ថ្ងៃព្រហស្បតិ៍ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥
ថ្ងៃព្រហស្បតិ៍ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥
ប្រធានាធិបតីអ៊ុយក្រែន លោក ហ្សឺឡិនស្គី បាននិយាយកាលពីថ្ងៃអាទិត្យថា ការដាក់ពង្រាយកងទ័ពរបស់អាមេរិកនៅអ៊ុយក្រែនគឺជារឿងសមហេតុផល ប្រសិនបើកិច្ចព្រមព្រៀងរ៉ែរវាងប្រទេសទាំងពីរត្រូវបានចាត់ទុកជាការធានាសន្តិសុខ។ ប៉ុន្តែកិច្ចព្រមព្រៀងរ៉ែនេះមិនអាចសម្រេចបានឡើយប្រសិនបើអាមេរិកបានស្នើឱ្យអ៊ុយក្រែនផ្ដល់កិច្ចព្រមព្រៀងអាជីវកម្មរ៉ែកម្រជាថ្នូរនឹងការសងប្រាក់ ដែលទីក្រុងវ៉ាស៊ីនតោនបានជួយដល់អ៊ុយក្រែនក្នុងសង្គ្រាមកន្លងមកនោះ។
សូមរំលឹកថា ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយថា អ៊ុយក្រែនគួរតែសងប្រាក់ចំនួន៥០០ពាន់លានដុល្លារអាម៉េរិកជាថ្នូរនឹងការផ្ដល់វត្ថុធាតុដើមសំខាន់ៗសម្រាប់ជំនួយដែលទីក្រុង កៀវ បានទទួលរួចហើយពីរដ្ឋបាលរបស់លោក ចូ បៃដិន។ លោក ហ្សឺឡិនស្គី បានបដិសេធមិនចុះហត្ថលេខាលើសំណើលម្អិតរបស់សហរដ្ឋអាមេរិកកាលពីសប្តាហ៍មុនដែលនឹងឃើញទីក្រុងវ៉ាស៊ីនតោនទទួលបាន៥០%នៃសារធាតុរ៉ែសំខាន់ៗរបស់អ៊ុយក្រែនរួមមានរ៉ែក្រាហ្វ៊ីត រ៉ែអ៊ុយរ៉ាញ៉ូម រ៉ែទីតានីញ៉ូម និងរ៉ែលីចូមដែលជាសមាសធាតុដ៏សំខាន់សម្រាប់បង្កើតអាគុយឬថ្មរថយន្តអគ្គិសនី។
លោក ហ្សឺឡិនស្គី បាននិយាយថា លោកចង់សម្រេចកិច្ចព្រមព្រៀងមួយដែលជាថ្នូរនឹងការផ្តល់ការធានាសន្តិសុខសម្រាប់អ៊ុយក្រែន ប៉ុន្តែមិនមែនជាកិច្ចព្រមព្រៀងមួយដែលនឹងធ្វើឱ្យពលរដ្ឋអ៊ុយក្រែន១០ជំនាន់ត្រូវសងបំណុលនោះទេ។ លោក ហ្សឺឡិនស្គី ក៏បានបញ្ជាក់ដែរថា អ៊ុយក្រែននៅមិនទាន់ទទួលបានជំនួយយោធាអាមេរិកដែលបានសន្យាចំនួនប្រហែល១៥ពាន់លានដុល្លារទៀតនៅឡើយទេ៕
ប្រែសម្រួល៖ ប៉ិច ស៊ីនួន