ថ្ងៃសុក្រ ទី១៤ ខែមីនា ឆ្នាំ២០២៥

ក្រុមការងារផលិតទូទាំងប្រទេស ចិន មានមោទនភាពដែល Ne Zha 2 បង្កើតប្រវត្តិសាស្ត្រ

១២ កុម្ភៈ ២០២៥ | កម្សាន្ដ

 

ភាពយន្តគំនូរជីវចល "Ne Zha 2" បានក្លាយជាភាពយន្តរកចំណូលបានខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រចិន និងបំបែកកំណត់ត្រាពិភពលោកជាច្រើនទៀត ក្រោមការខិតខំសហការផលិតដោយក្រុមហ៊ុនគំនូរជីវចលជាង ១០០ និងអ្នកជំនាញ ៤០០០ នាក់នៅទូទាំងប្រទេសចិន។

 


ក្រុមហ៊ុន Beacon (ប៊ីខន់) ដែលជាវេទិកាលក់សំបុត្រកុនធំរបស់ចិន បានឱ្យដឹងថាភាពយន្ត "Ne Zha 2" (ណាចាវគ្គ២) អាចរកចំណូលបានជាង ១១៥០ លានដុល្លារអាមេរិក គិតត្រឹមដើមសប្ដាហ៍នេះ ធ្វើឱ្យរឿងនេះក្លាយជាភាពយន្តអាស៊ីដំបូងគេ និងជាភាពយន្តមិនមែនហូលីវូដតែមួយគត់ដែលបានជាប់ក្នុងចំណាត់ថ្នាក់កំពូល ៣០ នៅលើតារាង Box Office ពិភពលោក។

 


ការបំបែកកំណត់ត្រានេះ ធ្វើឱ្យ "Ne Zha 2" បានជោគជ័យមិនត្រឹមតែផ្នែកចំណូលប៉ុណ្ណោះទេ ប៉ុន្តែក៏ជាជាបាតុភូតវប្បធម៌ ដែលបញ្ជាក់បន្ថែមអំពីសមត្ថភាពរបស់ប្រទេសចិនក្នុងការផលិតខ្សែភាពយន្តដែលអាចទាក់ទាញទាំងអ្នកទស្សនាក្នុងស្រុក ខណៈបង្ហាញពីសក្តានុពលការទាក់ទាញជាសកលថែមទៀត។

 


ការផលិតភាពយន្ត "Ne Zha 2" មានការខិតខំប្រឹងប្រែងយ៉ាងខ្លាំងពីក្រុមហ៊ុនគំនូរជីវចលចំនួន ១៣៨ ដែលក្នុងចំណោមនោះមានក្រុមហ៊ុនចំនួន ១៣ មានមូលដ្ឋាននៅខេត្ត ជាំងស៊ូ ភាគខាងកើតប្រទេសចិន។ ខ្សែភាពយន្តនេះមានឈុតឆាកសរុប ២៤២៧ ឈុត ជាមួយនឹងបច្ចេកទេសពន្លឺដ៏គួរឱ្យភ្ញាក់ផ្អើល និងការរចនាដ៏ស្មុគ្រស្មាញដែលទាក់ទាញទស្សនិកជន។

 


ក្នុងនោះ ក្រុមហ៊ុន Suzhou (ស៊ូចូវ) Red Whale Film and Television Culture Communication ដែលជាក្រុមហ៊ុនសហការផលិតធំជាងគេ បានទទួលខុសត្រូវលើការផលិតមួយភាគបួននៃភាពយន្ត រួមមានការរចនាតួអង្គ ឆាក និងបច្ចេកទេសពន្លឺ ដោយប្រើប្រាស់អ្នកបង្កើតគំនូរជីវចលចំនួន ១៦០ នាក់ក្នុងរយៈពេល ២៦ ខែ ដើម្បីផលិតផ្នែករបស់ពួកគេ។

 


ក្រៅពីនេះក្រុមហ៊ុន Nanning Four-leaf Clover Cultural Communication Co., Ltd គឺជាអ្នកចូលរួមម្នាក់ទៀតដែលបានរួមចំណែកបង្កើតរូបភាព 3D នានានិងតួអង្គគំនូរជីវចល។អ្នកចូលរួមផលិតបាននិយាយថាលើសពីភាពជោគជ័យលើតារាង Box Office ភាពយន្ត "Ne Zha 2" ក៏បានបង្ហាញពីថាមពលនៃការរួមបញ្ចូលវប្បធម៌ប្រពៃណីចិនជាមួយនឹងការនិទានរឿងបែបទំនើបផងដែរ ៕
 

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025