ថ្ងៃព្រហស្បតិ៍ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥

Lisa ត្រៀមឡើងសម្ដែងលើឆាក Oscar ជាមួយតារាអន្តរជាតិជាច្រើនទៀត

២៦ កុម្ភៈ ២០២៥ | កម្សាន្ដ

 

 

Lisa សមាជិកក្រុម BLACKPINK នឹងក្លាយជាតារាចម្រៀងខេប៉ុបដំបូងដែលបានឡើងសម្ដែងលើឆាកពានរង្វាន់អូស្កា ជាមួយតារាល្បីៗអន្តរជាតិជាច្រើនទៀតនៅថ្ងៃទី២ ខែកុម្ភៈ ខាងមុខនេះ។សមាជិកក្រុម BLACKPINK គឺ Lisa នឹងបង្កើតទំព័រប្រវត្តិសាស្ត្រថ្មីសម្រាប់វិស័យខេប៉ុប ដោយក្លាយជាតារាខេប៉ុបដំបូងគេដែលបានឡើងសម្ដែងលើឆាកប្រគល់ពានរង្វាន់ហូលីវូដ Oscar ឬ Academy Awards។

 


កាលពីថ្ងៃទី២៥ ខែកុម្ភៈ ស្ថាប័នបណ្ឌិត្យសភាសិល្បៈ និងវិទ្យាសាស្ត្រភាពយន្តអាមេរិកដែលជាអ្នករៀបចំកម្មវិធីអូស្កាបានប្រកាសឈ្មោះសិល្បករដែលនឹងឡើងសម្ដែងសម្រាប់កម្មវិធីឆ្នាំ២០២៥នេះ ដោយក្នុងនោះ Lisa នឹងឡើងសម្ដែងជាមួយចម្រៀងអាមេរិក Doja Cat និងតារាចម្រៀងអង់គ្លេស Raye (រ៉េ) ដោយតារាចម្រៀងស្រីទាំង ៣រូបទើបតែបញ្ចេញស្នាដៃរួមគ្នាក្នុងបទចម្រៀងថ្មីចុងក្រោយរបស់ Lisa មានចំណងជើងថា “Born Again” ចេញផ្សាយកាលពីថ្ងៃទី៦ ខែកុម្ភៈ។ 

 


ក្រៅពីនេះ កម្មវិធី Oscar ឆ្នាំ២០២៥ ក៏នឹងមានការចូលរួមសម្ដែងពីតារាសម្ដែងរឿង “Wicked” Cynthia Erivo (ស៊ីនធីអា អ៊ីរីវ៉ូ) និង Ariana Grande (អារីអាណា ក្រេនដេ) ព្រមទាំងតារារ៉េប Queen Latifah ផងដែរ។

 


គួរបញ្ជក់ថា ទាំង Cynthia Erivo និង Ariana Grande សុទ្ធតែមានឈ្មោះប្រកួតប្រជែងពានរង្វាន់អូស្កាឆ្នាំនេះសម្រាប់ការសម្ដែងរបស់ពួកគេនៅក្នុងភាពយន្តល្ខោនតន្ត្រី "Wicked" ដោយក្នុងនោះ Erivo មានឈ្មោះប្រកួតប្រជែងពានរង្វាន់តួឯកស្រីឆ្នើម ខណៈតារាចម្រៀង Ariana Grande មានឈ្មោះប្រកួតប្រជែងពានរង្វាន់អូស្កាលើកដំបូង ក្នុងផ្នែកតួរងស្រីឆ្នើម។

 


កម្មវិធីប្រគល់ពានរង្វាន់អូស្កាឬ Academy Awards លើកទី ៩៧ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២ ខែមីនា នៅមហោស្រព Dolby ទីក្រុង Los Angeles សហរដ្ឋអាមេរិក ត្រូវនឹងព្រឹកថ្ងៃទី៣ ខែមីនាម៉ោងនៅកម្ពុជា ៕ 

 

 

 


 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025