ថ្ងៃព្រហស្បតិ៍ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥

  Miss Global 2025 មកពី ៧៥ប្រទេសជុំវិញពិភពលោកនាំគ្នាធ្វើដំណើរទស្សនកិច្ចតំបន់ទេសចរណ៍នានានៅរាជធានីភ្នំពេញមុនប្រកូតផ្ដាច់ព្រ័ត្រ

២៦ កុម្ភៈ ២០២៥ | កម្សាន្ដ

 

គ្រាន់តែចប់ពិធីបំពាក់ឈៀងផ្លូវការភ្លាម ក្ខភាព Miss Global មកពី ៧៥ប្រទេសជុំវិញពិភពលោកនាំគ្នាធ្វើដំណើរទស្សនកិច្ចតំបន់ទេសចរណ៍សំខាន់ៗនៅរាជធានីភ្នំពេញ ដើម្បីប្រម៉ូតផ្សព្វផ្សាយពីសក្កានុពលកម្ពុជាបង្ហាញឱ្យពិភពលោកបានឃើញ មុនបន្តដំណើរទៅប្រកួតនៅថៃ។ពិធីបំពាក់ឈៀងផ្លូវការជូនបេក្ខភាពមកពី ៧៥ប្រទេសជុំវិញពិភពលោក នៃកម្មវិធី Miss Global 2024/2025 ត្រូវបានបញ្ចប់ទៅដោយជោគជ័យ ដោយតាមកាលវិភាគដែលបានកំណត់ទុក។

 

 

 គ្រាន់តែចប់ពិធីបំពាក់ឈៀងភ្លាម បេក្ខភាពផ្លូវការ Miss Global 2024/2025 បាននាំគ្នាធ្វើដំណើរទស្សនកិច្ចតំបន់ទេសចរណ៍សំខាន់ជុំវិញទីក្រុងភ្នំពេញ ដូចជា ព្រះបរមរាជវាំង , រង្វង់មូលវិមានឯករាជ្យ , សារៈមន្ទីរជាតិ ជាគោលដៅទេសចរណ៍ដ៏សំខាន់ដែលទេសចរណ៍បរទេសពុំដែលមើលរំលងគ្រប់ពេលធ្វើដំណើរមកកាន់ព្រះរាជាណាចក្រកម្ពុជា និងបានសាកល្បងភ្លក់ម្ហូបអាហារតាមផ្លូវ (street food) របស់ប្រជាជនកម្ពុជាឱជារសថែមទៀតផង។

 

 

ជាពិសេសគឺគ្រប់គ្នាបានភ្លក់រសជាតិនំបញ្ចុកខ្មែរ ដែលជាម្ហូបបង្ហាញពីអត្ថសញ្ញាណខ្មែរយើងតែម្តង។នេះគឺជាឆ្នាំទី១១ហើយ ដែលព្រឹត្តិការណ៍ប្រកួតសម្រស់ដ៏ធំលំដាប់អន្តរជាតិដែលបង្កើតឡើងនៅសហរដ្ឋអាមេរិកនេះត្រូវបានធ្វើឡើង ខណៈដែលកម្ពុជាធ្លាប់ធ្វើជាម្ចាស់ផ្ទះកាលពីអំឡុងឆ្នាំ ២០១៧ និងធ្លាប់ធ្វើសហម្ចាស់ផ្ទះកាលពីឆ្នាំ ២០២៣។

 

 

ជាថ្មីម្តងទៀតគឺក្នុងឆ្នាំ២០២៥នេះ ដែលកម្ពុជាយើងបានចូលរួមធ្វើជាសហម្ចាស់ផ្ទះជាមួយប្រទេសថៃស្វាគមន៍បេក្ខភាពមកពី ៧៥ប្រទេសជុំវិញពិភពលោក។កម្មវិធីប្រកួតនេះ ផ្តល់ផលចំណេញច្រើនសម្រាប់កម្ពុជា ពិសេសគឺជាឱកាសផ្សព្វផ្សាយពីសិល្បៈវប្បធម៌ និងសក្កានុពលរបស់កម្ពុជាទៅកាន់ពិភពលោក។ កម្មវិធីទាំងអស់ ត្រូវបានចាប់ផ្តើមពីថ្ងៃទី២៣ ខែកុម្ភៈដល់ថ្ងៃទី៣ខែមីនា ឆ្នាំ ២០២៥។

