ថ្ងៃព្រហស្បតិ៍ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥

មហាសន្និបាតសហប្រជាជាតិ បានបោះឆ្នោតអនុម័តដំណោះស្រាយចំនួនពីរស្ដីពីវិបត្តិនៅអ៊ុយក្រែន

២៥ កុម្ភៈ ២០២៥ | ព័ត៌មានអន្តរជាតិ

 

 

មហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) បានបើកសម័យប្រជុំពិសេសបន្ទាន់លើកទី១១កាលពីថ្ងៃចន្ទ និងបានអនុម័តដំណោះស្រាយចំនួនពីរទាក់ទងនឹងវិបត្តិនៅអ៊ុយក្រែន។ ដំណោះស្រាយមួយគឺជារបស់អ៊ុយក្រែន ហើយមួយទៀតគឺជារបស់សហរដ្ឋអាម៉េរិក។ ដំណោះស្រាយរបស់អ៊ុយក្រែនស្ដីពី«ការជំរុញសន្តិភាពដ៏ទូលំទូលាយ យុត្តិធម៌ និងយូរអង្វែងនៅអ៊ុយក្រែន»ដែលទទួលការគាំទ្រពីបណ្ដាប្រទេសអឺរ៉ុបជាច្រើននោះបានទទួលសំឡេងគាំទ្រ៩៣ សំឡេងជំទាស់១៨ និងអនុប្បវាទ៦៥ដោយចិនបានបោះឆ្នោតអនុប្បវាទ រីឯអាម៉េរិក និងរុស្ស៊ីបានបោះឆ្នោតជំទាស់។

 

 

បន្ទាប់មក មហាសន្និបាតក៏បានបោះឆ្នោតអនុម័តដំណោះស្រាយរបស់អាម៉េរិកស្ដីពី«ផ្លូវទៅរកសន្តិភាព»ដោយទទួលសំឡេងគាំទ្រ៩៣ទល់នឹង៨សំឡេង និងសំឡេងអនុប្បវាទ៧៣រួមទាំងចិន អាម៉េរិក និងអ៊ុយក្រែនផងដែរក្រោយពីបានធ្វើការកែប្រែចំណុចមួយចំនួន។ នៅថ្ងៃដដែលនោះ ក្រុមប្រឹក្សាសន្តិសុខសហប្រជាជាតិទាំង១៥រូបក៏បានបោះឆ្នោតអនុម័តសេចក្ដីព្រាងដំណោះស្រាយរបស់អាម៉េរិកនេះដែរក្នុងសំឡេងគាំទ្រចំនួន១០ ខណៈ៥រូបទៀតបានបោះឆ្នោតអនុប្បវាទដើម្បីចាត់វិធានការអព្យាក្រឹតលើជម្លោះនៅអ៊ុយក្រែន ខណៈលោក ដូណាល់ ត្រាំ ប្រធានាធិបតីអាម៉េរិកកំពុងបន្តស្វែងរកសន្តិភាព។

 

 

លោកស្រី ដូរ៉ូធី សៀ (Dorothy Shea) ឯកអគ្គរដ្ឋទូតស្តីទីរបស់អាម៉េរិកប្រចាំក្រុមប្រឹក្សានេះបាននិយាយថា ដំណោះស្រាយនេះធ្វើឱ្យពួកគេដើរលើផ្លូវទៅរកសន្តិភាព ដូច្នេះហើយពេលនេះពួកគេត្រូវតែប្រើប្រាស់វាដើម្បីកសាងអនាគតសន្តិភាពសម្រាប់អ៊ុយក្រែន រុស្ស៊ី និងសហគមន៍អន្តរជាតិទាំងមូល៕

 

ប្រែសម្រួល៖ ប៉ិច ស៊ីនួន

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025