ថ្ងៃព្រហស្បតិ៍ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥
ថ្ងៃព្រហស្បតិ៍ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥
តារាសម្តែងរាយរង និងជាតួអមឆាកដែលត្រូវបានគេមើលងាយនាពេលកន្លងមកនោះ ពេលនេះ រី ស្រីនេត បានក្លាយទៅជាតួឯកស្រីដែលមានតម្លៃខ្លួនខ្ពស់សមតាមបំណងប្រាថ្នាហើយ ។ពេលនេះតារាសប្បុរស្រអែម រី ស្រីនេត ដែលជាអតីតលំដាប់រងទី១ Miss Grand Cambodia 2024 បានផ្លាស់ប្តូរខ្លួនឯងថ្មីគ្រប់បែបយ៉ាង រហូតបានក្លាយទៅជាតួឯកស្រីដែលទទួលបានតម្លៃខ្លួនខ្ពស់ដូចក្តីរំពឹង បន្ទាប់ពីបានតស៊ូអស់ពេលដ៏ខ្លី ។
កញ្ញាដែលជាបវរកញ្ញា សប្បុរខ្មៅស្រអែម និងមានជីវភាពលំបាក រកតែម៉ូតូជិះទៅធ្វើការនិងគេមិនបាននោះបានផ្លាស់ប្តូរខ្លួនឯងទាំងស្រុងហើយ ទាំងសម្រស់ និង តំណែងនៅក្នុងវិស័យសិល្បៈ បន្ទាប់ពីនាងបានតស៊ូ ក្នុងវិស័យនេះយ៉ាងលំបាក និងត្រូវបានគេមើលងាយ និងមិនសូវឱ្យតម្លៃ ។តារាសម្តែងរូបនេះបានឱ្យដឹងថា ចូលឆ្នាំ២០២៥ជីវិតនាងប្រែប្រួលហើយ បំណងចង់ក្លាយទៅជាតួឯកស្រីក៏បានក្លាយទៅជាការពិតដែរ ដោយនាងកំពុងទទួលថតរឿងភាគ និង រឿងដុំជាច្រើនឱ្យផលិតកម្មក្នុងស្រុក ។
នាងពិតជារំភើបចិត្តខ្លាំងណាស់នៅពេលដែលជីវិតក្មេងស្រីធម្មតាម្នាក់ អាចក្លាយទៅជាតូឯកស្រីដូចជារៀមច្បង ។ជាមួយនិងការឈានជើងឡើងតំណែងតួឯកស្រីនេះ រី ស្រីនេត ក៏បានទទួលស្គាល់ផងដែរ នាងទទួលបានតម្លៃខ្លួនខ្ពស់មួយគុណនិងបីដង បើប្រៀបធៀបកាលពីនាងមិនទាន់ល្បីល្បាញ តែទោះជាយ៉ាងណានាងនៅតែរក្សាជំហររបស់ខ្លួន មិនប្រកាន់ចរិតតួឯក សំខាន់ឱ្យតែគេហៅថត និងទទួលបានប្រាក់ចំណូលចិញ្ចឹមជីវិត ។
គួរំលឹកផងដែរថា កញ្ញា រី ស្រីនេត ក៏ធ្លាប់សម្តែងនៅក្នុងរឿងភាគរបស់ ភីអិនអិន ផងដែរនាពេលកន្លងមក ជីវិតរបស់នាងចាប់ផ្តើមប្រែប្រួលខ្លាំងបន្ទាប់ពីជាប់លំដាប់រងទី ១ ពីការប្រកួត Miss Grand Cambodia 2024 ។ មិនត្រឹមតែក្លាយទៅជាតួឯក នាងថែមទាំងបានការងារថតស្ពត និងធ្វើជា BA ទទួលបានតម្លៃខ្លួនខ្ពស់ជាងមុន ។
ស្របពេលដែលកំពុងជោគជ័យក្នុងជីវិត កញ្ញា រី ស្រីនេត ថែមទាំងបានចែករំលែកនិងបានផ្តាំផ្ញើរទៅកាន់ប្អូនៗជំនាន់ក្រោយដែលមានការខ្វះខាត កុំអាល់អស់សង្ឃឹមក្នុងជីវិត ត្រូវតស៊ូតាមរកក្តីស្រមៃខ្លួន ប្រៀបដូចជារូបនាងជាដើម... ជាកូនអ្នកខេត្តដែលមានជីវភាពខ្វះខាត គ្មានម៉ូតូជិះ គ្មានអ្នកជួយជ្រោមជ្រែង ប៉ុន្តែនាងបានតស៊ូរហូតបានសម្រេច ៕
អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ ភីអិនអិន