 

 

 រាជធានីភ្នំពេញ ជាបេះដូងនៃព្រះរាជាចក្រកម្ពុជាបានក្លាយជាទីកន្លែងស្វាគមន៍សំខាន់ផងដែរមានទាំងសារមន្ទីរជាតិកម្ពុជា ព្រះបរមរាជវាំង វត្តភ្នំ ទួលស្លែង ជើងឯក និងការបង្អួតពីអាហារ សិល្បៈវប្បធម៌។ បន្ថែមពីលើនោះ ក៏មានកម្មវិធីសប្បុរសធមជួយដល់មជ្ឈមណ្ឌលស្រី្តដែលមានវិបត្តិ ក្មេងកំព្រា និងសិស្សក្រីក្រ។ ចំណែក កម្មវិធីប្រកួតឈុតហែលទឹកត្រូវបានលុបចោល ដោយងាកមកធ្វើកិច្ចការងារសប្បុរធម៌នៅកម្ពុជាជំនួសវិញ។ 

 

 

រាជធានីភ្នំពេញ និងរម្មណីយដ្ឋានប្រវត្តិសាស្ត្រនៅខេត្តតាកែវ នឹងត្រូវជ្រើសរើស គឺប្រាសាទទន្លេបាទី នឹងត្រូវក្លាយជាទីតាំងសម្រាប់កញ្ញាឯកមកពីបណ្តាប្រទេសនានាទាំង៧៥ប្រទេសបង្ហាញឈុតតំណាងជាតិរបស់ខ្លួននៅទីនោះ។ កញ្ញា ឃុន ស្រីខួច បេក្ខភាពផ្លូវការតំណាងកម្ពុជាចូលរួមប្រកួតកម្មវិធីលំដាប់អន្តរជាតិនេះ ហើយនាងបានត្រៀមខ្លួនជាស្រេចសម្រាប់ការប្រកួត និងការស្វាគមន៍វត្តមានកញ្ញាឯកទាំងអស់ក្នុងនាមបវរកញ្ញាជាម្ចាស់ផ្ទះ។ 

 

 

គួររំឮកឱ្យដឹងផងដែរថា ផលិតកម្មមហាហង្ស ជាអ្នកទទួលបន្ទុករៀបចំការផលិតនៅកម្ពុជា ហេីយកម្ពុជានឹងចំណេញច្រើនពីការប្រកួតកម្មវិធីអន្តរជាតិនេះ ព្រោះតែបេក្ខភាពតំណាងឲ្យប្រទេសទាំង៧៥ នឹងធ្វើបទបង្ហាញការថតរូប ការចូលរួមសកម្មភាពសង្គម និងព្រឹត្តិការណ៍សំខាន់ៗដោយបានទាំងនាំយកនូវទិដ្ឋភាពដ៏ស្រស់ស្អាត អាហារដ៏ឈ្ងុយឆ្ងាញ់ ស្នាមញញឹមដ៏រួសរាយរាក់ទាក់របស់ប្រជាជនខ្មែរផ្ញើទៅកាន់ពិភពលោក។ 

 

ក្រោយពីបញ្ចប់សកម្មភាពបង្ហាញមុខ និងកម្មវិធីនានាបេក្ខភាពទាំងអស់នឹងបន្តធ្វើដំណើរទៅប្រទេសថៃនៅថ្ងៃទី៣ ខែមីនាឆ្នាំ ២០២៥ ដើម្បីបន្តការប្រកួតវគ្គបឋម (Preliminary Competition) និងវគ្គផ្តាច់ព្រ័ត្រ (Final Competition) នៅទីនោះតែម្តង។ ក្នុងនោះ បេក្ខភាពតំណាងកម្ពុជា កញ្ញា ឃុន ស្រីខួច ក៏ត្រៀមខ្លួនរួចរាល់ហើយសម្រាប់ការប្រកួតដ៏អស្ចារ្យនេះ ដោយរំពឹងថា នាងនឹងអាចដណ្តើមជយលាភីណាមួយជាមុខមាត់ជូនប្រទេសកម្ពុជា៕

 

 

អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច និងហ្វេសប៊ុក

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025