ថ្ងៃព្រហស្បតិ៍ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥

ចេញទៅប្រកួតលើឆាកអន្តរជាតិជាថ្មី ជា រ៉ាយម៉ុន  ថានឹងមិនធ្វើឱ្យអ្នកគាំទ្រខកបំណងទេ ក្រោយពង្រឹងសមត្ថភាពទាំងនេះបាន..

១៨ កុម្ភៈ ២០២៥ | កម្សាន្ដ

 

 

ស្ងាត់ៗកំលោះសង្ហា ជា រ៉ាយម៉ុន ត្រឡប់មកប្រកួតបុរសឯកម្តងទៀត ថែមទាំងក្តោបតំណែង Mr. World Cambodia 2025 ជាកម្មវិធីដែលបុរសឯកជាច្រើនប៉ងចង់បានតំណែងនេះ។

 

 

ស្របពេលកំពុងកាក់កបអាជីពជាពិធីករតាមកម្មវិធីជាតិ-អន្តរជាតិធំៗ កំលោះសង្ហា ជា រ៉ាយម៉ុន ស្រាប់តែប្រកាសខ្លួនមកអង្រួនវិស័យបុរសឯកម្តងទៀត ដោយលោកត្រូវបានស្ថាប័ន Cambodia International Models (CIM) ជ្រើសតាំងជា Mr. World Cambodia 2025 ត្រៀមតំណាងកម្ពុជាឆ្ពោះទៅការប្រកួតអន្តរជាតិនាចុងឆ្នាំ២០២៥ ខាងមុខនេះ។

 

 

ការប្រកាសត្រឡប់មកប្រកួតកម្មវិធីបុរសឯករបស់ កំលោះសង្ហារូបនេះ ធ្វើឱ្យមហាជនភ្ញាក់ផ្អើលជាខ្លាំង ដោយពុំនឹកស្មានថា លោកនឹងត្រឡប់មកវិញក្នុងឆ្នាំ២០២៥នេះឡើយ។ ម៉្យាង Mr. World ជាកម្មវិធីបុរសឯកដ៏លំដាប់អន្តរជាតិដែលកំលោះៗជាច្រើនប៉ងចង់ក្លាយជាម្ចាស់ខ្សែឈៀងតំណាងកម្ពុជា។

 

 

ទោះបីពេលនេះស្ថាប័នអន្តរជាតិពុំទាន់បញ្ជាក់ទីតាំង និងកាលបរិច្ឆេទនៃការកម្មវិធីប្រកួត ក៏បុរសសាច់សរខ្ចីដូចបណ្តូលចេក រ៉ាយម៉ុន មើលទៅមានជំនឿចិត្តខ្ពស់ក្នុងប្រកួតប្រជែងដណ្តើមភាពជោគជ័យពីវេទិកាអន្តរជាតិ ខណៈដែលហ្វេនៗអ្នកនិយមគាំទ្រវិស័យបវរកញ្ញា-បុរសឯកនៅកម្ពុជាក៏នាំគ្នាបង្ហាញសុទិដ្ឋិនិយមលើអ្នកកំលោះនេះ ព្រោះតែប្រវត្តិការប្រកួតកន្លង និងបទពិសោធន៍ការងារដ៏ក្រាស់ក្រែលរបស់លោក។ 

 

 

គួររំឮកផងដែរថា កំលោះសង្ហាមុខមានមន្តស្នេហ៍ ជា រ៉ាយម៉ុន ចាប់លេចមុខក្នុងរង្វង់សិល្បៈអំឡុងឆ្នាំ២០២០ តាមរយៈការងារជាតារាបង្ហាញម៉ូដចំណុះក្រោមស្ថាប័ន Cambodia International Models។ ក្រោយមកលោកក៏បានបង្ហាញខ្លួនតាម MV ចម្រៀង និងស៉្បតពាណិជ្ជកម្មមួយចំនួន រួចទើបចាប់ផ្តើមវិវត្តន៍ខ្លួនធ្វើជាពិធីកររហូតមកទល់បច្ចុប្បន្ន។ 

 

 

អតីតគ្រូបង្រៀនភាសាអង់គ្លេសនៅ IFL រូបនេះ ធ្វើឱ្យគ្រប់គ្នាភ្ញាក់ផ្អើលខ្លាំងមែនទែន ដោយសារសមត្ថភាពធ្វើពិធីករអង់គ្លេស រហូតក្តោបក្តាប់ទីផ្សារយ៉ាងឆាប់រហ័ស។ កន្លងមក រ៉ាយម៉ុន ធ្លាប់លេចមុខធ្វើពិធីករកម្មវិធីជាតិ-អន្តរជាតិជាហូរហែរ សូម្បីតែពិធីករភាសាចិនក៏លោកធ្វើបានយ៉ាងល្អដូចគ្នា រហូតមានឱកាសរួមការងារជាមួយរៀមច្បងល្បីៗក្នុងអាជីពពិធីករ។

 

 

ទៀតសោត កាលពីអំឡុងឆ្នាំ២០២២ លោកត្រូវបានតែងតាំងជា Mister Glam Cambodia 2022 និងបានចេញទៅប្រកួតកម្មវិធីអន្តរជាតិ Mister Glam International 2022 នៅប្រទេសហ្វីលីពីន ដោយកាលនោះលោកបានឈ្នះតំណែង Mister Glam International Humanity 2022 ថែមទាំងផង។ ដោយឡែក ការក្លាយជា Mr. World Cambodia 2025 គេជឿជាក់ថា លោកនឹងធ្វើបានល្អក្នុងការប្រកួតអន្តរជាតិ ដោយសារអ្នកកំលោះនេះជាមនុស្សម្នាក់ដែលមានការតាំងចិត្តខ្ពស់ ដូច្នេះបើសម្រេចចិត្តចូលប្រកួតហើយ ដាច់ខាតត្រូវតែដណ្តើមជយលាភីណាមួយឱ្យបាន៕


 

អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច និងភីអិនអិន

 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025