ថ្ងៃព្រហស្បតិ៍ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥
ថ្ងៃព្រហស្បតិ៍ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥
ទើបតែបានសម្តែងក្នុងភាពយន្តខ្នាតធំលើកដំបូងក្នុងតំណែងតួឯកស្រី ណាន ណាន នៅតែមិនប្រកាន់ខ្លូន និងទទួលសម្តែងក្នុងតម្លៃខ្លួនដូចដើម ។ កូនស្រីរបស់តារាកំប្លែងល្បីឈ្មោះ ស្រីអុីត គឺកញ្ញា ណាន ណាន បានទទួលស្គាល់ថា បន្ទាប់ពីមានវត្តមាននៅក្នុងរឿងដុំរបស់ផលិតកម្ម LD កាលពីពេលថ្មីៗនេះហើយ កាន់តែធ្វើឱ្យកេរ្តិ៍ឈ្មោះនាងល្បីល្បាញនិងមានតម្លៃខ្លួនខ្ពស់ ប៉ុន្តែអ្វីដែលនាងមិនប្រែប្រួលនោះ គឺចរិតក៏ដូចជាតម្លៃនៃការថតភាពយន្ត ។
តារាវ័យក្មេងរូបនេះ កំពុងឆកបេះដូងអ្នកគាំទ្រជាច្រើនឱ្យបាក់ស្រឡាញ់ និងចូលរួមគាំទ្រស្នាដៃរបស់នាង បន្ទាប់ពីមានវត្តមាននៅក្នុងរឿង « ១៤ កុម្ភះ » របស់ផលិតកម្ម LD ។
ថ្វីដ្បិតតែរឿងនោះជាស្នាដៃធំលើកដំបូងរបស់នាងប៉ុន្តែនាងធ្វើបានយ៉ាងល្អ សូម្បីតែអ្នកដឹកនាំរឿងក៏លាន់មាត់សរសើរមិនដាច់ពីមាត់ ។ កញ្ញា ណាន ណាន បានបញ្ជាក់ប្រាប់ថា ពេលនេះកេរ្តិ៍ឈ្មោះរបស់នាងល្បីល្បាញកាន់តែខ្លាំង ហើយមានអ្នកហៅថតជាបន្តបន្ទាប់ ។
ទន្ទឹមនឹងភាពល្បីល្បាញនេះស្រាប់តែមានព័ត៌មានថា កញ្ញា ណាន ណាន បានតម្លើងតម្លៃខ្លួនខ្ពស់ភ្លាមៗទៅលើការងារថតភាពយន្ត និងថតផលិតផលនានា ខុសប្លែកពីសព្វដង ។ ចំពោះរឿងនេះ កញ្ញា ណាន ណាន បានឱ្យដឹងថា មិនថានាងល្បីឬមិនល្បីតម្លៃខ្លួនាងនៅតែរក្សាដដែល ។
ឆ្នាំ២០២៥ នេះកញ្ញា ណាន ណាន កាន់តែមានប្រជាប្រិយភាពខ្ពស់ដែលអាចឆក់យកបេះដូងអ្នកគាំទ្របានច្រើនមិនចាញ់តារាអាជីពប៉ុន្មានឡើយ ។ ក្រៅពីអាជីពសម្តែងកញ្ញា ណាន ណាន ក៏ជាអ្នកបង្កើតមាតិកាប្លែកៗដែលមានអ្នកគាំទ្រច្រើនផងដែរ ជាពិសេសបន្ទាប់ពីនាងចាប់ដៃគូជាមួយ នាយ ចឺម ដែលជាបងប្អូនជីដូនមួយ ផលិតជាវិដេអូខ្លីៗមក កេរ្តិ៍ឈ្មោះនាងកាន់តែល្បីរន្ទឺឡើង ៕
អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ អ៊ិន អាត