកម្មដែលគិតថាភាពយន្តនេះអាចរកចំណូលបានយ៉ាងតិច ១០០ លានដុល្លារនៅសប្ដាហ៍ដំបូង។

 


ផ្អែកតាមសារព័ត៌មាន The Hollywood Reporter ភាពយន្ត “Snow White” ឆ្នាំ២០២៥ ត្រូវបានផលិតឡើងដោយចំណាយដើមទុនអស់ខ្ទង់ ២៧០ លានដុល្លារ និងបានចំណាយច្រើនជាង ១០០ លានដុល្លារទៀតសម្រាប់ការធ្វើទីផ្សារ ប៉ុន្តែបើមើលតាមសន្ទុះគាំទ្រនៅសប្ដាហ៍ដំបូង និងប្រតិកម្មរិះគន់ជាច្រើន គេយល់ថាភាពយន្តនេះអាចនឹងពិបាកក្នុងការរកចំណូលឱ្យបាន ៣០០ ឬ ៤០០ លានដុល្លារ។

 


ធៀបនឹងភាពយន្តដែលផលិតតាមគំនូរជីវចលផ្សេងៗទៀតរបស់ Disney រឿងនេះគឺជារឿងមួយដែលរកចំណូលសប្ដាហ៍ដំបូងបានតិចបំផុត ខណៈរឿងផ្សេងៗទៀតដូចជារឿងកូនដំរី “Dumbo” រឿងចង្កៀងទិព្វអាឡាដាំង ឬ “Aladdin”, រឿងម៉ៅឃ្លី “The Jungle Book”, រឿង “The Little Mermaid”, រឿង “Cinderella” និងរឿង “Beauty and the Beast” គឺសុទ្ធសឹងតែអាចរកចំណូលបានលើស ១០០ លានដុល្លារនៅសប្ដាហ៍ដំបូង។

 


គួរបញ្ជាក់ថា ភាពយន្ត “Snow White” ថ្មីនេះបានទទួលបានការមិនពេញចិត្តពីសំណាក់មហាជនតាំងពីមុនចាក់បញ្ចាំង ដូចជាពាក់ព័ន្ធការជ្រើសរើសតួអង្គព្រះនាងព្រិលសគឺតារាសម្ដែងឡាទីន Rachel Zegler (រ៉ាឆេល ហ្សេក្លឺ) ដែលត្រូវបានគេមើលឃើញថាមិនសូវស័ក្ដិសម ការកែប្រែសាច់រឿងខ្លះៗ និងមតិរិះគន់របស់តួឯកស្រីរូបនេះលើសាច់រឿងព្រះនាងព្រិលស Version ដើម ៕

 

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025