ថ្ងៃព្រហស្បតិ៍ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥

លោក ត្រាំ បាននិយាយថា លោក ពូទីន នឹងត្រូវធ្វើសម្បទានខ្លះៗដើម្បីបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន

២៧ កុម្ភៈ ២០២៥ | ព័ត៌មានអន្តរជាតិ

 

 

ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានបើកកិច្ចប្រជុំគណៈរដ្ឋមន្ត្រីលើកដំបូងរបស់លោកនៅសេតវិមានកាលពីថ្ងៃពុធ ចាប់តាំងពីលោកបានឡើងកាន់តំណែងកាលពីខែមករា។ នៅក្នុងកិច្ចប្រជុំនេះ លោក ត្រាំ បានលើកឡើងអំពីបញ្ហាសង្គ្រាមនៅអ៊ុយក្រែន ដែលមន្ត្រីរបស់លោកកំពុងតែបន្តស្វែងរកដំណោះស្រាយដើម្បីបញ្ចប់សង្គ្រាមដែលមានរយៈពេល៣ឆ្នាំមកនេះ។

 

 

ពាក់ព័ន្ធនឹងសង្គ្រាមនេះ លោក ត្រាំ និយាយថា សហរដ្ឋអាមេរិកនឹងមិនធ្វើការធានាសន្តិសុខសម្រាប់អ៊ុយក្រែននៅក្នុងកិច្ចព្រមព្រៀងណាមួយដើម្បីបញ្ចប់សង្គ្រាមជាមួយរុស្ស៊ីនេះឡើយ ប៉ុន្តែលោកទុកឱ្យអឺរ៉ុបជាអ្នកធ្វើរឿងនេះជំនួសវិញព្រោះពួកគេគឺជាអ្នកជិតខាងនឹងគ្នា ចំណែកអាមេរិកផ្ដោតលើកិច្ចព្រមព្រៀងយករ៉ែកម្រនៅអ៊ុយក្រែនតែប៉ុណ្ណោះ ប៉ុន្តែលោកជឿជាក់ថា អ្វីៗនឹងប្រព្រឹត្តទៅបានល្អ។

 

 

ទន្ទឹមនឹងនេះ លោក ត្រាំ ក៏បាននិយាយដែរថា លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ីនឹងត្រូវធ្វើសម្បទានខ្លះៗដែលជាផ្នែកមួយដើម្បីបញ្ចប់សង្គ្រាមនៅប្រទេសអ៊ុយក្រែននេះផងដែរ ប៉ុន្តែលោកមិនបានបញ្ជាក់ថាតើវាជាការធ្វើសម្បទានអ្វីខ្លះនោះទេដោយ លោកគ្រាន់តែនិយាយថា ប្រសិនបើលោកមិនបានជាប់ឆ្នោតជាប្រធានាធិបតីអាមេរិកទេ សង្គ្រាមនៅអ៊ុយក្រែននេះនឹងបន្តរយៈពេលយូរទៀត។

 

 

លោក ត្រាំ បាននិយាយដោយទទួលស្គាល់ថា ប្រជាជនអ៊ុយក្រែនគឺជាអ្នកប្រយុទ្ធដ៏ល្អ ប៉ុន្តែប្រសិនបើពួកគេគ្មានជំនួយឧបករណ៍យោធា និងគ្មានឧបករណ៍យោធារបស់អាម៉េរិកដែលល្អបំផុតលើពិភពលោកទេ ពួកគេក៏មិនអាចក្លាយជាអ្នកប្រយុទ្ធដ៏ល្អបានឡើយ៕

 

ប្រែសម្រួល៖ ប៉ិច ស៊ីនួន

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025